បន្ទាប់ពីភ្ញាក់ពីគេង អ្នកអាចមានអារម្មណ៍ថានឿយហត់បន្តិច ប៉ុន្តែវាជារឿងធម្មតានោះទេ ព្រោះនៅក្នុងខ្លួនប្រាណរបស់អ្នកត្រូវការពេល ៣ ទៅ ៤ នាទី ដើម្បីឱ្យខួរក្បាល និងរាងកាយរបស់អ្នកភ្ញាក់ឡើង នេះបើយោងតាម Healthline ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានអារម្មណ៍ថានឿយហត់ខ្លាំង បន្ទាប់ពីអ្នកភ្ញាក់ពីគេងជាប្រចាំនោះ វាអាចជាសញ្ញាថា អ្នកមានបញ្ហាអ្វីមួយកើតឡើងហើយ។ របបអាហារមានតួនាទីយ៉ាងសំខាន់ក្នុងការគេងរបស់អ្នកព្រោះវាអាចរារាំងអ្នកពីការអស់កម្លាំងនៅពេលព្រឹកបាន។ ជាតិកាហ្វេអ៊ីន គឺជាសារធាតុរំញោចមួយ ប្រសិនបើអ្នកទទួលទានវាច្រើនពេក មុនចូលគេង នោះអ្នកប្រហែលជាមានការពិបាកក្នុងការគេង ឬធ្វើឲ្យអ្នកគេងមិនលក់។ គ្រឿងស្រវឹង ក៏ជាកត្តាមួយទៀត ដែលធ្វើឲ្យអ្នកមិនអាចមានការគេងលក់បានស្រួលផងដែរ។ ចំណែកឯ ថ្នាំ sedative វាអាចបណ្តាលឱ្យអ្នកភ្ញាក់ញឹកញាប់នៅពេលយប់ ដែលធ្វើឲ្យអ្នកមិនអាចគេងលក់បានស្កប់ស្កល់ដូចគ្នា នេះបើយោងតាម ClevelandClinic ការរំខានទាំងនេះអាចនាំឱ្យមានអារម្មណ៍អស់កម្លាំងនៅពេលព្រឹក។
បរិយាកាសនៃការគេងរបស់អ្នក បរិយាកាសមិនល្អ អាចបង្កគ្រោះថ្នាក់ដល់របៀបគេងរបស់អ្នក។ ប្រសិនបើអ្នកក្រោកពីគេងអស់កម្លាំង ឬផ្នែកខ្លះនៃរាងកាយរបស់អ្នកឈឺ នោះប្រហែលជាបណ្តាលមកពីគ្រែ ឬពូករបស់អ្នក។ ភាគច្រើន ពូករបស់អ្នកគួរតែទ្រទ្រង់ឆ្អឹងខ្នងរបស់អ្នកបានល្អ ប៉ុន្តែបើពូករបស់អ្នកទន់ពេក អាចនាំឱ្យឈឺខ្នង និងក។ ហើយពូកដែលរឹងពេក អាចនាំឱ្យមានការឈឺចាប់នៅត្រង់ស្មា ជង្គង់ និងខ្នង។ ប្រសិនបើខ្នើយរបស់អ្នកខ្ពស់ពេក ឬរាបពេក វាអាចធ្វើឱ្យក និងក្បាលរបស់អ្នកមិនត្រូវគ្នា ដែលអាចនាំឱ្យគេងមិនលក់ ឬភ្ញាក់ឡើងអស់កម្លាំង និងឈឺខ្លួន នេះបើយោងតាម The Sleep Doctor ។ ប្រសិនបើបន្ទប់គេងរបស់អ្នកក្តៅពេក ឬត្រជាក់ពេកវាអាចបណ្តាលឲ្យអ្នកគេងមិនបានស្កប់ស្កល់នោះទេ។
ការសិក្សាជាច្រើនបានបង្ហាញថា សីតុណ្ហភាពត្រជាក់ល្មម ក៏បានរួមចំណែកដល់ការគេងរបស់អ្នកឲ្យបានល្អប្រសើរឡើងផងដែរ (យោងតាម Healthline)។ ប៉ុន្តែ ប្រសិនបើអ្នករកឃើញថា ការកែប្រែបញ្ហាទាំងអស់នេះ មិនអាចជួយឱ្យអ្នកមានអារម្មណ៍ធូរស្រាលនៅពេលព្រឹកនោះទេ អ្នកគួរតែពិភាក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីដោះស្រាយបញ្ហារបស់អ្នក៕