ការប្រើថ្នាំ គឺជាមធ្យោបាយងាយស្រួល និងមានប្រសិទ្ធភាពក្នុងការព្យាបាលកូនៗរបស់ឪពុកម្តាយគ្រប់រូប។ ដោយសារថ្នាំអាស្ពីរីន អាចមានប្រសិទ្ធភាពសម្រាប់អ្នកនៅពេលអ្នកឈឺ ដូច្នេះអ្នកប្រហែលជាមានគំនិតចង់ឲ្យកូនញ៉ាំថ្នាំនេះផងដែរ នៅពេលពួកគេឈឺ។ ទោះយ៉ាងណាក៏ដោយ ជាទូទៅ នេះមិនមែនជាគំនិតល្អទេ។ American Academy of Family Physicians (AAFP) បានណែនាំអំពីការប្រឆាំងនឹងថ្នាំអាស្ពីរីនសម្រាប់មនុស្សដែលមានអាយុក្រោម 19 ឆ្នាំ ជាពិសេសចំពោះកុមារដែលមានជំងឺអុតស្វាយ គ្រុនផ្តាសាយ និងរោគសញ្ញាផ្តាសាយ។ ដូចគ្នាផងដែរ មានគ្រូពេទ្យកុមារភាគច្រើន លែងប្រើថ្នាំអាស្ពីរីនសម្រាប់គ្រុនក្តៅដែលបណ្តាលមកពីជំងឺណាមួយទៀតហើយ។
ថ្នាំអាស្ពីរីនត្រូវបានផ្សារភ្ជាប់ជាមួយនឹងរោគសញ្ញា Reye ចំពោះកុមារ និងមនុស្សវ័យជំទង់
សម្រាប់មនុស្សពេញវ័យ ថ្នាំអាស្ពីរីនតែងតែមានសុវត្ថិភាពជាងថ្នាំប្រឆាំងនឹងការរលាក ដែលមិនមែនជាស្តេរ៉ូអ៊ីតផ្សេងទៀត (NSAIDs) ព្រោះវាមិនបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូងដល់មនុស្សទេ (យោងតាមរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក) ប៉ុន្តែនៅពេលនិយាយអំពីកូនរបស់អ្នក វាជារឿងពីរផ្សេងគ្នា។ AAFP ព្រមានថា ការប្រើប្រាស់ថ្នាំអាស្ពីរីនចំពោះកុមារ និងមនុស្សវ័យជំទង់ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺធ្ងន់ធ្ងរមួយហៅថា រោគសញ្ញា Reye (រោគសញ្ញា Reye's (Reye) គឺជាជំងឺដ៏កម្រ ប៉ុន្តែធ្ងន់ធ្ងរដែលបណ្តាលឱ្យហើមថ្លើម និងខួរក្បាល)។
យោងតាមគ្លីនិក Mayo កុមារ ឬក្មេងជំទង់ដែលមានរោគសញ្ញា Reye មានការថយចុះជាតិស្ករក្នុងឈាម។ ពួកគេក៏អាចជួបប្រទះការហើមថ្លើម ហើយប្រសិនបើរឿងនេះកើតឡើងនៅក្នុងខួរក្បាល វាអាចនាំឱ្យប្រកាច់ និងសន្លប់។ ស្ថានភាពនេះក៏អាចនាំឱ្យខូចខួរក្បាលជាអចិន្ត្រៃយ៍ ហើយថែមទាំងអាចស្លាប់ ប្រសិនបើទុកចោលមិនបានព្យាបាល។ ដូច្នេះ នៅពេលដែលកូនៗរបស់អ្នកឈឺ អ្នកគួរនាំពួកគេទៅរកគ្រូពេទ្យជំនាញ ដើម្បីព្យាបាលឲ្យត្រូវនឹងរោគសញ្ញា ជំងឺ ឬអាការៈរបស់កូនៗរបស់អ្នក៕