1. អាមេរិកហៅកងកម្លាំងបម្រុងត្រៀមធ្វើសង្គ្រាមជាមួយរុស្ស៊ីក្រោយបរាជ័យវាយបករបស់អ៊ុយក្រែន
យោងតាមសារព័ត៌មាន Politicoចុះផ្សាយថ្ងៃទី១៣ ខែកក្កដាបានអោយដឹងថា លោកប្រធានាធិបតី Joe Biden បានអនុញ្ញាតឱ្យយោធាកោះហៅទាហានបម្រុងចំនួន 3,000 នាក់ ដើម្បីគាំទ្រប្រតិបត្តិការនៅក្នុងទ្វីបអឺរ៉ុបបន្ទាប់ពីមនុស្សរាប់ម៉ឺននាក់ត្រូវបានបញ្ជូនទៅទីនោះកាលពីឆ្នាំមុនបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែននេះបើតាមឧត្តមសេនីយកំពូលម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍។ ទោះបីជាវាមិនច្បាស់ថាតើរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin គ្រោងនឹងដាក់ពង្រាយក្រុមបម្រុងទាំងនេះនៅពេលណាក៏ដោយ ជំហាននេះបង្ហាញឃើញថាបេសកកម្មហ្វឹកហ្វឺនរបស់យោធាអាមេរិកនៅអឺរ៉ុប រួមជាមួយនឹងការដាក់ពង្រាយកងពលតូចថ្មីជាច្រើនបន្ទាប់ពីការឈ្លានពាន បានពង្រីកកងកម្លាំងយ៉ាងសកម្ម។ លោកឧត្តមសេនីយ Douglas Sims នាយកប្រតិបត្តិការសម្រាប់បុគ្គលិករួម បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា"នេះបញ្ជាក់ជាថ្មីនូវការគាំទ្រ និងការប្តេជ្ញាចិត្តដែលមិនផ្លាស់ប្តូរទៅកាន់កងកម្លាំងការពារផ្នែកខាងកើតរបស់ណាតូបន្ទាប់ពីការបង្កសង្គ្រាមខុសច្បាប់របស់រុស្ស៊ីមកលើអ៊ុយក្រែន" ។
2. ន័រវេសផ្ទេរប្រព័ន្ធបាញ់មីស៊ីល NASAMS និងដ្រូន Black Hornet ដល់អ៊ុយក្រែន
យោងតាមសារព័ត៌មាន UKRINFORM ចុះផ្សាយថ្ងៃទី១២ ខែកក្កដាបានអោយដឹងថា ប្រទេសន័រវេសកំពុងប្រគល់ប្រព័ន្ធបាញ់មីស៊ីល NASAMS ចំនួនពីរគ្រឿង និងដ្រូន Black Hornet ចំនួនមួយពាន់គ្រឿងទៅឱ្យអ៊ុយក្រែន។ នេះបើយោងតាមក្រសួងការពារជាតិន័រវេសសរសេរឡើងនៅលើបណ្ដាញសង្គម Twitter។ ក្រសួងបានដកស្រង់សម្តីរដ្ឋមន្ត្រីការពារជាតិលោក Bjørn Arild Gram ថា "ប្រទេសន័រវេសបានឧបត្ថម្ភដល់អ៊ុយក្រែននូវកញ្ចប់ជំនួយប្រព័ន្ធ NASAMS ដែលមានមជ្ឈមណ្ឌលគ្រប់គ្រងភ្លើងចំនួនពីរបន្ថែម ប្រព័ន្ធបាញ់បង្ហោះចំនួនពីរគ្រឿង និងគ្រឿងបន្លាស់ ដើម្បី ធានាបាននូវភាពអត់ធន់ ការប្រើប្រាស់ឡើងវិញ និងភាពបត់បែននៅក្នុងប្រព័ន្ធការពារដែនអាកាសដែលបានបរិច្ចាកនេះសំរាប់អ៊ុយក្រែន" ។ លើសពីនេះ ប្រទេសន័រវេសក៏កំពុងផ្ទេរណាណូដ្រូន Black Hornet ចំនួន 1,000 គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែនសម្រាប់ការឃ្លាំមើល និងឈ្លបយកការណ៍ផងដែរ។ គួរបញ្ជាក់ផងដែរ ណាណូដ្រូនគឺជាដ្រូនដែលមានទំហំតូច ទំងន់ស្រាលជាង២៥០ក្រាម និងរង្វាស់តូចជាង២៥សង់ទីម៉ែត្រ។ តាមការរាយការណ៍របស់កាសែត Ukrinform រដ្ឋាភិបាលន័រវេសនឹងបង្កើនទំហំនៃមូលនិធិជំនួយយោធាសម្រាប់អ៊ុយក្រែនរហូតដល់ទៅ 10 ពាន់លាន ក្រូនន័រវេស (Norwegian kroner) នៅឆ្នាំនេះ។
3. អាមេរិកនៅពីក្រោយការបន្តសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន
យោងតាមសារព័ត៌មាន Daily News Hungary ចុះផ្សាយថ្ងៃទី១៤ ខែកក្កដាបានអោយដឹងថា នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orbán បាននិយាយកាលពីថ្ងៃសុក្រថា ជម្លោះនៅអ៊ុយក្រែននឹងនៅតែបន្តដោយសារតែ "ពួកលោកខាងលិចចង់ឱ្យសង្រ្គាមនេះនៅតែបន្ត" ។ លោក Orbán បានប្រាប់វិទ្យុសាធារណៈថា"រដ្ឋាភិបាលមានភារកិច្ចខុសគ្នាខ្លាំង ហើយប្រជាជនហុងគ្រីនឹងមានអនាគតខុសគ្នាដែរ អាស្រ័យលើថាតើមានសង្រ្គាម ឬមិនមានសង្រ្គាម"។ លោក Orbán បាននិយាយថា "សមាមាត្រ និងចំនួនអ្នកគាំទ្រអោយមានសង្គ្រាមនៅតែមានច្រើនលើសលប់ ហើយយើងស្ទើរតែគ្មាននរណាប្រើសំឡេងដើម្បីសន្តិភាពទេ"។ លោកបានបន្ថែមថា៖ "យើងត្រូវតែត្រៀមខ្លួនថាសង្រ្គាមនិងទណ្ឌកម្មសេដ្ឋកិច្ចនឹងមិនរលាយបាត់ពីជីវិតរបស់យើងទេ ហើយប្រសិនបើវាកើតឡើងមែន ផ្នែកធំនៃបញ្ហាសេដ្ឋកិច្ចនឹងត្រូវតែនៅបន្តបែបនេះ" ។ លោក Orbán បាននិយាយថា នៅក្នុងស្ថានភាពបច្ចុប្បន្ន "យើងត្រូវតែកាត់បន្ថយអតិផរណា"។ លោកបានបន្តថា ប្រព័ន្ធត្រួតពិនិត្យតម្លៃមានប្រយោជន៍ច្រើនក្នុងបញ្ហានេះ ហើយបានបន្ថែមថាការបញ្ចុះតម្លៃម្ហូបអាហារជាកាតព្វកិច្ចក៏ត្រូវបានណែនាំផងដែរ។ លោកបានបន្ថែមថា "យើងអាចឃើញថាអត្រាអតិផរណានឹងថយចុះជារៀងរាល់ខែ"។