អ្នកវិទ្យាសាស្ត្រចិនបានអះអាងថាពួកគេបានសម្រេចជោគជ័យក្នុងការលាយបញ្ចូលគ្នានៃរឿងទេវកថា និងវិទ្យាសាស្រ្តដោយបង្កើតបានសម្ភារៈកូនកាត់មួយបែបដ៏ទំនើបនៃអាវគ្របខាងក្រៅដែលអាចបិទបាំងមិនអោយរកឃើញបាន។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy អាចនឹងជំនួសមេបញ្ជាការកំពូលរបស់លោក គឺឧត្តមសេនីយ៍លោក Valery Zaluzhny បន្ទាប់ពីភាពតានតឹងរវាងអ្នកទាំងពីរបានរាយការណ៍មកមួយរយៈ។
-
កងទ័ពរបស់លោក Xi គ្រោងនឹងទទួលបានអាវគ្របមើលមិនឃើញក្នុងពេលឆាប់ៗ
យោងតាមសារព័ត៌មាន The EurAsian Times ចុះផ្សាយថ្ងៃទី០១ ខែកុម្ភៈបានអោយដឹងថា អ្នកវិទ្យាសាស្ត្រចិនបានអះអាងថា ពួកគេបានសម្រេចជោគជ័យក្នុងការលាយបញ្ចូលគ្នានៃរឿងទេវកថា និងវិទ្យាសាស្រ្ត ដោយបង្កើតបានសម្ភារៈកូនកាត់មួយបែបដ៏ទំនើបនៃអាវគ្របខាងក្រៅដែលអាចបិទបាំងមិនអោយរកឃើញបាន។
យោងតាមការអះអាងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយចិនបានឱ្យដឹងថា ដោយទទួលបានការបំផុសគំនិតចេញពីរឿងទេវកថា Chimera និងទទួលបានលក្ខណៈពិសេសនៃសត្វឈាមត្រជាក់ចំនួនបី-គឺសត្វ chameleon សត្វកង្កែបកញ្ចក់ និងសត្វនាគមានពុកចង្ការ -ធ្វើអោយអ្នកស្រាវជ្រាវអាចបោះជំហានយ៉ាងសំខាន់ទៅកាន់ការច្នៃប្រឌិតសម្ភារៈនេះ។
សម្ភារៈនេះមានឈ្មោះថា Chimera metamaterial មានសក្តានុពលក្នុងការផ្លាស់ប្តូរទាំងបច្ចេកវិទ្យាបំបាំងកាយយោធា និងកិច្ចខិតខំប្រឹងប្រែងអភិរក្សសត្វព្រៃ។ អ្នកវិទ្យាសាស្ត្របានធ្វើការពិសោធន៍ដោយផ្អែកលើយុទ្ធសាស្ត្ររស់រានមានជីវិតដោយឡែកៗរបស់សត្វនីមួយៗ។ សម្ភារៈនេះមានសមត្ថភាពក្នុងការបញ្ឆោតរលកអេឡិចត្រូម៉ាញេទិក ដែលធ្វើអោយវត្ថុមិនអាចរកឃើញបានដោយរ៉ាដា។
-
Zelenskyy បណ្តេញឧត្តមសេនីយ៍កំពូលអ៊ុយក្រែនពីតំណែង?
យោងតាមសារព័ត៌មាន Business Insider ចុះផ្សាយថ្ងៃទី០១ ខែកុម្ភៈបានអោយដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy អាចនឹងជំនួសមេបញ្ជាការកំពូលរបស់លោក គឺឧត្តមសេនីយ៍លោក Valery Zaluzhny បន្ទាប់ពីភាពតានតឹងរវាងអ្នកទាំងពីរបានរាយការណ៍មកមួយរយៈ។
ប្រភពបានអោយដឹងថា លោក Zelenskyy បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់លោក Zaluzhny នៅក្នុងកិច្ចប្រជុំដ៏ក្តៅគគុកមួយកាលពីថ្ងៃចន្ទថា លោកជឿជាក់ថា ភាពជាអ្នកដឹកនាំថ្មីនឹងអាចធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងក្នុងសង្រ្គាមរស់រវើកឡើងវិញ ដោយជួយជំរុញលើកទឹកចិត្តកងទ័ពអ៊ុយក្រែនដែលនឿយហត់ក្នុងការប្រយុទ្ធ និងអាចស្តារឡើងវិញនូវជំនួយរបស់លោកខាងលិចដែលជាប់គាំង។
-
រដ្ឋមន្ត្រីការបរទេសអង់គ្លេសបង្ហាញឆន្ទៈទទួលស្គាល់រដ្ឋប៉ាឡេស្ទីន
យោងតាមសារព័ត៌មាន The New York Times ចុះផ្សាយថ្ងៃទី៣០ ខែមករាបានអោយដឹងថាលោក David Cameron រដ្ឋមន្ត្រីការបរទេសរបស់ចក្រភពអង់គ្លេស បានផ្តល់សញ្ញាថា អង់គ្លេសមានឆន្ទៈក្នុងការបន្តការសន្ទនាអំពីការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ ដោយនិយាយថាប្រទេសរបស់លោក និងសម្ព័ន្ធមិត្តផ្សេងទៀតគួរតែបង្ហាញដល់ប្រជាជនប៉ាឡេស្ទីននូវ"ការគាំទ្រ និងវឌ្ឍនភាពឆ្ពោះទៅមុខ" ទៅរកគោលដៅដែលមិនអាចផ្លាស់ប្តូរ។
លោក Cameron បាននិយាយទៅកាន់ក្រុមប្រឹក្សាអភិរក្សមជ្ឈិមបូព៌ា ដែលជាអង្គការលើកកម្ពស់កិច្ចពិភាក្សាពីតំបន់កាលពីថ្ងៃចន្ទថា ការបង្ហាញពីវឌ្ឍនភាពឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីរគឺជាការចាំបាច់សម្រាប់ការចរចាសន្តិភាព និងបានហៅគោលនយោបាយសន្តិសុខរបស់អ៊ីស្រាអែលនៃបីទសវត្សរ៍ចុងក្រោយនេះថា "ជាការបរាជ័យ"។ រដ្ឋាភិបាលអង់គ្លេសបានកាន់ជំហរជាយូរមកហើយថា ខ្លួននឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនតែក្នុង"ពេលវេលាត្រឹមត្រូវ"ណាមួយដែលស្ថិតក្នុងដំណើរការសន្តិភាពជាមួយអ៊ីស្រាអែលប៉ុណ្ណោះ។