កាលពីពេលថ្មីៗនេះ ជម្លោះស៊ីវិលរបស់មីយ៉ាន់ម៉ានៅតាមបណ្តោយច្រកផ្លូវសេដ្ឋកិច្ចមីយ៉ាន់ម៉ា និងចិន Lashio-Muse នៅតែបន្តកើតឡើងជាញឹកញាប់។ ជម្លោះនេះបានកើតឡើងរវាងក្រុមទ័ពភាគតិចមួយចំនួនរបស់មីយ៉ាន់ម៉ាបានបះបោរទៅកាន់ក្រុមរដ្ឋអំណាចមីយ៉ាន់ម៉ា ដែលពួកគេបានព្យាយាមដណ្តើមគ្រប់គ្រងស្រុកមួយចំនួននៅតាមបណ្តោយផ្លូវនោះពីក្រុមយោធាកាន់អំណាចមីយ៉ាន់ម៉ា។ នេះជាឧបសគ្គថ្មីមួយដែលធ្វើអោយទាំងប្រទេសចិន និងប្រទេសមីយ៉ាន់ម៉ាកំពុងជួបប្រទះនូវបញ្ហាសេដ្ឋកិច្ច។ គួរបញ្ជាក់ផងដែរ ច្រកផ្លូវសេដ្ឋកិច្ចនេះបានឆ្លងកាត់នូវក្រុងមួយចំនួនរបស់មីយ៉ាន់ម៉ានៅភាគខាងជើងដូចជា Lashio និង Muse និងឆ្ពោះទៅកាន់ភាគខាងត្បូងរបស់ប្រទេសចិននៃខេត្ត Yunnan នៃក្រុង Ruili ដោយវាបង្ហាញពីទំនាក់ទំនងផ្លូវសេដ្ឋកិច្ចរវាងមីយ៉ាន់ម៉ា និងចិន។ ថ្វីបើផ្លូវនេះស្ថិតនៅក្នុងចំណងផលប្រយោជន៍ទ្វេភាគីរវាងចិន និងមីយ៉ាន់ម៉ា ប៉ុន្តែក៏ត្រូវបានប្រជាជនមីយ៉ាន់ម៉ាមួយចំនួនធំមិនគាំទ្រឡើយ ដោយគិតថាវាបានបំពេញប្រយោជន៍ដល់ប្រទេសចិនច្រើនជាងសម្រាប់មីយ៉ាន់ម៉ា។
ជាក់ស្តែងសម្រាប់ប្រទេសចិន ត្រូវបានអោយដឹងថា គំរោងផ្លូវសេដ្ឋកិច្ចនេះ ត្រូវបានបង្កើតឡើងដើម្បីស្វែងរកផ្លូវធ្វើដំណើរទៅកាន់មហាសមុទ្រឥណ្ឌាតាមរយៈប្រទេសអាស៊ីអាគ្នេយ៍ណាមួយ ជំនួសអោយច្រកសមុទ្រ Malaccaប៉ុណ្ណោះ ដោយចិនខ្លាចថាខ្លួនឯងនឹងបាត់បង់សិទ្ធិឆ្លងកាត់ច្រកសមុទ្រនេះ នៅពេលដែលសឹង្ហបុរី និងអាមេរិកដកហូតសិទ្ធិរបស់ខ្លួន។ យ៉ាងណាមិញចិនក៏ធ្លាប់បានបង្ហាញពីគំរោងមហិច្ឆតានៃយុទ្ធសាស្រ្ត«មហាសមុទ្រពីរ» របស់ខ្លួនរួចមកហើយ ដែលជាគំរោងយុទ្ធសាស្រ្តនៃការគ្រប់គ្រងមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌារួមគ្នា ដោយមហាសមុទ្រទាំងពីរនេះសុទ្ធសឹងតែមានសារៈសំខាន់ដល់ប្រទេសចិន។ មហាសមុទ្រប៉ាស៊ីហ្វិកត្រូវបានចិនចង់ប្រើប្រាស់ឡើងដើម្បីគ្រប់គ្រងការនាំចេញរបស់ខ្លួន ចំណែកឯមហាសមុទ្រឥណ្ឌាវិញ ត្រូវបានចិនចង់ប្រើប្រាស់ឡើងដើម្បីគ្រប់គ្រងការផ្គត់ផ្គង់នូវតំរូវការថាមពល និងរូបធាតុដើមក្នុងប្រទេសរបស់ខ្លួន។