កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ កម្មវិធី The Rapper Cambodia បានធ្វើការបង្ហាញសមត្ថភាពជើងខ្លាំងទាំង៧រូបរួចមកហើយតាមរយៈវគ្គ Final Rhyme ដើម្បីសម្រាប់ទស្សនិកជនធ្វើការបោះឆ្នោតជ្រើសរើសម្ចាស់ពាននៅក្នុងរដូវកាលទី១នេះ។ ចំណែកនៅក្នុងវគ្គផ្តាច់ព្រ័ត្រវិញ គឺនឹងធ្វើឡើងជាការប្រគំតន្រ្តីហ៊ីបហប់ខ្នាតធំបំផុតប្រចាំឆ្នាំតែម្តង ដែលនឹងធ្វើឡើងនៅឯទីតាំងកោះនរា ដោយអាចចូលរួមទស្សនាដោយសេរី នៅសប្តាហ៍ក្រោយនេះនៅថ្ងៃអាទិត្យទី២៤ ខែធ្នូខាងមុខ។
កត់សម្គាល់ឃើញថានៅក្នុងវគ្គ Final Rhyme សប្តាហ៍នេះ បេក្ខជនជើងខ្លាំងដ៏លេចធ្លោមួយរូបរបស់យើងគឺលោក Yuuhai បានទាក់ទាញការចាប់អារម្មណ៍របស់ទស្សនិកជនសាជាថ្មីទៀតហើយ តាមរយៈ Performance ដ៏កក្រើកឆាករបស់លោក គឺបទ«Escape» ដែលលោកបានប្រើប្រាស់ទាំងសមត្ថភាពនៃការរ៉េប និងសិល្បៈនៃការសម្តែងមកបកស្រាយពីបញ្ហាសំពាធផ្លូវចិត្តដែលមនុស្សម្នាក់ៗនាពេលបច្ចុប្បន្នកំពុងប្រឈម។
ក្រោយ Performance របស់លោក Yuuhai លោកក៏បានរៀបរាប់ទៅកាន់ទស្សនិកជន និងពិធីករអោយដឹងថា បញ្ហាសុខភាពផ្លូវចិត្តគឺបញ្ហាដែលមនុស្សជាច្រើនយល់ឃើញថាជារឿងតូចតាច និងមើលរំលង ប៉ុន្តែជាការពិតទៅប្រសិនបើយើងកំពុងស្ថិតនៅក្នុងស្ថានភាពមានសំពាធផ្លូវចិត្ត យើងត្រូវតែនាំខ្លួនឯងចេញពីទីកន្លែងនោះ កុំឃុំឃាំងខ្លួនឯងនៅខាងក្នុងគុកឥតស្រមោលបែបនេះ។
យ៉ាងណាមិញកាន់តែវិសេសវិសាលជាងនេះផងដែរ Performance មួយនេះក៏បានចូលរួមសម្តែងពី Coach របស់លោកផ្ទាល់គឺលោក Norith ផងដែរ ដែលកាន់តែធ្វើអោយ Boom ឆាកតន្រ្តីកាលពីចុងសប្តាហ៍មុននេះ។ គួរបញ្ជាក់ផងដែរថា លោក Goofy ដែលជាបេក្ខជនមួយរូបទៀតនៅក្នុងវគ្គផ្តាច់ព្រ័ត្រនេះ ក៏បានធ្វើការសម្តែងរួមគ្នាជាមួយនឹងគ្រូបង្វឹករបស់លោកផងដែរ ដែលគឺជាលោក Norith ដូចគ្នា។ តើទស្សនិកជនយល់ឃើញយ៉ាងណាដែរចំពោះ Performance របស់លោក Yuuhai នៅ Final Rhyme នេះ?