តិកតុក (Tiktok) គឺជាប្រព័ន្ធបណ្តាញសង្គមដ៏ពេញនិយមបំផុតមួយសម្រាប់យុវវ័យនាពេលបច្ចុប្បន្ននៅលើពិភពលោក។ វាគឺ App ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចបង្កើតមាតិការវិដេអូបានដោយខ្លួនឯង ហើយវាត្រូវបានបង្កើតឡើងដោយ លោក ចាង យីមីង ដែលជាស្ថាបនិកនៃក្រុមហ៊ុន បច្ចេកវិទ្យា បាយត៍ដាន់ស៍ បេ៉កាំង (Beijing ByteDance Technology Co.) ដែលជាក្រុមហ៊ុនច្ចេកវិទ្យាអុិនធឺណេតដ៏ធំបំផុតមួយរបស់ប្រទេសចិន។ សព្វថ្ងៃក្រុមហ៊ុននេះមានទឹកប្រាក់សរុបគឺ 425 ពាន់លានដុល្លារ ($425 billion) ហើយតិកតុក មានទឹកប្រាក់សរុបគឺ ៧៥ ពាន់លានដុល្លារ ($75 billion) ចំណែកឯទ្រព្យសម្បត្តិសរុបរបស់លោក ចាង យីមីងវិញផ្ទាល់ គឺមាន ៤៤.៥ ពាន់លានដុល្លារ ($ 44.5 billion) នៅក្នុងឆ្នាំ ២០២២នេះ។ ដូច្នេះថ្ងៃនេះ “ទំព័រនៃជីវិតជោគជ័យ” របស់យើងនឹងនាំយកប្រវត្តិរបស់លោកមកជូនអ្នកទាំងអស់គ្នាទុកស្តាប់ជាការកំសាន្ត។
ការសិក្សា និងការងារ
លោក ចាង យីមីង (Zhang Yiming) កើតនៅថ្ងៃទី១ ខែមេសា ឆ្នាំ១៩៨៣ នៅក្នុងខេត្ត ហ្វូចៀន (Fujian province) ប្រទេសចិន ហើយសព្វថ្ងៃលោកមានអាយុ ៣៩ឆ្នាំ។ លោកបានចាប់ផ្តើមចូលរៀនថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ណាងកៃ (Nankai University) ក្នុងទីក្រុងធៀនជីន (Tianjin) ក្នុងឆ្នាំ២០០១ ជំនាញខាង មីក្រូអេឡិចត្រូនិច (Microelectronics) តែបន្ទាប់មកលោកបានដូរទៅ ជំនាញ ខាង Software Engineering វិញ ហើយបានបញ្ចប់នៅក្នុងឆ្នាំ២០០៥។ ក្រោយពីការបញ្ចប់ការសិក្សា លោក ចាង (Zhang) បានចាប់ផ្តើមការងារ នៅក្រុមហ៊ុន Start-up មួយ ក្នុងឆ្នាំ២០០៦។ លោកបាននិយាយថា “ខ្ញុំបានចូលរួមជាមួយក្រុមហ៊ុនមួយឈ្មោះ កុសុន (Kuxun) ជាក្រុមហ៊ុន ស្តាតអាប់ (Start-up) ហើយលោកគឺជាបុគ្គលិកទីប្រាំ។
មុនដំបូងខ្ញុំគ្រាន់តែជាបុគ្គលិកវិស្វករធម្មតាម្នាក់តែប៉ុណ្ណោះ ប៉ុន្តែចូលដល់ឆ្នាំទីពីរ ខ្ញុំបានចាប់ផ្តើមមានតួនាទី ហើយគ្រប់គ្រងបុគ្គលិកប្រហែលពី ៤០ ទៅ ៥០នាក់ ដែលទទួលខុសត្រូវខាងបច្ចេកវិទ្យា Back-end ហើយនិងការងារផ្សេងទៀតដែលជាប់ទាក់ទងនឹងផលិតផល”។ ក្នុងឆ្នាំ ២០០៨ លោក ចាង យីមីង បានចេញពីក្រុមហ៊ុន កុសុន (Kuxun) ដើម្បីទៅធ្វើការឲ្យក្រុមហ៊ុន Microsoft ប៉ុន្តែបន្ទាប់មកលោកបានចេញពី Microsoft ទៅចូលរួមជាមួយក្រុមហ៊ុន Start-up ថ្មីមួយ ឈ្មោះ ហ្វែនហ្វូ (Fanfou) ដែលក្រោយមកបានបរាជ័យ។ នៅក្នុងឆ្នាំ ២០០៩ នៅពេលដែល Kuxun ហៀបនឹងត្រូវបានទិញដោយ Expedia, Yiming បានកាន់កាប់អាជីវកម្មស្វែងរកអចលនទ្រព្យរបស់ Kuxun ហើយបានចាប់ផ្តើម 99fang.com ដែលជាអាជីវកម្មដំបូងរបស់លោក។ នៅក្នុងឆ្នាំ២០១១ លោកបានជួលអ្នកគ្រប់គ្រងម្នាក់ឱ្យកាន់តំណែងជានាយកប្រតិបត្តិនៃ 99fang.com។ ដោយសារបទពិសោធន៍ការងារ និងមានជំនាញពីកំណើតផង ទើបធ្វើឲ្យលោក ចាង យីមីង អាចបង្កើតនូវក្រុមហ៊ុន និង Apps ដែលទទួលបានជោគជ័យយ៉ាងច្រើនជាបន្តបន្ទាប់មកទៀត។
ប្រវត្តិនៃការបង្កើតក្រុមហ៊ុនមេ ByteDance
ក្នុងឆ្នាំ ២០១២ លោកបានបង្កើត បាយត៍ដាន់ស៍ (ByteDance) ដែលជាអាជីវកម្មមានមូលដ្ឋាននៅទីក្រុងប៉េកាំង ដែលផ្តល់ឲ្យសេវាកម្មខាងប្រមូលពត៏មាន ដោយសារតែលោក មានអារម្មណ៍ថា អ្នកប្រើប្រាស់ស្មាតហ្វូនជនជាតិចិន មានការលំបាកក្នុងការស្វែងរកពត៏មានពាក់ព័ន្ធនៅក្នុង Mobile Apps ហើយលោកមានចក្ខុវិស័យក្នុងការជំរុញមាតិការដែលពាក់ព័ន្ធដល់អ្នកប្រើប្រាស់ តាមរយៈការបង្កើតការណែនាំដោយបញ្ញាសិប្បនិមិត្ត។ ការបង្កើត ByteDance ដំបូងចាប់ផ្តើមឡើងនៅក្នុងផ្ទះល្វែងមួយកន្លែងក្នុងទីក្រុងប៉េកាំងដែលមានបន្ទប់គេង តែ៤ ប៉ុណ្ណោះជាកន្លែងដែលក្រុមរបស់គាត់រស់នៅ និងធ្វើការ ប៉ុន្តែលោក ចាងនិយាយថា លក្ខខណ្ឌបែបហ្នឹងគឺសមរម្យល្មមសម្រាប់ការចាប់ផ្តើមអាជីវកម្ម។ សហគ្រិនរូបនេះបានរំឮកពាក្យស្លោកមួយដែលគាត់ធ្លាប់ឃើញនៅការដ្ធានសំណង់មួយដែលគេសរសេរថា “កន្លែងតូច សុបិនធំ” ហើយលោកបន្តថា “គំនិតរបស់យើងគឺធំណាស់ ហើយយើងអាចនិយាយអំពីសកលភាវូបនីយកម្មនៅក្នុងផ្ទះល្វែងតួចមួយ”។ ជាការពិតសម្រាប់លោកចាង លោកមានចក្ខុវិស័យចង់ពង្រីកក្រុមហ៊ុនរបស់លោកឲ្យបានជុំវិញពិភពលោក។
ទោះបីជាយ៉ាងណាក៏ដោយ លោកបានបរាជ័យក្នុងទទួលបានមូលនិធិ តែបន្ទាប់មកក្រុមអន្តរជាតិ សុស្កេហានណា (Susquehanna International Group) បានមើលឃើញពីសក្តានុពលរបស់ក្រុមហ៊ុន បាយត៍ដាន់ស៍ (ByteDance) ហើយបានធ្វើការវិនិយោគ។ ក្នុងឆ្នាំ ២០១២ដដែល លោក ចាង បានចាប់ផ្តើមបង្កើតកម្មវិធីព័ត៏មាន ទូសៅ (Toutiao) និងបានទាក់ទាញអ្នកប្រើប្រាស់ប្រចាំថ្ងៃច្រើនជាង ១៣លាននាក់ក្នុងរយៈពេលត្រឹមតែពីរឆ្នាំប៉ុណ្ណោះ ហើយវាបានក្លាយជាផលិផល App ដំបូងរបស់ ByteDance (First Product App of ByteDance)។ សព្វថ្ងៃក្រុមហ៊ុន ByteDance បានក្លាយជាក្រុមហ៊ុនដែលជោគជ័យបំផុតលំដាប់សកល ហើយមានទឹកប្រាក់សរុប ៤២៥ ពាន់លានដុល្លារ ($425 billion) ក្នុងឆ្នាំ២០២២ ព្រមទាំងកាន់កាប់ អែប បណ្តាញសង្គមមួយចំនួនផ្សេងទៀតដូចជា តិកតុក (TikTok) ហ្វ្លីបឆាត (Flipchat) សម្រាប់ប្រជែងជាមួយ Wechat និង ដួសាន (Duoshan) ដែលជា Video-messaging app ក្នុងឆ្នាំ ២០១៩។
ការបង្កើតតិកតុក (TikTok)
តិកតុក (TikTok) ឬ ឌូយិន (Douyin) មានដើមកំណើតនៅក្នុងខែកញ្ញា ឆ្នាំ២០១៥ និងដំណើរការក្នុងឆ្នាំ២០១៦ ហើយហៅថា ឌូយិន (Douyin) នៅក្នុងប្រទេសចិន។ ក្នុងការបង្កើត App នេះគេចំណាយពេលត្រឹមតែ២០០ថ្ងៃតែប៉ុណ្ណោះ។ ក្នុងរយៈពេលត្រឹមតែមួយឆ្នាំ វាមានអ្នកចូលទៅប្រើប្រាស់ជាងមួយលាននាក់ហើយនិងវីដេអូជាងមួយពាន់លានវីដេអូ ដែលត្រូវបានគេមើលជារៀងរាល់ថ្ងៃ។ ក្រោយពីឃើញសន្ទុះនៃការប្រើប្រាស់មានការកើនឡើងយ៉ាងខ្លាំង លោក ចាង ក៏ចាប់ផ្តើមចង់ពង្រីក App នេះទៅជា App សម្រាប់ទីផ្សារអន្តរជាតិ។ ដូច្នេះក្នុងឆ្នាំ២០១៧ តិកតុក (TikTok) ត្រូវបានបង្កើតឡើង ហើយចាប់ផ្តើមដំណើរការនៅក្នុងទីផ្សារអន្តរជាតិ ដែលផ្តោតសំខាន់ទៅលើទ្វីបអាស៊ី និងសហរដ្ធអាមេរិក។ ទោះបីជាយ៉ាងណាក៏ដោយ តិកតុក មិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅក្នុងប្រទេសចិនទេ ហើយទិន្នន័យរបស់វាទាំងអស់ត្រូវស្តុកទុកនៅខាងក្រៅប្រទេសចិន។
នៅពេលដំណើរការតិកតុកបានរយៈពេលពីរខែ ក្រុមហ៊ុន បាយត៍ដាន់ស៍ បានចំណាយលុយ១ពាន់លានដុល្លារសហរដ្ធអាមេរិកដើម្បីទិញ Musically ដែលជា Startup មួយមានមូលដ្ធាននៅទីក្រុង សៀងហៃ។ ក្នុងខែសីហា ឆ្នាំ២០១៨ តិកតុកបានភ្ជាប់ជាមួយ Musically ដើម្បីបង្កើតឲ្យទៅជាសហគមន៍វីដេអូដ៏ធំមួយដែលមានទាំង គណនី និងទិន្នន័យរួមគ្នានៅក្នុង App មួយ ដែលអាចកំណត់ឈ្មោះថា តិកតុក (TikTok)។ នៅក្នុងខែកញ្ញា ឆ្នាំ២០១៨ តិកតុកបានដើរហួស Facebook Instagram YouTube និង SnapChat ជាមួយនឹងអ្នកចូលទៅ Download ប្រើប្រាស់ច្រើនជាងមួយពាន់លាននាក់។ ដោយសារភាពជោគជ័យនេះ វាបានធ្វើឲ្យតិកតុកបានកើនប្រាក់ចំណូលដល់ទៅ $75 billion នៅក្នុងឆ្នាំ២០២២៕
បកប្រែដោយ៖ ម៉ៅគុយដង់