ថ្ងៃអាទិត្យជាថ្ងៃកំនត់នៃទំព័រឆ្នាំថ្មី ប៉ុន្តែក៏ជារដូវកាលថ្មីសំរាប់ Kpop ផងដែរ ខណៈដែលក្រុមហ៊ុន YG Entertainment ដែលជាក្រុមហ៊ុនផលិតកម្មចម្រៀងដ៏ល្បី និងនៅពីក្រោយក្រុមចម្រៀង Blackpink ផងដែរបានធ្វើការចេញផ្សាយក្រុមចម្រៀងស្រីដ៏ថ្មីស្រឡាង។ ក្រុមហ៊ុនផលិតកម្មប្រចាំកូរ៉េខាងត្បូងមួយនេះបានធ្វើការទំលាក់ Teaser មួយចំនួនអំពីក្រុមចម្រៀងមួយនេះ ដែលមានឈ្មោះថា «Baby Monster» នៅលើឆាណែលយូធូបថ្មីរបស់ពួកគេនៅថ្ងៃ New Year’s Eve ផងដែរ។តាមរយៈរូបភាពស្រមោលអាថ៌កំបាំងពណ៌ខ្មៅនៅពីលើក្រុមចម្រៀងមួយនេះអាចអោយដឹងបានថាសមាជិកទាំងអស់មានចំនួន៧នាក់។ ចំណែកនៅពាក់កណ្តាលយប់នៃថ្ងៃអាទិត្យផងដែរ YG បានបញ្ចេញ Teaser ដំបូងក្រោមចំណងជើងថា YG Next Movement ជាមួយនឹង Clip មួយចំនួនបង្ហាញពីការហាត់សមរបស់ក្រុមចម្រៀងថ្មីមួយនេះ។ នៅក្នុងវីដេអូមួយនេះ ស្ថាបនិកក្រុមហ៊ុន YG និងផលិតករ Yang Hyun-Suk បាននិយាយជាភាសាកូរ៉េ ដោយបានបកប្រែនៅក្នុង English Subtitles ថា«អ្នករាល់គ្នាអាចគិតត្រឹមថាពួកគេគឺជា Baby ដែលមានហ្សែនរបស់ YG ទៅបានហើយ»។
បន្ទាប់មកសមាជិកនៃក្រុម Winner, Blackpink, និង Akmu ក៏បានបង្ហាញការយល់ឃើញរបស់ពួកគេទៅលើក្រុមថ្មីនេះផងដែរ។ Lisa នៃក្រុម Blackpink បាននិយាយឡើងថា«សមាជិកទាំង៧នេះពិតជាស៊ីចង្វាក់គ្នាបានល្អណាស់» ចំណែកឯ Jennie ក៏បានបន្ថែមថា «ខ្ញុំគិតថាពួកគេធ្វើបានល្អសរុបរួមមក»។ Lee Chan-hyuk នៃក្រុម Amku ក៏បាននិយាយឡើងថា«ពួកគេគឺជាប្រភេទតារាចម្រៀងដែលពិបាកនឹងរកបាននៅក្នុងប្រទេសកូរ៉េ»។ យ៉ាងណាមិញផងដែរឈ្មោះរបស់សមាជិកនៃក្រុមចម្រៀងនេះគឺត្រឹមជាអ្វីដែលបានបញ្ចេញមកប៉ុណ្ណោះ ប៉ុន្តែត្រូវបានការប៉ាន់ស្មានថាអាយុរបស់ពួកគេគឺស្ថិតនៅត្រឹមចន្លោះពី១៣ទៅ១៧ឆ្នាំប៉ុណ្ណោះ។
YG បានបញ្ចប់ឆ្នាំ២០២២ជាមួយនឹងពត៌មានស្មានមិនដល់ជាច្រើនថាសិល្បករបស់ពួកគេជាច្រើនបានចាកចេញពីក្រុមហ៊ុន ជំនួសមកវិញនៃការប្រកាសចេញផ្សាយក្រុមចម្រៀងថ្មី។ សមាជិកនៃក្រុម Baby Monster របស់ពួកគេមានទាំង៧នាក់ដូចជា Ahyeon, Rora, Chikita, Asa, Prita, HR(Hyerin/Haram) និង Dain។ ពួកគេគឺជាក្រុមចម្រៀងចម្រុះមួយដែលមាន Prita គឺជាជនជាតិថៃ Chikita គឺជាជនជាតិថៃ-ម៉ិចស៊ីកូ និងAsaគឺជាជនជាតិជប៉ុន។ ដោយមានសមាជិកប្អូនគេបង្អស់មានអាយុត្រឹម១៣ឆ្នាំប៉ុណ្ណោះ រីឯសមាជិកបងគេបង្អស់មានអាយុ១៧ឆ្នាំ ធ្វើអោយមហាជនជាច្រើនក៏កើតក្តីបារម្ភតិចតួចផងដែរ ព្រោះពួកគេមានអាយុតិចពេក ដែលធ្វើអោយមនុស្សជាច្រើនយល់ឃើញថា YG ពិតជាចាត់ទុកពាក្យ Baby នេះប្រាកដប្រជារបស់ពួកគេមែន។