រុស្ស៊ី និងជប៉ុនបានប្រកាសការប្រុងប្រយ័ត្នជាមួយនឹងគ្នាម្តងទៀត បន្ទាប់ពីយន្តហោះស៊ើបការណ៍Il-38 របស់រុស្ស៊ីមួយគ្រឿងបានបើកចូលមកបំពាននៅក្នុងដែនអាកាសរបស់ជប៉ុន។ ដោយជប៉ុនបានបង្ហាញថា នេះគឺជាយន្តហោះក្នុងសមយុទ្ធរួមគ្នារវាងរុស្ស៊ី និងចិន ដែលជប៉ុនត្រូវចាំបាច់បង្កើនការប្រុងប្រយ័ត្ន។ ដោយកន្លងមកតំបន់ប្រជុំកោះនៅភាគនិរតីរបស់ជប៉ុនទាំងនេះកំពុងតែស្ថិតនៅក្រោមការឃ្លាំមើលយ៉ាងសកម្មពីប្រទេសចិន។ យ៉ាងណាមិញផង នៅក្នុងហេតុការណ៍មួយនេះ ជប៉ុនក៏បានបញ្ជូនយន្តហោះចម្បាំង F-15 និងF-35 របស់ខ្លួនដើម្បីហោះហើរ និងបញ្ចាំងពន្លឺភ្លើងទុកជាការព្រមានដល់ប្រទេសរុស្ស៊ី។ ជប៉ុនបានអះអាងថាខ្លួនមិនស្ទាក់ស្ទើរក្នុងការបញ្ចាំងពន្លឺភ្លើងនេះទេ ព្រោះធ្វើឡើងនេះដើម្បីទុកជាការព្រមានជាមុន។ សង្កេតឃើញផងដែរថាទំនាក់ទំនងរបស់រុស្ស៊ី និងជប៉ុនមានប្រវត្តិដ៏វែងអន្លាយចាប់តាំងពីសម័យឆ្នាំ១៩០៤មកនៃសម័យសង្គ្រាមតំបន់ Manchuria ដែលកាលណោះរុស្ស៊ី និងជប៉ុនបានប្រកួតប្រជែងគ្នាដណ្តើមត្រួតត្រានៅលើតំបន់អាស៊ីខាងកើត។ គួរបញ្ជាក់ផងដែរថា តំបន់ Machuria ដំបូងឡើយគឺជាផ្នែកមួយនៃទឹកដីប្រទេសចិន។
នៅខណៈនោះផងដែរ រុស្ស៊ីបានមានចេតនាគ្រប់គ្រងនៅលើតំបន់មួយនេះ និងព្រមទាំងទឹកដីមួយចំនួនទៀតនៃតំបន់អាស៊ីខាងកើតដូចជាកូរ៉េ សមុទ្រលឿង និងសមុទ្រជប៉ុន។ ប៉ុន្តែអំណាចខ្លាំងក្លាប្រឆាំងនៅពេលនោះគឺជាអំណាចរបស់ប្រទេសជប៉ុន ដូច្នេះហើយទើបអ្នកឈ្នះនៃសង្គ្រាមមួយនេះនៅទីបំផុតគឺជាប្រទេសជប៉ុន។ ជំលោះរបស់រុស្ស៊ី និងជប៉ុនក៏បានបន្តល្អក់កករនឹងគ្នាជាបន្តបន្ទាប់ ដោយនៅក្នុងឆ្នាំ១៩១៨ ដល់១៩២២ រុស្ស៊ីបានមានជម្លោះស៊ីវិលកើតឡើង ជប៉ុនក៏បានជ្រៀតជ្រែកចូលទៅក្នុងសង្គ្រាមនេះ ដោយបានបញ្ជូនទ័ពទៅកាន់តំបន់រុស្ស៊ីខាងកើត និងស៊ីបេរី។ លុះមកដល់កំឡុងឆ្នាំ១៩៣០ ជប៉ុន និងរុស្ស៊ីក៏បានបន្តមានជំលោះតាមព្រំដែនជាមួយនឹងគ្នាថែមទៀត។ ខណៈឈានមកដល់ឆ្នាំ១៩៤៥ រុស្ស៊ីក៏បានប្រកាសសង្គ្រាមជមួយនឹងជប៉ុន ព្រមទាំងបានដណ្តើមយករដ្ឋ Manchukuo នៃតំបន់ Manchuria របស់ជប៉ុនវិញបានសំរេច រួមទាំងបានដណ្តើមត្រួតត្រាតំបន់ប្រជុំកោះ Kuril មួយចំនួនរបស់ជប៉ុនថែមទៀត ដែលនេះទើបធ្វើអោយជំលោះប្រជុំកោះ Kuril នៅតែបន្តមកទល់ពេលបច្ចុប្បន្ន។ យ៉ាងណាមិញតំបន់ Manchuria នាពេលនេះក៏បានធ្លាប់មកក្រោមការគ្រប់គ្រងរបស់ចិនវិញផងដែរ និងបន្តស្ថិតនៅក្រោមការគ្រប់គ្រងបែបកុម្មយនីស្ត។ នៅឆ្នាំ២០២២ ដោយជប៉ុនបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរុស្ស៊ីជុំវិញបញ្ហាវាយលុកទឹកដីប្រទេសអ៊ុយក្រែន ទើបនេះធ្វើអោយទំនាក់ទំនងរបស់ពួកគេរឹតតែល្អក់កករនឹងគ្នាថែមទៀត ដោយរុស្ស៊ីបានលើកឡើងរួចមកហើយ ថាបន្តទៅទៀតនេះ គេនឹងចាប់ទុកប្រទេសជប៉ុនស្ថិតនៅក្នុងក្រុមប្រទេស «Unfriendly Country» ដែរហើយ។