ទស្សនិកជនបានលាន់មាត់សរសើរថា MV ផលិតដោយ Turren Media គឺសុទ្ធសឹងតែជា MV គុណភាព! ដោយកាលពីថ្ងៃទី២៤ ខែមេសាកន្លងទៅនេះ លោក Kwan បានធ្វើការទំលាក់ Teaser MV បទ«មេឃបើកថ្ងៃ» របស់លោកយ៉ាងគួរអោយចាប់អារម្មណ៍នៅលើទំព័រហ្វេសប៊ុក ដែលធ្វើអោយទស្សនិកជនជាច្រើនលាន់មាត់សរសើរថាហាក់ដូចជាថតខ្សែភាពយន្តយ៉ាងដូច្នោះឯង។
គួរកត់សម្គាល់បានថា MV ផលិតដោយ Turren Media កន្លងមករួមមានដូចជា បទ«Time To Rise» «Khmer Blood» «CODA» «MONSOON» «Catch me if you can» របស់លោកវណ្ណដា ក៏ដូចជាបទមួយចំនួនរបស់លោក Kwan «នឹក» «Love is Pain» ជាដើម។ ខណៈពេលនេះដែរ អ្នកទាំងពីរក៏បានបញ្ចេញនូវ MV ថ្មីមួយទៀតនូវបទ«មេឃបើកថ្ងៃ» នេះផងដែរ ដែលលោក Kwan បានអោយដឹងថា នឹងបញ្ចេញឡើងនៅថ្ងៃទី០៣ ខែឧសភានេះហើយ។
ជាពិសេសកាលពីយប់មិញនេះផងដែរ លោក Kwan ទើបតែបានក្រើនឡើងជាមួយនឹងការបង្ហោះថ្មីមួយទៀត ដែលបង្ហាញទស្សនិកជនអោយរង់ចាំទស្សនានូវ MV ថ្មី នៅពេលយប់ស្អែក។ លោកបានបង្ហោះឡើងរូបភាព Concept ជាមួយនឹងលោកវណ្ណដានៅខាងមុខរថយន្តប្រលាក់ធូលីដី និងបានសរសេរឡើងជាមួយនឹងខេបសិនថា «យើងល្មមបិទមេឃវិញហើយមេ, Official Music Video 03/05/2024»។ បើតាមការប៉ាន់ស្មាន Concept នៃ MV នេះអាចនិយាយទាក់ទងពី«ថ្ងៃរៀបនឹងអស្តង្គត» ផងដែរ ដែលមានអត្ថន័យថាកំដៅនឹងបញ្ចប់។ ចង់ដឹងថាតើ MV នេះមានអត្ថន័យអ្វីពាក់ព័ន្ធនឹងស្ថានភាពកំដៅរបស់យើងនាពេលបច្ចុប្បន្ន សូមកុំភ្លេចរង់ចាំមើលទាំងអស់គ្នា!