Moscow-
លោកប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo បាននិយាយនៅក្នុងទីក្រុងមូស្គូកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានពាំនាំយកសារមួយពីប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ទៅកាន់លោកប្រធានាធិបតីរុស្សី Vladimir Putin ។ Putin បានទទួលស្វាគមន៍ Widodo បន្ទាប់ពីទីក្រុងមូស្គូបានបើកការឈ្លានពានចូលអ៊ុយក្រែនអស់រយៈពេលជាង៤ខែ ខណៈដែលរុស្សីបានស្វែងរកការបង្វិលខ្លួនទៅកាន់ទ្វិបអាស៊ី និងអាហ្វ្រិក បន្ទាប់ពីមានការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ដែលមិនធ្លាប់មានពីមុន មកពីសំណាក់លោកខាងលិច។ ឥណ្ឌូណេស៊ីបានកាន់កាប់តួនាទីជាប្រធានប្តូរវេននៃ G-20 នៅក្នុងឆ្នាំនេះ និងបានរៀបចំ ដើម្បីឲ្យមានការប្រជុំកំពូលនៅកោះ Bali ឥណ្ឌូណេស៊ី ក្នុងខែវិច្ឆិកា។
“ខ្ញុំបាននាំយកមកនូវសាររបស់លោកប្រធានាធិបតី Zelensky ទៅជូនលោកប្រធានាធិបតី Vladimir Putin " Widodo បាននិយាយបន្ទាប់ពីបានជជែកជាមួយលោក Putin ក្នុងការធ្វើអត្ថាធិប្បាយមួយ ដែលបកប្រែជាភាសាររុស្សី។ Widodo បាននិយាយថា លោកបានបញ្ជាក់នូវការប្រុងប្រៀបរួចជាស្រេច ដើម្បីជួយចាប់ផ្តើម នូវការធ្វើទំនាកទំនងរវាងមេដឹកនាំទាំង២។ លោកមិនបានផ្តល់នូវការលំអិតបន្ថែមទៀតទេ ហើយក៏មិនមានភាគីខាងណាបាននិយាយអ្វីក្នុងកំណត់ ហេតុដែរ។ Widodo បានស្ថិតនៅក្នុងទីក្រុង Kyiv កាលពីថ្ងៃពុធ មុនពេលចេញដំណើរឆ្ពោះទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបជាមួយ Putin ដែលបានបញ្ជូនកងទ័ពចូលទៅក្នុងអ៊ុយក្រែន ដែលនិយមលោកខាងលិច កាលពីថ្ងៃទី២៤ ខែកុម្ភៈ។
“ទោះបីជាស្ថានភាពខាងក្រៅនៅតែមានការលំបាក តែវាមានសារៈសំខាន់ណាស់ដែលយើងត្រូវតែធ្វើដំណើរទៅមុខ ដើម្បីឲ្យមានដំណោះស្រាយមួយ និងការជជែកគ្នាជាចំហរ" Widodo បាននិយាយនៅក្នុងទីក្រុងមូស្គូ។ លោកបាននិយាយថា ប្រទេសរបស់លោកចង់ឲ្យសង្រ្គាមបញ្ចប់ទៅដោយឆាប់រហ័ស។ “ខ្ញុំសូមអំពាវនាវឲ្យមេដឹកនាំពិភពលោកទាំងអស់ ធ្វើឲ្យរស់ឡើងវិញនូវស្មារតីនៃកិច្ចសហប្រតិបត្តិការណ៍" Widodo បានបន្ថែម។ ទីក្រុង Jakarta បានស្ថិតនៅក្រោមសម្ពាធរបស់លោកខាងលិច ដើម្បីទាត់ចោលលោក Putin G-20 នូវការអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូល បន្ទាប់ពីបានប្រកាសថា Putin ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនេះកាលពីខែមេសា។
Zelensky បានប្រាប់ Widodo កាលពីថ្ងៃពុធថា លោកនឹងចូលរួមនៅក្នុងកិច្ចប្រជុំកំពូល G-20 ក្នុងពេលខាងមុខនៅកោះ Bali វាអាស្រ័យនៅលើថា តើមានអ្នកណាខ្លះនឹងចូលរួម។ Putin កាលពីថ្ងៃព្រហស្បតិ៍បានកោតសសើរថា ការជជែកគ្នាជាមួយ Widodo ប្រកបទៅដោយន័យស្ថាបនា។ “ខ្ញុំជឿជាក់ថា កិច្ចព្រមព្រៀងដែលបានព្រមព្រៀងក្នុងថ្ងៃនេះ វានឹងពង្រឹងនូវភាពជាដៃគូររវាងរុស្សីនិងឥណ្ឌូណេស៊ី" Putin បាននិយាយ។ គួររំលឹកដែរថា ដោយសារតែវត្តមានរបស់លោកប្រធានាធិបតី Vladimir Putin អាចនឹងកើតមានឡើងនៅក្នុងកិច្ចប្រជុំកំពូល G-20 នៅក្នុងពេលខាងមុខនេះ បញ្ជីរឈ្មោះនៃអ្នកចូលរួមនៅមិនទាន់ច្បាស់នៅឡើយ៕