អីយ៉ាស់! ត្រឹមរយៈពេល២សប្តាហ៍សោះ លោក Rutho បានចាប់ដៃគូសហការធ្វើបទចម្រៀងថ្មីៗរហូតដល់ទៅ៣បទនៅក្នុងផលិតកម្ម Klapyahandz។ ដោយផ្តើមដំបូងគេបំផុតគឺនៅក្នុងបទចម្រៀង«ទ្រលុកទ្រលន់»ដែលលោកបានច្រៀងឡើងរួមគ្នាជាមួយនឹងលោក Vin Vitou កាលពី២សប្តាហ៍មុន។ និងនៅក្នុងសប្តាហ៍មុននេះ លោកក៏បានធ្វើការទំលាក់បទថ្មីៗចំនួន២បទទៀតសម្រាប់រដូវកាលបុណ្យចូលឆ្នាំខ្មែរ ដែលមានចំណងជើងថា«បងមកពីលិច» បកស្រាយរួមគ្នាជាមួយនឹងលោក វុទ្ធា និងមួយបទទៀតគឺជាការច្រៀងឡើងវិញនិងកែច្នៃសាច់ភ្លេងនូវបទ«ស្រលាញ់បងទៅអូន» របស់លោកតាស៊ីន ស៊ីសាមុត និងអ្នកស្រីប៉ែនរ៉ម។
គួរអោយចាប់អារម្មណ៍ផងដែរថា នៅក្នុងបទចម្រៀង Cover Remix «ស្រលាញ់បងទៅអូន» នេះ គឺជាបទកន្ទ្រឹមខ្មែរមួយបទ ដែលលោក Ruthko បានចាប់ដៃគូជាមួយនឹងកំពូលសិល្បកររាមច្បងផ្នែកភ្លេងបុរាណអ្នកនាងខាត់សុឃីម ដែលធ្វើអោយពួកគេទាំងពីរពិតជាសក្តិសមទៅនឹងបទចម្រៀងមួយនេះខ្លាំងណាស់។ រហូតធ្វើអោយនៅលើតារាងយូធូបកម្ពុជានាពេលនេះ បទ«ស្រលាញ់បងទៅអូន» Remix របស់អ្នកទាំងពីរទទួលបានចំណាត់ថ្នាក់លេខ១៣ផងដែរនៅក្នុងសប្តាហ៍នេះ។ ដោយចំណាប់អារម្មណ៍របស់ទស្សនិកជនវិញបានបង្ហាញអោយដឹងថា ហាក់ដូចជាបានស្តាប់បទចម្រៀងពីសម័យដើម ដោយមានឧបករណ៍បុរាណ និងស្គរHip Hop និងសម្លេងច្រៀង E-cho effect សម័យដើមផងដែរ ដែលធ្វើអោយមានភាពច្នៃប្រឌិតខ្លាំងណាស់។ ចុះទស្សនិកជនវិញយល់ឃើញយ៉ាងណាដែរសម្រាប់បទចម្រៀងមួយបទនេះ?