យើងទាំងអស់គ្នាធ្លាប់មានបទពិសោធន៍ស្នេហាល្អ ឬអាក្រក់ សប្បាយរីករាយ ឬឈឺចាប់។ ហើយវាមិនសំខាន់នោះទេថា តើអ្នកណាត្រូវ ឬអ្នកណាខុស ព្រោះនៅក្នុងចំណុចសំខាន់មួយ មនុស្សម្នាក់ៗច្បាស់ជាមានភាពឈឺចាប់ដោយសារស្នេហា ហើយការឈឺចាប់នេះ អាចកំពុងរារាំងអ្នកមិនឱ្យដើរបន្តទៅមុខបាន។ ពេលវេលា គឺជាអ្នកព្យាបាលដ៏ល្អបំផុត ហើយអ្នកក៏អាចសាកល្បងវិធី 5 យ៉ាងនេះ ដើម្បីបំភ្លេចមនុស្សដែលធ្លាប់ធ្វើឲ្យអ្នកឈឺចាប់ ឬមនុស្សដែលអ្នកនៅស្រលាញ់ ពេលបែកគ្នាហើយ។
1. ការកាត់ផ្តាច់ទំនាក់ទំនងនឹងគ្នា
មនុស្សជាច្រើន តែងតែមានគំនិតចង់ក្លាយមិត្តភក្តិជាមួយនឹងសង្សារចាស់ ដើម្បីរក្សាទំនាក់ទំនងជាមួយគ្នា ទោះបីជាបានបែកគ្នាក៏ដោយ។ ការធ្វើបែបនេះ អ្នកអាចបង្កើតមិត្តភាពបាន ប៉ុន្តែអ្នកមិនអាចធ្វើជាមិត្តភក្តិពិតប្រាកដនោះទេ លុះត្រាតែអ្នកបានជាសះស្បើយរាល់ការឈឺចាប់ទាំងអស់ ដែលអ្នកបានទទួលនៅពេលមានស្នេហា។
ការធ្វើជាមិត្តល្អដ៏បំផុតសម្រាប់អ្នក គឺជាអ្វីដែលសំខាន់បំផុតក្នុងអំឡុងពេលការបែកបាក់គ្នា ព្រោះនៅពេលអ្នកមានការឈឺចាប់ អ្នកនឹងមានភាពទន់ខ្សោយ។ ការការពារខ្លួនឯងពីការឈឺចាប់ម្តងទៀត គឺជាផ្នែកសំខាន់មួយនៃការថែទាំខ្លួនឯងផងដែរ។ ដូច្នេះ អ្នកមិនគួររក្សាទំនាក់ទំនងជាមួយមនុស្សសង្សារចាស់របស់អ្នកនោះទេ ព្រោះវាអាចបណ្តាលឲ្យអ្នករំពឹងទុកមុនថា គេនឹងត្រឡប់មករកអ្នកវិញនៅថ្ងៃណាមួយ ប្រសិនបើអ្នកនៅតែមានទំនាក់ទំនងល្អដូចមុន។ អ្វីដែលអ្នកត្រូវការជាចាំបាច់នោះគឺ ពេលវេលាដើម្បីព្យាបាលខ្លួនអ្នក។
2. បោះបង់ចោលរាល់ការស្រមើស្រមៃជាមួយគេ
មនុស្សជាច្រើនមិនបានដឹងថា ការឈឺចាប់ដែលពួកគេមាននៅពេលបែកគ្នា មិនមានជាប់ទាក់ទងនឹងទំនាក់ទំនងដែលពួកគេធ្លាប់មានទាំងអស់នោះទេ ប៉ុន្តែគឺជាការស្រមើស្រមៃដែលពួកគេមានថា នឹងអាចបន្តស្រលាញ់គ្នារហូត ចំណាយពេលវេលាល្អៗជាមួយ ធ្វើអ្វីមួយរួមគ្នា បង្កើតគ្រួសារមួយ និងអ្វីផ្សេងៗជាច្រើនទៀត។ ដូច្នេះ ការបោះបង់ចោលនូវការស្រមើស្រមៃទាំងនេះ អាចមានការឈឺចាប់ខ្លាំង។
ដើម្បីឆ្លងកាត់ពេលវេលាទាំងនេះ អ្នកអាចសរសេររាល់ការឈឺចាប់ដែលអ្នកអាចចងចាំបាន ដែលកើតឡើងនៅពេលអ្នកមានស្នេហា ហើយខិតខំអានវាឱ្យខ្លួនឯង ដើម្បីរំលឹកឡើងវិញនូវការចងចាំទាំងនោះ រហូតដល់អារម្មណ៍ឈឺចាប់បានធូរស្រាល។ ការធ្វើបែបនេះ គឺមិនមែនដើម្បីធ្វើឲ្យអ្នកខឹងនឹងខ្លួនឯងរាល់ទង្វើដែលអ្នកបានធ្វើនោះទេ ប៉ុន្តែដើម្បីចងចាំពីមូលហេតុដែលទំនាក់ទំនងនេះត្រូវបានបញ្ចប់។ មិនយូរមិនឆាប់ ការបោះបង់ចោលនូវរឿងដែលបានកើតឡើងទាំងនេះ អាចជាផ្នែកសំខាន់មួយនៃការលើកលែងទោស និងការព្យាបាលខ្លួនឯង ប៉ុន្តែដើម្បីបោះបង់អ្វីមួយ អ្នកត្រូវតែទទួលស្គាល់ និងទទួលយករឿងដែលបានកើតឡើង។
3. ព្រមទទួលយកអតីតកាល
គ្មានអ្វីឈឺចាប់ជាងពេលដែលមនុស្សអ្នកស្រឡាញ់ធ្វើអ្វីមួយ ដែលធ្វើឱ្យអ្នកគិតថា គេមិនមែនមនុស្សដែលអ្នកធ្លាប់ស្រលាញ់ពីមុននោះទេ។ នៅពេលនរណាម្នាក់បំផ្លាញ់ការជឿទុកចិត្តដែលអ្នកបានផ្តល់ឱ្យ វាពិតជាឈឺចាប់ណាស់។ ប៉ុន្តែការបណ្តោយឱ្យសកម្មភាពរបស់អ្នកផ្សេងកំណត់ពីសមត្ថភាព និងគ្រប់គ្រងជីវិតរបស់អ្នក។ ការអត់ទោស មិនមែនសំដៅលើការបំភ្លេចទង្វើអាក្រក់របស់ពួកគេនោះទេ។
ការរៀនអភ័យទោស និងទទួលយកអតីតកាល គឺជារឿងដែលងាយស្រួលធ្វើ នៅពេលអ្នកដកចិត្តចេញពីវា ហើយព្យាយាមមើលមនុស្សដែលនៅជុំវិញខ្លួនជំនួសវិញ។ ពេលខ្លះការមើលឃើញពីទស្សនៈរបស់អ្នកដទៃ អាចជួយអ្នកឱ្យយល់កាន់តែច្បាស់ពីទង្វើរបស់ពួកគេ។ វាក៏អាចងាយស្រួលជាងក្នុងការអភ័យទោសដល់នរណាម្នាក់ នៅពេលដែលអ្នកឃើញពួកគេជាមនុស្សទាំងមូល។ ប្រសិនបើអ្នកឃើញខ្លួនឯងខឹងនឹងរឿងដែលអ្នកផ្សេងបានធ្វើ ឬមិនបានធ្វើ ចូរព្យាយាមដកខ្លួនមកវិញ ហើយចងចាំពីគុណសម្បត្តិដែលអ្នកឃើញមនុស្សនោះពេលជួបគ្នាដំបូង ហើយទទួលស្គាល់ថាយើងសុទ្ធតែមានកំហុស។
4. វាជារឿងធម្មតាដែលអ្នកនៅតែស្រលាញ់គេ
ស្នេហាមិនដែលខុសនោះទេ។ នៅពេលដែលនរណាម្នាក់ចូលមកក្នុងជីវិតរបស់អ្នក ដែលធ្វើឱ្យអ្នកមានឱកាសទទួលបានបទពិសោធន៍ស្នេហា នោះតែងតែជាអំណោយពិត។ ទោះជាយ៉ាងនេះក្តី ការទទួលស្គាល់ថាសេចក្តីស្រឡាញ់តែម៉្យាង គឺមិនគ្រប់គ្រាន់ដើម្បីធ្វើឱ្យទំនាក់ទំនងដំណើរការនោះទេ។ មានកត្តាជាច្រើនផ្សេងទៀត ដូចជាពេលវេលា ភាពខុសគ្នា ឬជម្រើសរបស់យើង ដើរតួនាទីយ៉ាងសំខាន់ថាតើទំនាក់ទំនងរបស់អ្នកអាចរីកចម្រើនបានឬអត់។
ប៉ុន្តែការបញ្ចប់ទំនាក់ទំនងដែលមិនដំណើរការ មិនមែនតែងតែជាការបញ្ឈប់អារម្មណ៍ស្រលាញ់របស់អ្នកនោះទេ។ ពេលខ្លះ ផ្លូវតែមួយគត់ដើម្បីបោះបង់វាចោល គឺការស្រលាញ់នរណាម្នាក់ ដើម្បីចង់បានអ្វីដែលល្អបំផុតសម្រាប់គេ ទោះបីជាវាមានន័យថា យើងមិននៅជាមួយគ្នាក៏ដោយ។
5. ស្រឡាញ់ខ្លួនឯងឲ្យបានច្រើន
ទីបំផុត ការបញ្ចប់ទំនាក់ទំនងដែលមិនអាចបន្តទៅមុខ គឺជាការស្រលាញ់ខ្លួនឯង។ សម្រាប់អ្នកខ្លះ នេះគឺជាផ្នែកដ៏លំបាកបំផុត។ ការជឿជាក់ថា អ្នកសមនឹងទទួលបានទំនាក់ទំនងស្នេហាជាមួយនរណាម្នាក់ ដែលអាចមើលថែគ្នាបានល្អ ទាមទារឱ្យអ្នកមើលខ្លួនឯងក្នុងផ្លូវវិជ្ជមាន។ អ្នកមិនអាចរំពឹងថា អ្នកផ្សេងអាចមើលថែអ្នកល្អជាងខ្លួនអ្នកឡើយ។
ការអត់ទោសឲ្យខ្លួនឯង គឺជាផ្នែកសំខាន់នៃសេចក្តីស្រឡាញ់ខ្លួនឯង។ ការស្តីបន្ទោសខ្លួនឯង គឺជាការចំណាយថាមពលដោយឥតប្រយោជន៍ ហើយថែមទាំងនាំមកនូវអារម្មណ៍អវិជ្ជមាន និងពន្យារពេលការព្យាបាលខ្លួនឯងផងដែរ។ ផ្ទុយទៅវិញ អ្នកគួរតែកែប្រែការឈឺចាប់ទៅជាបទពិសោធន៍វិញ ព្រោះរាល់ទំនាក់ទំនងទាំងអស់ អាចបង្រៀនអ្នកពីអ្វីមួយអំពីខ្លួនឯង និងអ្វីដែលអ្នកត្រូវការដើម្បីទទួលបានភាពរីករាយពិតប្រាកដ៕