Ncbcnews-
រុស្សីអាចនឹងចាប់ផ្តើមរួចទៅហើយនូវសង្រ្គាមលោកលើកទី៣ លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយ NBCNews កាលពីថ្ងៃពុធ។ លទ្ធផលនៃការឈ្លានពានរបស់លោកប្រធានាធិបតីរុស្សី Vladimir Putin មិនទាន់បានសម្រេចនៅឡើយទេ ប៉ុន្តែវាជាសេចក្តីសម្រេចដែលអាចធ្វើទៅបានដោយរៀបចំផ្លូវទៅកាន់សង្រ្គាមពិភពលោកមួយ ដែលមានទ្រង់ទ្រាយធំ, Zelensky បាននិយាយប្រាប់ NBC Nightly News នៅពេលដែលពិធីករ Lester Holt បានសួរថា តើលោកមានយល់ពីការខ្វាយខ្វល់របស់លោកប្រធានាធិបតី Joe- Biden ក្នុងការដែលមិនបង្កើននូវភាពតានតឹង ឬក៏បង្កហេតុជាមួយទីក្រុងមូស្គូដែរឬទេ?
“គ្មាននរណាម្នាក់ដឹងថា តើវាបានចាប់ផ្តើមរួចទៅហើយ និងអ្វីទៅដែលជាលទ្ធភាពនៃសង្រ្គាមនេះបើសិនជាអ៊ុយក្រែនដួលរលំ ក្នុងករណីដែលអ៊ុយក្រែនដួលរលំ យើងនឹងពិបាកនិយាយណាស់” Zelensky និយាយ។ យើងបានឃើញរឿងនេះ៨០ឆ្នាំមកហើយ នៅពេលដែលសង្រ្គាមលោកលើកទី២បានចាប់ផ្តើម គ្មានអ្នកណាម្នាក់អាចទស្សន៍ទាយដឹងថា នៅពេលណាដែលសង្រ្គាមលោកនឹងចាប់ផ្តើម។ លោកបានបន្ថែមថាលទ្ធផលនៃសង្រ្គាមនេះបានដាក់ភាពស៊ីវិល័យចូលទៅក្នុងភាពគ្រោះថ្នាក់។
Zelensky បាននិយាយថា ប្រជាពលរដ្ឋអ៊ុយក្រែននឹងមិនអាចឲ្យគេបង្រ្កាបបានទេ បើទោះបីជាទីក្រុងទាំងឡាយត្រូវបានកាន់កាប់ដោយកងទ័ពរុស្សីរួមទាំងរដ្ឋធានី Kyiv ។ "កងទ័ពរុស្សីអាចកាន់កាប់ទឹកដី ប៉ុន្តែពួកគេមិនអាចចាប់យកក្តីស្រឡាញ់ និងសេចក្តីថ្លៃថ្នូរចំពោះប្រទេសគេបានឡើយ" លោកនិយាយ។ “នេះគឺជាអ្វីដែលប្រជាពលរដ្ឋយើងបានបង្ហាញ” Zelensky បាននិយាយ “ទោះបីផ្ទះសម្បែង និងទីជម្រកត្រូវបានបំផ្លាញឲ្យក្លាយទៅជាផេះផង់ដោយកាំភ្លើងធំរុស្សី ឬក៏មិនបានបំផ្លាញ និងឈ្លានពានដោយរុស្សីក៏ដោយ”។
Zelensky បានថ្លែងសុន្ទរកថាតាមវីឌីអូទៅកាន់សភាទាំង២របស់អាមេរិកកាលពីព្រឹកថ្ងៃពុធ ដោយទទូចសុំឲ្យ NATO បង្កើតឲ្យមានតំបន់គ្មានការហោះហើរនៅលើដែនអាកាសអ៊ុយក្រែន លោកបានអំពាវនាវឲ្យមានការគាំទ្រដ៏ខ្លាំងក្លាពីសភានិងប្រធានាធិបតីអាមេរិក ដោយហៅការឈ្លានពាននេះជាថាជាភេវរកម្មដែលអឺរ៉ុបមិនធ្លាប់បានឃើញអស់រយៈពេល៨០ឆ្នាំមកហើយ។ “ខ្ញុំមានសុបិន្តមួយ ខ្ញុំអាចនិយាយថា ខ្ញំត្រូវការការពារដែនអាកាសរបស់ខ្ញុំ ខ្ញុំត្រូវការសេចក្តីសម្រេចចិត្តរបស់អ្នក ជំនួយរបស់អ្នក ដែលមានន័យដូចគ្នានឹងការទទួលនូវអារម្មណ៍នៅពេលដែលអ្នកលឺខ្ញុំនិយាយថា ខ្ញុំសុបិន្តឃើញ”៕