ចម្រៀងអាចជាបាលីសំរាប់ទុកខ្ជះព្រួញ មិនខុសពីត្រូវការអណ្តាតសំរាប់ទុកគ្រលាស់ព្រួសពិសនោះទេ ជាក់ស្តែងកាលពីពេលថ្មីៗនេះក្រោយពីលោកជីដេវីតទើបតែបានបញ្ចប់កម្មវិធីប្រគំតន្រ្តី PS2xវ និងការទទួលតំណែងថ្មីជាទូតសុឆន្ទៈនៃស្រាបៀដល់ទៅពីរទាំង Vattanak Beer និង Dragon Beer លោកជីដេវីតក៏បានចែករំលែកពត៌មាននៃការប្រកាសចូលរបស់ខ្លួនជាផ្លូវការកាលពីថ្ងៃទី៥ ខែមករាកន្លងទៅនេះផងដែរនៅលើបណ្តាញសង្គម។
ដោយមានការអបអរសាទរជាច្រើនពីបណ្តាអ្នកគាំទ្រដ៏ច្រើនលើសលប់របស់លោក តែត្រីក្នុងបឹងកាន់តែច្រើនច្បាស់ណាស់គឺមិនអាចមានត្រឹមមួយប្រភេទ ដោយមាន Anti-Fan របស់លោកម្នាក់បានចូលមកបញ្ចេញមតិក្រោមការបង្ហោះរបស់លោកថា«គេវិវឌ្ឍន៍ជាបុរសពិត អ្នកឯងវិញវិវឌ្ឍន៍ជាស្រ្តី» ហើយទទួលបានការចុចចូលចិត្តជាច្រើនផងដែរ ដោយការគាំទ្រមួយនេះក៏ព្រោះតែតាមពិតទៅវាជាឃ្លាចំរៀងនៅក្នុងបទចម្រៀងមួយបទរបស់លោកវណ្ណដាដែលមានចំណងជើងថា«CODA» ប៉ុណ្ណោះ ថ្វីបើវាត្រឹមជាទំនុកច្រៀងក្តី ក៏លោកជីដេវីតមិនអាចមើលរំលងចំណុចក្តៅគគុកក្នុងចេតនាស៊កសៀតមួយនេះបានដែរ លោកក៏បានឆ្លើយតបទៅវិញថា«ថែរក្សាសុខភាពផង» មើលទៅទំនងជាពួកគេស៊កសៀតគ្នាយ៉ាងសុភាពរបៀបលេងសើច តែបណ្តាអ្នកគាំទ្រមិនយំសប្បាយទៅតាមនោះផងទេមានតែព្រួតគ្នាបាញ់ Anti Fan មួយរូបនោះនិងតាមកាងការពារលោកជីដេវីតយ៉ាងស្អិតរមួត រហូតដល់អ្នកគាំទ្រមួយរូបនោះបញ្ចប់ក្តីដោយពាក្យស៊តសៀតមួយម៉ាត់ថា«សុទ្ធតែ Top Fan គុណភាព»។ ចុះចំណែកទស្សនិកជនវិញចង់គាំទ្រខាងណាដែរ? ហនុមាន រឺនាគរាជ្យ?