មានរឿងស្មានមិនដល់មួយបានកើតឡើងនៅលើបណ្តាញសង្គម Tik Tok ព្រោះក្រោយពេលបទចំរៀងចុងប៉ូចគេបង្អស់ J+O2 នៃអាល់ប៊ុម Skull 2 របស់លោកវណ្ណដាបានបែកធ្លាយមិនបានប៉ុន្មានផង បទចំរៀងរបស់លោកវណ្ណដាមួយបទទៀតក៏បានបែកធ្លាយឡើងជាថ្មីម្តងនៅលើ TikTok ជាបន្តបន្ទាប់គ្នាធ្វើអោយមហាជនផ្ទុះការភ្ញាក់ផ្អើលខ្លាំងមែនទែនថាតើមានរឿងអ្វីកើតឡើងអោយប្រាកដទើបធ្វើអោយបទចំរៀងជាបន្តបន្ទាប់របស់លោកវណ្ណដាអាចអោយជនទី៣លួចបញ្ចេញបានដោយសេរីយ៉ាងដូច្នេះ។ យ៉ាងណាមិញមហាជនដែលបានស្តាប់បទចំរៀងនោះហើយក៏បាននាំគ្នាធ្វើការសន្និដ្ឋានខ្លះៗទាក់ទងទៅលើបទចំរៀងថ្មីមិនស្គាល់ចំណងជើងមួយនោះ។
ម្នាក់ៗមិនធ្លាប់បានលឺលោកវណ្ណដាបង្ហើបខ្លះៗទាក់ទងពីបទនេះពីមុនមកទេ ហើយពួកគេសន្និដ្ឋានឡើងថាបទចំរៀងមួយនេះប្រហែលជាត្រូវបានសរសេរឡើងតាំងពីសម័យកាលនៃការបិទទីក្រុងដោយសារការរាតត្បាតនៃជំងឺកូវីតមកម្ល៉េះយោងទៅតាមប៉ារ៉ូលចំរៀងដែលសរសេររៀបរាប់ឡើង។ ម្យ៉ាងវិញទៀតផងដែរ លោកវណ្ណដាក៏បានអោយសញ្ញាតាមរយៈបទចំរៀងនោះថានៅក្នុងគ្រាដ៏គួរអោយធុញទ្រាន់នៃសម័យកាលបិទខ្ទប់ទីក្រុងនោះផងដែរលោកបានខិតខំធ្វើការជារៀងរាល់ថ្ងៃដោយប្រើប្រាស់ខួរក្បាលមិនស្រាកស្រាន្តរហូតអាចធ្វើបានដល់ទៅ៣អាល់ប៊ុម។
នេះសញ្ជាក់អោយឃើញថា បទចំរៀងមួយនេះត្រូវបានសរសេរឡើងនៅស្របពេលដែលលោកកំពុងផលិតអាល់ប៊ុម Skull ទាំងបីរដូវកាល។ រួមមកកាលអាកាសនៃបទចំរៀងមួយនេះគឺបានបង្ហាញឡើងពីជីវិត និងការប្រឹងប្រែងតស៊ូរស់នៅក្នុងសម័យកាលនៃការរាតត្បាតមេរោគកូវីត ដែលអាចនិយាយបានថាមូលហេតុនេះហើយដែលវាមិនសក្តិសមសំរាប់ចេញផ្សាយនៅក្នុងអាល់ប៊ុម Skull1 និង Skull2 ខណៈពេលដែលសម័យកាលកូវីតត្រូវបានកន្លងផុតសន្មត់បានថាទើបបទចំរៀងមួយនេះប្រហែលត្រូវបានដកចេញពីអាល់ប៊ុមទាំងពីរ។ ប៉ុន្តែយើងនៅមិនទាន់ដឹងច្បាស់នៅឡើយទេថាតើលោកវណ្ណដានឹងអាចសំរេចចិត្តដាក់បទនេះចូលទៅក្នុងអាល់ប៊ុម Skull3 រដូវកាលទី៣ដែររឺទេ? និងមូលហេតុអ្វីទើបបទនេះត្រូវបានបែកធ្លាយឡើង?