ការសិក្សាកន្លងមកបានអះអាងថា វីតាមីន D អាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ការបាក់ឆ្អឹង និងសូម្បីតែជំងឺធ្លាក់ទឹកចិត្ត។ ឥឡូវនេះ ការស្រាវជ្រាវថ្មីបានបង្ហាញថា អ្នកជំងឺមហារីកសុដន់ដែលមានកម្រិតវីតាមីននេះខ្ពស់នៅក្នុងឈាមរបស់ពួកគេ ទំនងជាអាចមានអាត្រាមរណភាពទាបពីជំងឺនេះ ជាជាងអ្នកជំងឺដែលមានកម្រិតវីតាមីននេះទាប។ ក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយសាស្រ្តាចារ្យ Cedric F. Garland នៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ា សាលាវេជ្ជសាស្ត្រ San Diego ថ្មីៗនេះ បានចេញផ្សាយ ការរកឃើញរបស់ពួកគេនៅក្នុងទស្សនាវដ្តី Anticancer Research ។ វីតាមីន D មានសារៈសំខាន់សម្រាប់គ្រប់គ្រងការស្រូបយកជាតិកាល់ស្យូម និងផូស្វ័រនៅក្នុងឆ្អឹងរបស់យើង។
ប្រភពរបស់វីតាមីននេះ គឺបានមកពីពន្លឺព្រះអាទិត្យ ប៉ុន្តែអាហារមួយចំនួនដូចជា ខ្លាញ់ត្រី ស៊ុត និង fortified fat spreads មានផ្ទុកវីតាមីននេះ តែនៅក្នុងបរិមាណតិចតួចបំផុត។ សាស្ត្រាចារ្យ Garland បានកត់សម្គាល់ថា ការសិក្សាកន្លងមករបស់គាត់ បានបង្ហាញពីការផ្សារភ្ជាប់គ្នារវាងកម្រិតវីតាមីន D ទាប និងការកើនឡើងហានិភ័យនៃជំងឺមហារីកសុដន់មុនពេលអស់រដូវ។ បន្ទាប់មក គាត់បានសម្រេចចិត្តរកមើលទំនាក់ទំនងរវាង 25-hydroxyvitamin D ដែលជាសារធាតុរំលាយអាហារដែលរាងកាយបានផលិតពីការទទួលទានវីតាមីន D និងអត្រាមរណភាពនៃជំងឺមហារីកសុដន់។ ការសិក្សាបានរួមបញ្ចូលអ្នកមានជំងឺមហារីកសុដន់សរុបចំនួន 4,443 នាក់ ហើយត្រូវបានធ្វើឡើងនៅចន្លោះឆ្នាំ 1966 និងឆ្នាំ 2010។ អ្នកជំងឺទាំងអស់ ត្រូវបានគេតាមដានរយៈពេលជាមធ្យម 9 ឆ្នាំ។ ការសិក្សាស្រាវជ្រាវ បានរកឃើញថា ស្ត្រីដែលមានកម្រិតខ្ពស់នៃ 25-hydroxyvitamin D នៅក្នុងឈាមរបស់ពួកគេ មានអត្រាមរណភាពទាបជាង 50% បើប្រៀបធៀបទៅនឹងស្ត្រីដែលមានកម្រិតទាបនៃ 25-hydroxyvitamin D នៅក្នុងឈាមរបស់ពួកគេ។
សាស្ត្រាចារ្យ Garland បានពន្យល់ពីមូលហេតុថា វីតាមីន D អាចកាត់បន្ថយអត្រាមរណភាពសម្រាប់អ្នកជំងឺមហារីកសុដន់ ដោយសារធាតុរំលាយអាហាររបស់វីតាមីន D បង្កើនទំនាក់ទំនងរវាងកោសិកា ដោយធ្វើឱ្យប្រូតេអ៊ីនបញ្ឈប់ការបែងចែកកោសិកា ដែលបានឈ្លានពានទៅលើកោសិកាមួយផ្សេងទៀត។
គាត់បន្ថែមថា “ដរាបណាវីតាមីន D នៅមានវត្តមានក្នុងសរសៃឈាមរបស់អ្នក ការលូតលាស់ដុំសាច់មហារីកត្រូវបានរារាំង និងរក្សាពីការពង្រីកការផ្គត់ផ្គង់ឈាមរបស់វា”។ ប៉ុន្តែអ្នកស្រាវជ្រាវបានចង្អុលបង្ហាញថា ការរកឃើញទាំងនេះ អាចមានលទ្ធផលបញ្ច្រាសមកវិញ ព្រោះនៅក្នុងករណីមហារីកសុដន់ធ្ងន់ធ្ងរជាងនេះ កម្រិត 25-hydroxyvitamin D អាចត្រូវបានកាត់បន្ថយ ដូច្នេះបណ្តាលឱ្យស្លាប់មុនពេលកំណត់។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេនិយាយថា លទ្ធភាពនេះ អាចត្រូវបានច្រានចោលជាមួយនឹងការសាកល្បងការព្យាបាលបន្ថែមទៀត ព្រោះ "គ្មានហេតុផលណាដែលមនុស្សមិនគួរបង្កើនការទទួលទានវីតាមីន D នោះទេ"។
វិទ្យាស្ថានជាតិសុខភាព (The National Institutes of Health) បានណែនាំថា មនុស្សពេញវ័យរហូតដល់អាយុ 70ឆ្នាំ គួរតែទទួលទានវីតាមីន D 600 IU ក្នុងមួយថ្ងៃ ចំណែកអ្នកដែលមានអាយុលើសពី 70 ឆ្នាំគួរតែទទួលទានវីតាមីន 800 IU ក្នុងមួយថ្ងៃ។ ទោះបីជាសាស្ត្រាចារ្យ Garland បាននិយាយថា ការស្រាវជ្រាវបន្ថែម គឺមានការចាំបាច់ដើម្បីបញ្ជាក់ពីការរកឃើញរបស់ពួកគេ ប៉ុន្តែគាត់ជឿថា គ្មានហេតុផលណា ដែលមនុស្សមិនគួរបង្កើនការទទួលទានវីតាមីន D របស់ពួកគេនៅពេលនេះនោះទេ ប្រសិនបើអ្នកផ្តល់សេវាថែទាំសុខភាពរបស់ពួកគេ បានបញ្ជាក់ថា វាមានសុវត្ថិភាពក្នុងការធ្វើដូច្នេះ។ អ្នកស៊ើបអង្កេតបាននិយាយថា ដោយផ្អែកលើការរកឃើញរបស់ពួកគេ អ្នកជំងឺដែលមានជំងឺនេះ អាចទទួលបានអត្ថប្រយោជន៍ពីកំហាប់ឈាម 25-hydroxyvitamin D ដែលនៅក្នុងចន្លោះធម្មតា (30-80 ng/ml)។
សំណួរទាក់ទងនឹងអត្ថប្រយោជន៍នៃវីតាមីន D
ប៉ុន្តែមិនមែនការសិក្សាទាំងអស់ បានប្រកាសថា ការបង្កើនការទទួលទានវីតាមីន D មានអត្ថប្រយោជន៍ដល់សុខភាពនោះទេ។ កាលពីដើមឆ្នាំនេះ សារព័ត៌មាន Medical News Today បានរាយការណ៍លើការសិក្សាមួយ ដែលត្រូវបានចេញផ្សាយនៅក្នុង The Lancet Diabetes and Endocrinology ដែលបានចោទសួរពីអត្ថប្រយោជន៍សុខភាពនៃការបន្ថែមការទទួលទានវីតាមីន D ។
ការរកឃើញពីការសិក្សានេះបង្ហាញថា អាហារបំប៉នវីតាមីន D ទំនងជាមិនអាចកាត់បន្ថយការកើតជំងឺគាំងបេះដូង ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ការបាក់ឆ្អឹង និងមហារីកបានទេ។ កាលពីឆ្នាំមុន ការសិក្សាមួយផ្សេងទៀតបានដាក់ការសង្ស័យលើអត្ថប្រយោជន៍នៃថ្នាំគ្រាប់វីតាមីន D ។ ការសិក្សានេះ បានរកឃើញថា កម្រិតវីតាមីន D ទាប អាចបណ្តាលឲ្យមានសុខភាពមិនល្អ ប៉ុន្តែមិនមែនជាដើមហេតុនៃជំងឺនោះទេ។ ដោយការសិក្សាទាំងនេះ មានលទ្ធផលផ្សេងៗគ្នា ដូច្នេះប្រសិនបើអ្នកចង់ទទួលវីតាមីន D បន្ថែម អ្នកគួរតែពិគ្រោះយោបល់ពីអ្នកជំនាញថែទាំសុខភាព ដើម្បីបញ្ជាក់ថា តើអ្នកអាចទទួលវីតាមីននេះបន្ថែម ឬអត់ ដែលអាចជៀសវាងការបង្កបញ្ហាសុខភាពផ្សេងៗ៕