1. ផ្ទុះអគ្គីភ័យមួយទៀតវាយប្រហាររុស្ស៊ីនៅក្រសួងការពារជាតិ
អគ្គីភ័យបានឆាបឆេះក្រសួងការពារជាតិរុស្ស៊ីកាលពីយប់មិញ ដែលនៅមិនឆ្ងាយប៉ុន្មានពីវិមានក្រឹមឡាំង។ អគ្គីភ័យបានឆាបឆេះឡើង ខណៈពេលដែលលោក វ្ល៉ាឌីមៀ ពូទីន បានកំពុងតែជួបពិភាក្សាជាមួយនឹងលោកប្រធានាធិបតីបេឡារុស្ស Alexander Lukashenko នៅវិមានក្រឹមឡាំង និងអាចមើលឃើញអគ្គីភ័យបាន ។ គេសង្កេតឃើញថាមានផ្សែងខ្មៅត្រូវបានហុយចេញពីបង្អួចជាន់ទីបីនៃទីស្នាក់ការក្រសួងការពារជាតិដែលមានទីតាំងនៅផ្លូវ 19 Znamenka។ វីដេអូដែលត្រូវបានចែករំលែកដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅលើបណ្តាញសង្គមបានបង្ហាញរូបភាពអ័ព្ទផ្សែងខ្មៅក្រាស់ហុយទ្រលោម និងមានមនុស្សប្រហែល 50 នាក់ត្រូវបានជម្លៀសចេញ ខណៈដែលអណ្តាតភ្លើងបានឆាបឆេះពេញទីស្នាក់ការ។ សេវាសង្គ្រោះបន្ទាន់បានមកដល់ ហើយអគ្គីភ័យតូចក៏ត្រូវបានពន្លត់ភ្លាមៗបន្ទាប់ពីវាបានចាប់ផ្តើម។ ទីភ្នាក់ងារព័ត៌មាន TASS របស់រុស្ស៊ីបានរាយការណ៍ថាមិនមានអ្នករងរបួសទេ។ របាយការណ៍មួយចំនួនបានបង្ហាញថាផ្នែកដែលត្រូវអគ្គីភ័យឆាបឆេះគឺជានាយកដ្ឋានទ្រព្យសម្បត្តិយោធាដែលបំពេញលើរាល់គ្រឿងបរិក្ខារនានានៅទូទាំងប្រទេស។ប្រធានផ្នែកអង្គភាពសំងាត់អ៊ុយក្រែន លោកឧត្តមសេនីយ Kyrylo Budanov បានប្រាប់ទស្សនាវដ្តី Forbes កាលពីខែមុនថា រុស្ស៊ីបានកំពុងប្រទះហេតុការណ៍បន្ទុះ និងអគ្គីភ័យចម្លែកៗជាច្រើនបានកើតឡើង។លោកបាននិយាយថា "ភាគច្រើននេះមិនមែនជាឧបទ្ទវហេតុទេ" ដោយបានសារភាពថាអ៊ុយក្រែនបានបង់ថ្លៃប្រាក់ឈ្នួលអោយអ្នកទៅបំផ្លាញរុស្ស៊ី។
2. រុស្ស៊ីផ្ទុះកំហឹងលើណាតូបន្ទាប់ពីហ្វាំងឡង់ប្រកាសចូល
ក្រុមអ្នកវិភាគបានព្រមានថា ការចូលរួមរបស់ប្រទេសហ្វាំងឡង់ជាមួយសម្ព័ន្ធភាពណាតូអាចជំរុញឱ្យរុស្ស៊ីបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនដែលឈរជើងនៅក្នុងរង្វង់អាកទិក។ ខណៈដែលទីក្រុងម៉ូស្គូមិនបានបញ្ជាក់ថា តើវិធានការវាយបកទប់ទល់ទៅវិញទាំងនេះអាចជាអ្វី ប្រមុខនៃក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា យន្តហោះចម្បាំងបេឡារុស្សត្រូវបានកែតំរូវអោយប្រសើរឡើងដើម្បីបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែររបស់រុស្ស៊ី ខណៈដែលលោកពូទីនបាននិយាយថាលោកមានគម្រោងដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសជិតខាង។ក្រុមអ្នកវិភាគក៏បានព្រមានដែរថា មេដឹកនាំរបស់ទីក្រុងមូស្គូនឹងចាត់ទុកការចូលរួមរបស់ហ្វាំងឡង់ថាជាការគំរាមកំហែងដល់ឧបទ្វីបកូឡា ដែលជាកន្លែងដែលមូលដ្ឋានយោធារុស្ស៊ីប្រមូលផ្តុំអាវុធនុយក្លេអ៊ែរដ៏ធំបំផុតនៅលើពិភពលោក។ ព្រំដែនរបស់ណាតូឥឡូវក៏នៅជិតនឹងទីក្រុង St Petersburg ដែលជាទីក្រុងទី២របស់រុស្ស៊ីផងដែរ។ ការពង្រីកនេះក៏អាចត្រូវបានគេយល់ឃើញថាជាការគម្រាមកំហែងដល់សមយុទ្ធកងទ័ពជើងទឹករុស្ស៊ីនៅសមុទ្របាល់ទិក ក៏ដូចជាតំបន់ Kaliningrad exclave ដែលនឹងត្រូវហ៊ុំព័ទ្ធដោយរដ្ឋសមាជិកណាតូក្នុងពេលឆាប់ៗនេះ។ ទីក្រុងមូស្គូបានផ្ទុះកំហឹងឡើងចំពោះទង្វើនេះ ដែលយកព្រំដែនរបស់ខ្លួនជាមួយរដ្ឋសមាជិកណាតូដល់ទៅ 1,550 ម៉ាយ ដោយចាត់ទុកវាថាជាការវាយលុកលើសន្តិសុខ និងផលប្រយោជន៍ជាតិរបស់រុស្ស៊ី។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា"នេះបង្ខំឱ្យយើងចាត់វិធានការតបត...ក្នុងបែបបទតាក់តិច និងយុទ្ធសាស្ត្រ" ។ គួររំលឹកផងដែរថា ហ្វាំងឡង់ដោយត្រូវបានឈ្លានពានពីប្រទេសជិតខាងដ៏ធំរបស់ខ្លួនគឺសហភាពសូវៀតក្នុងឆ្នាំ1939មក ទើបគេបានដាក់ខ្លួនឯងនៅក្រៅអង្គការណាតូពេញមួយសង្គ្រាមត្រជាក់។
3. រូបិយប័ណ្ណ Yuan និង Dollar ធ្វើសង្គ្រាមដណ្តើមឧត្តមភាពទីផ្សារ
ភាពចលាចលផ្នែកធនាគាររបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះកំពុងធ្វើឱ្យមានការសង្ស័យលើសមត្ថភាពរបស់អាមេរិកក្នុងការរក្សាភាពជាអ្នកដឹកនាំនៃប្រព័ន្ធរូបិយវត្ថុពិភពលោក។ ទីក្រុងវ៉ាស៊ីនតោនត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីពង្រឹងទំនុកចិត្ត រួមទាំងការពង្រីកខ្សែឥណទានប្រាក់ដុល្លារទៅកាន់ប្រទេសក្នុងតំបន់អាស៊ី។ ការធ្លាក់ចុះដោយផ្ទាល់នៅក្នុងទីផ្សារធនាគារអាស៊ីត្រូវបានកំណត់។ប៉ុន្តែផលប៉ះពាល់រយៈពេលវែងទំនងជាមានសារៈសំខាន់។ នៅអាស៊ីឧត្តមភាពហិរញ្ញវត្ថុសកលរបស់សហរដ្ឋអាមេរិកកំពុងត្រូវបានប្រកួតប្រជែងខ្លាំងបំផុតដោយប្រទេសចិនផងដែរ។ ឆ្លើយតបទៅនឹងបញ្ហាភាពរង្គោះរង្គើនៃធនាគារចុងក្រោយនេះ ធនាគារកណ្តាលសហព័ន្ធ និងធនាគារកណ្តាលចំនួនប្រាំបានរៀបចំប្រព័ន្ធ Swap lines ជាមួយនឹងធនាគារកណ្តាលអឺរ៉ុប ធនាគារជប៉ុន ធនាគារអង់គ្លេស ធនាគារកាណាដា និងធនាគារជាតិស្វីសដើម្បីផ្តល់ការប្តូរប្រាក់ដុល្លាជារៀងរាល់ថ្ងៃជំនួសឱ្យប្រចាំសប្តាហ៍វិញ។ ដោយមិនមានការសង្ស័យនោះទេ សហរដ្ឋអាមេរិកកំពុងបារម្ភថា ប្រសិនបើបើកប្រព័ន្ធ Swap lines ជាអចិន្ត្រៃយ៍ដល់ប្រទេសកំពុងអភិវឌ្ឍន៍នោះ វានឹងអាចឱ្យពួកគេចាប់យកគោលនយោបាយសេដ្ឋកិច្ចដោយខ្វះការប្រុងប្រយ័ត្ន។ ប៉ុន្តែស្ថិរភាពហិរញ្ញវត្ថុនៃប្រទេសទាំងនោះត្រូវបានគំរាមកំហែងដោយលំហូរចេញ និងចូលភ្លាមៗនៃមូលធន និងដោយការប្រែប្រួលអត្រាប្តូរប្រាក់បណ្តាលមកពីការផ្លាស់ប្តូរនៅក្នុងគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលសហព័ន្ធនោះទេ។ ផលវិបាកមួយនៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនគឺថាទីក្រុងមូស្គូកំពុងធ្វើពាណិជ្ជកម្មកាន់តែច្រើនឡើងជាប្រាក់ Yuan ជំនួសឱ្យប្រាក់ដុល្លាដោយសារតែទណ្ឌកម្មសេដ្ឋកិច្ចដែលលោកខាងលិចបានដាក់លើធនាគាររបស់ខ្លួន។ ដូច្នេះរូបិយប័ណ្ណប្រទេសចិនក៏កាន់តែមានប្រៀបជាង។ ប្រសិនបើគ្មានលទ្ធភាពទទួលបានប្រាក់ដុល្លាកាន់តែប្រសើរទេ បណ្តាប្រទេសអាស៊ីដែលសហរដ្ឋអាមេរិកបានកំណត់ថាជាដៃគូឈានមុខគេប្រហែលជាថ្ងៃណាមួយគ្មានជម្រើសអ្វីក្រៅពីងាកទៅរកប្រទេសចិនសម្រាប់មូលនិធិសង្គ្រោះបន្ទាន់។ ប្រហែលជាមានតែការពង្រីកប្រព័ន្ធ Swap lines របស់ធនាគារកណ្តាលសហព័ន្ធទេ ដែលជាមធ្យោបាយដ៏សាមញ្ញ និងមានប្រសិទ្ធភាពសំរាប់អាមេរិច។
4. អាថ៌កំបាំងធំបំផុតរបស់ពូទីនទំលាយដោយមនុស្សក្នុងរង្វង់របស់លោក
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានគេហៅជាច្រើនប្រភេទដូចជា “Paranoid” គឺមានន័យថាភ័យខ្លាច បារម្ភច្រើន មិនទុកចិត្តនរណា និងអាចនិយាយបានថាជាប្រភេទមនុស្សដែលបាត់បង់ទំនាក់ទំនងជាមួយពិភពលោកខាងក្រៅទៅហើយ និងមានការភ័យខ្លាចយ៉ាងចំលែកលើអាយុជីវិតរបស់លោក។ អតីតមន្រ្តីរុស្ស៊ីម្នាក់ឈ្មោះ Gleb Karakulov លោកគឺជាបុគ្គលវរជនសម្ងាត់រក្សាសន្តិសុខរបស់ពូទីន ដែលបានចាកចេញពីប្រទេសកាលពីឆ្នាំមុន បានសំរេចចិត្តទំលាយរឿងរ៉ាវជាសាធារណៈមួយចំនួនអំពីលោកពូទីន។ យោងទៅតាមសំដីរបស់លោកបានអោយដឹងថា លោកពូទីនបានកាត់ផ្តាច់ខ្លួនឯងពីពិភពលោកហើយ និងមានឧបសគ្គគ្រប់ប្រភេទដែលលោកបានដាក់ដើម្បីកាត់ផ្តាច់ខ្លួនឯង ដូចជាការភ័យខ្លាចនៃមេរោគកូវីដ ធ្វើអោយលោកដាក់បំរាមឡើងថាដើម្បីជួបលោក លុះត្រាតែពួកគេ Quarantine រយៈពេល២សប្តាហ៍សិន។ បន្ទាប់មកលោកក៏បាននិយាយដល់ភាពខ្វះព័ត៌មានជាក់ស្តែង ដែលប្រធានាធិបតីរុស្ស៊ីចៀសវាងការប្រើទូរស័ព្ទដៃរបស់លោក ហើយលោកក៏មិនប្រើអ៊ីនធឺណិតដែរ។ ប្រភពព័ត៌មានដែលលោកទទួលបានគឺបានពីរង្វង់អ្នកខាងក្នុងរបស់លោកតែប៉ុណ្ណោះ និងប៉ុស្តិ៍ព័ត៌មានទូរទស្សន៍រដ្ឋ។ ទាំងអស់នេះគឺជាអ្វីដែលលោកពឹងផ្អែកលើជាក់ស្តែង ហើយភាពភ័យខ្លាចរបស់លោកក៏ហាក់ដូចជាកាន់តែធ្ងន់ធ្ងរ ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនបានចាប់ផ្តើម ដោយពេលនេះលោកពូទីនត្រូវបានរាយការណ៍ថាបានបញ្ជាគេអោយរក Bomb Shelter អាវុធដែលជួយការពារលោកពីគ្រាប់បែកសម្រាប់ខ្លួនឯងផងដែរ។
5. រឿងសោកសៅនៃកងវរសេនាធំរុស្ស៊ី
កងវរសេនាធំឆ័ត្រយោងឆ្មាំលេខ331ដែលជារឿយៗត្រូវបានគេហៅថាកងវរសេនាធំអាកាស Kostroma គឺជាកម្មវត្ថុនៃការស៊ើបអង្កេតដោយ BBC's Newsnight ចាប់តាំងពីមិនយូរប៉ុន្មានបន្ទាប់ពីការលុកលុយអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុន។ ទំហំសរុបនៃកងវរសេនាធំទី 331 អាចត្រូវបានគេប៉ាន់ស្មានថាមានចំនួន 1,500-1,700 ។ នៅពេលដែលពួកគេត្រូវបានបញ្ជូនទៅអ៊ុយក្រែនជាលើកដំបូងនៅក្នុងខែកុម្ភៈឆ្នាំ 2022 ពួកគេត្រូវបានដាក់ពង្រាយជាក្រុមកងវរសេនាតូចចំនួនពីរដោយមានទាហានសរុបពី 1,000 ទៅ 1,200នាក់។ បន្ទាប់ពីទទួលរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរនៅក្នុងការប៉ុនប៉ងទន្រ្ទានទីក្រុង Kyiv មិនបានសំរេច កងវរសេនាធំត្រូវបានដកចេញ ហើយត្រូវបានបង្កើតឡើងវិញនៅភាគខាងត្បូងទីក្រុងយោធា Belgorod កាលពីរដូវក្តៅមុន។ ការបាត់បង់និងការវិលត្រឡប់មកវិញដោយរងរបួសយ៉ាងធ្ងន់ធ្ងរបានកក្រើកក្នុងសហគមន៍។ ប៉ុន្មានសប្តាហ៍ដំណើរការនៃសង្រ្គាម អ្នកប្រើប្រាស់បណ្តាញសង្គម V'Kontake របស់រុស្ស៊ីម្នាក់បានលាន់មាត់ថា "ស្ទើរតែរាល់ថ្ងៃរូបថតរបស់ក្មេងប្រុស Kostroma របស់យើងត្រូវបានបង្ហោះឡើង។ វាធ្វើអោយខ្ញុំព្រឺឆ្អឹងខ្នងណាស់។ តើមានអ្វីកើតឡើង? តើវានឹងបញ្ចប់នៅពេលណា?" ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញពីការរំលឹកដល់ទាហាន Kostroma ដែលបានស្លាប់ និងចាត់ទុកដូចជាវីរបុរសទប់ទល់នឹងទាហាន Nazi នៅសម័យសហភាពសូវៀត។ ប៉ុន្តែនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម យើងបានរកឃើញថាមានមនុស្សជាច្រើនប៉ុនប៉ងនូវការសងសឹកដែលមានដូចជាមិត្តភក្តិ បងប្អូន និងគ្រួសារ។ ហើយក៏មានការពេញនិយមមួយដែលត្រូវបានគេឃើញនៅក្នុងទីក្រុងយោធារុស្ស៊ីមួយចំនួន មានប្រពន្ធ និងម្តាយបានបង្ហោះរូបភាពរបស់ពួកគេជាមួយនឹងឯកសណ្ឋានទាហានដែលអវត្តមាន។