ឯកសារតុលាការបានលាតត្រដាងថា តារាចម្រៀង Zayn Malik បានអង្វរកុំឲ្យមានការចោទប្រកាន់ពីបទបៀតបៀន កាលពីដើមខែតុលា បន្ទាប់ពីមានជម្លោះជាមួយ Yolanda Hadid ដែលជាម្តាយរបស់ដៃគូរបស់គាត់ កំពូលតារាម៉ូដែល Gigi Hadid។ លោក Malik ដែលមានអាយុ 28 ឆ្នាំ ត្រូវបានចោទប្រកាន់នៅក្នុងខែកញ្ញា ទៅលើការបៀតបៀនចំនួន 4 ករណី។
នៅក្នុងការដកស្រង់ឯកសារនៅតុលាការ Magisterial ក្នុងរដ្ឋ Pennsylvania លោក Malik ត្រូវបានចោទប្រកាន់ថាបាននិយាយ "ពាក្យជេរប្រមាថ ឃោរឃៅ គំរាមកំហែង ឬអាសអាភាស" ទៅកាន់ Yolanda Hadid, Gigi Hadid និង John McMahon ដែល TMZ កំណត់ថាជា សន្តិសុខម្នាក់។ អតីតតារាចម្រៀង One Direction ក៏ត្រូវបានចោទប្រកាន់ពីបទធ្វើបាបរាងកាយ Yolanda Hadid ជាមួយនឹងការបញ្ជាក់ថាលោក Malik " បានចាប់ និងរុញនាងចូលទៅក្នុងទូសម្លៀកបំពាក់ ដែលបណ្តាលឱ្យមានការឈឺចាប់ទាំងរាងកាយ និង ផ្លូវចិត្ត" ។
នៅក្នុងការអង្វរតាមសំបុត្ររបស់គាត់ Malik បានសរសេរ "Nolo" ដែលជាពាក្យខ្លីសម្រាប់ "Nolo Contendere" (គ្មានការប្រឆាំង) ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ទាំងអស់ ប៉ុន្តែបុគ្គលិកតុលាការម្នាក់បានយកវា ដើម្បីធ្វើជាការសារភាពទទួលកំហុស ដោយកត់សម្គាល់ថា ការអង្វររបស់ Malik មិនមែនជាជម្រើសសម្រាប់កម្រិតនៃបទល្មើសដែលបានចោទប្រកាន់នោះទេ នេះយោងតាមឯកសាររបស់តុលាការ។
បន្ថែមពីលើការអង្វររបស់គាត់ លោក Malik បានយល់ព្រមលើការដាក់ឲ្យនៅក្រោមការត្រួតពិនិត្យអាកប្បកិរិយារបស់គាត់ ដែលមានរយៈពេលសរុបចំនួន 360 ថ្ងៃ ហើយនឹងយល់ព្រមចូលរៀននៅក្នុងថ្នាក់ការគ្រប់គ្រងកំហឹង និងកម្មវិធីទាក់ទងទៅនឹងអំពើហិង្សាក្នុងគ្រួសារផងដែរ។ គាត់ក៏បានយល់ព្រមថានឹងមិនមានការទាក់ទងជាមួយ Yolanda Hadid ឬ McMahon ទេ។
ការដាក់ឲ្យនៅក្រោមការត្រួតពិនិត្យអាកប្បកិរិយារបស់គាត់ នឹងបញ្ចប់នៅក្នុងរយៈពេលប្រាំមួយខែនេះ ប្រសិនបើមិនមានការរំលោភបំពានណាមួយនោះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចែករំលែកនៅលើគណនី Twitter ផ្លូវការរបស់គាត់ តារាចម្រៀងម្ចាស់បទ "PILLOWTALK" នេះបានសរសេរថា ឧប្បត្តិហេតុនេះ "គួរតែជារឿងឯកជន" ។
លោកបាននិយាយថា “នេះនៅតែជារឿងឯកជន ប៉ុន្តែពេលនេះវាមើលទៅដូចជាការបែកបាក់គ្នា ហើយទោះបីជាខ្ញុំខំប្រឹងស្តារគ្រួសារឲ្យមានសន្តិភាពនឹងគ្នា ដែលអាចឱ្យខ្ញុំមើលថែកូនស្រីរបស់ខ្ញុំតាមដែលនាងសមនឹងទទួលបាន” ។ Malik បាននិយាយបន្តទៀតថា គាត់មានសង្ឃឹមថានឹងអាចប៉ះប៉ូវនូវអ្វីដែលគាត់បាននិយាយពាក្យមិនល្អទៅលើអ្នកនៅក្នុងរឿងនេះ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត ខ្ញុំនៅតែមានការប្រុងប្រយ័ត្នដើម្បីការពារ Khai និងផ្តល់ឱ្យនាងនូវភាពឯកជនដែលនាងសមនឹងទទួលបាន។
Malik និង Gigi Hadid បានស្វាគមន៍កូនស្រីរបស់ពួកគេ Khai នៅខែកញ្ញា 2020 ។ តំណាងរបស់ Gigi Hadid បានចេញសេចក្តីថ្លែងការណ៍មួយទៅកាន់ E!News ដោយបាននិយាយថា "Gigi គឺផ្តោតតែលើអ្វីដែលល្អបំផុតសម្រាប់ Khai ហើយនាងសុំភាពឯកជនក្នុងអំឡុងពេលនេះ"។ Yolanda Hadid មិនទាន់និយាយជាសាធារណៈអំពីបញ្ហានេះនៅឡើយទេ។
អត្តបទដកស្រង់ពី CNN
បកប្រែនិងកែសម្រួលដោយលោក គីមម៉េង