Reuters-
អ៊ុយក្រែនរំពឹងថានឹងបានទទួលអាវុធបន្ថែមទៀតពីសម្ព័ន្ធមិត្តបន្ទាប់ពីមានការអះអាងជាថ្មីទៀតរបស់សហរដ្ឋអាមេរិកថានឹងជួយ លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយ ខណៈដែលសមរភូមិខាងកើតអ៊ុយក្រែនបានឆាបឆេះយ៉ាងខ្លាំងអស់រយៈពេល១០០ថ្ងៃនៃការឈ្លានពានរបស់រុស្សី។ កងទ័ពរុស្សីបច្ចុប្បន្ននេះបានកាន់កាប់ទឹកដីរបស់អ៊ុយក្រែនប្រហែលជា២០% បើយោងទៅតាម Zelensky ។ កងទ័ពប្រធានាធិបតីរុស្សី Vladimir Putin កំពុងតែផ្តោតទៅលើតំបន់ឧស្សាហកម្ម Donbas ដែលមានខេត្ត២ គឺ Luhansk និង Donetsk ក្នុងក្តីសង្ឃឹមថានឹងបានទទួលជ័យជំនះដែលនឹងលើកមុខមាត់របស់ខ្លួន។
ជនស៊ីវិល៣នាក់ត្រូវបានសម្លាប់នៅក្នុង Donetsk រួមបញ្ចូលទាំង២នាក់ទៀតនៅក្នុងទីក្រុងដែលផលិតធ្យូងថ្ម Adiivka និង៩នាក់ផ្សេងទៀតត្រូវរងរបួស។ អភិបាលក្រុង Pavlo Kyrylenko បាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍។ Reuters មិនអាចនឹងបញ្ជាក់ភ្លាមៗពីសេចក្តីលំអិតលើរឿងនេះ។ "ការកាន់កាប់ជាបណ្តោះអាសន្ននៃទឹកដីទាំងស្រុងនៃរដ្ឋរបស់យើង ឥឡូវនេះបានក្លាយទៅជាតំបន់ដែលខ្ទេចខ្ទាំស្ទើរតែមូល ដែលជាការទទួលខុសត្រូវរបស់រុស្សី" Zelensky បាននិយាយនៅក្នុងសុន្ទរកថានៅក្នុងពេលយប់។
"យើងកំពុងតែរំពឹងអំពីដំណឹងល្អលើការផ្គត់ផ្គង់សព្វាវុធពីដៃគូរដ៏ទៃទៀត យើងកំពុងតែធ្វើការដើម្បីនាំយកមកនូវសព្វាវុធនៃប្រព័ន្ធប្រយុទ្ធទំនើបដែលមានកំរិតយ៉ាងខ្ពស់" លោកនិយាយ។ រុស្សីបានចោទប្រកាន់សហរដ្ឋអាមេរិកថាជាអ្នកបន្ថែមប្រេងទៅលើភ្លើង ជាមួយនឹងកញ្ចប់ជំនួយយោធាថ្មីដែលមានចំនួយទឹកប្រាក់ចំនួន ៧០០ លានដុល្លារសហរដ្ឋអាមេរិកសំរាប់អ៊ុយក្រែន ដែលនឹងរាប់បញ្ចូលទាំងប្រព័ន្ធរ៉ុក្កែតដ៏ទំនើបដែលមានរយៈចម្ងាយជាង៨០គ.ម.។ រដ្ឋការលោកប្រធានាធិបតី Joe- Biden បាននិយាយម្តងហើយម្តងទៀតថា លោកបានទទួលនូវការធានាពីអ៊ុយក្រែនថា នឹងមិនប្រើប្រាស់ប្រព័ន្ធរ៉ុក្កែតនេះបាញ់ចូលទៅក្នុងទឹកដីរុស្សីឡើយ។
រុស្សីបាននិយាយថាខ្លួនកំពុងតែមានការពាក់ព័ន្ធទៅក្នុង “ប្រតិបត្តិការយោធាពិសេសមួយ” ដើម្បីដកអាវុធពួក Nazis ដែលជាប្រទេសជិតខាងរបស់ខ្លួន។ អ៊ុយក្រែននិងសម្ព័ន្ធមិត្តបានហៅរឿងនេះថាជាលេសដែលគ្មានមូលដ្ឋានសំរាប់សង្រ្គាមមួយ ដែលបានសម្លាប់មនុស្សជាច្រើនពាន់នាក់ កំទេចទីក្រុងរាបដល់ដីនិងបានបង្ខំឲ្យមនុស្សជាង៦លាននាក់បានរត់ចាកចេញពីប្រទេស។ ទីក្រុងមូស្គូបានប្រកែកថាខ្លូនមិនបានយកជនស៊ីវិលជាគោលដៅនោះទេ ព្រមទាំងបាននិយាយថាហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែនត្រូវបានគេយកមកប្រើប្រាស់ដើម្បីនាំអាវុធរបស់លោកខាងលិចចូលមកថាជារឿងស្របច្បាប់។