មេដឹកនាំគណបក្សប្រឆាំងដ៏យូរលង់ក្នុងប្រទេសហ្គីណេ កាលពីថ្ងៃអង្គារ៍ បានប្រកាសគាំទ្រ មេដឹកនាំយោធារដ្ឋប្រហារជាមេដឹកនាំថ្មីរបស់ ហ្គីណេ ក្មុងកិច្ចប្រជុំកំពូល៤ថ្ងៃដែលកំពុងប្រព្រឹត្តទៅក្នុងគោលបំណងដើម្បីជជៃកគ្នាពីអនាគតរបស់ប្រជាជាតិអាហ្វ្រិកខាងលិចមួយនេះ បន្ទាប់ពីមានរដ្ឋប្រហារមួយទើបតែកន្លងទៅបានជាងមួយសប្តាហ៍ ។ ទោះជាយ៉ាងណាក៏ដោយ ក៏គេរំពឹងថាសម្ពាធនឹងកើនឡើងកាន់តែខ្លាំងនៅក្នុងសប្តាហ៍នេះចំពោះ លោកវរសេនីយ៍ទោ Mamady Doumbouya ដើម្បីរៀបចំពេលវេលាដ៍ជាក់លាក់មួយដើម្បីរៀបចំការបោះឆ្នោតជាថ្មី។ ក្រុមអ្នកសម្របសម្រួលក្នុងតំបន់និងសហគមន៍អន្តរជាតិបានអំពាវនាវឲ្យក្រុមយោធារដ្ឋប្រហារប្រគល់អំណាចទៅឲ្យរដ្ឋាភិបាលអន្តរកាលមួយដែលដឹកនាំដោយជនស៊ីវិល។
មេដឹកនាំគណបក្សប្រឆាំងដែលមកចូលរួមប្រជុំក្នុងវិមានប្រជាជនក្រោមការយាមកាមដ៍តឹងរុឹងកាលពីថ្ងៃអង្គារ៍ បានគាំទ្រជាសាធារណៈចំពោះរដ្ឋប្រហារ ព្រមទាំងរិះគន់លោកប្រធានាធិបតីដែលត្រូវគេបណ្តេញចេញពីអំណាច Alpha Conde។ លោកប្រធានាធិបតីដែលមានអាយុ ៨៣ ឆ្នាំត្រូវបានចាប់ខ្លួននៅក្នុងរដ្ឋប្រហារមួយកាលពីថ្ងៃទី៥ ខែកញ្ញា គេក៏ពុំបានដឹងថាលោកកំពុងស្នាក់នៅទីកន្លែងណាផងដែរ។
Conde បានបង្ករឲ្យមានការតវ៉ាប្រឆាំងមួយដែលមានមនុស្សចេញតវ៉ាតាមដងផ្លូវបង្កើតទៅជាអំពើហឹង្សារកាលពីឆ្នាំមុន បន្ទាប់ពីលោកបាន ប្រកាសធ្វើប្រជាមតិនៃរដ្ឋធម្មនុញ្ញ ដែលលោកបាននិយាយថាវានឹងអនុញ្ញាតិឲ្យលោកមានសិទ្ធបន្តអំណាចនៅអាណត្តិទី៣ទៀត។ Ousmana Kaba មេដឹកនាំគណបក្សប្រឆាំង «ប្រជាធិបតេយ្យ ដើម្បីក្តីសង្ឃឹម»បានហៅគោលបំណងនៃការនៅក្នុងអំណាចដោយផុតអាណត្តិក៏ជារដ្ឋប្រហារ១ដែរ។
“ អ្មកដឹងទេ នេះមិនមែនជារឿងស្របច្បាប់ទេ ហេតុដូច្នេះហើយទើបមានរដ្ឋប្រហារយោធា ដើម្បីបញ្ចប់រដ្ឋប្រហារធម្មនុញ្ញ “ លោកនិយាយប្រាប់អ្នកកាសែត “អញ្ចឹងសហគមន៍អន្តរជាតិគួរតែជួយយើង ឲ្យមានការគ្រប់គ្រងជាអន្តរកាលសិន”។