បទចំរៀង Hip Hop នៅក្នុងប្រទេសកម្ពុជាកាន់តែពេញនិយម ស្របពេលដែលកំនើនសិល្បកររ៉េបក៏កាន់តែប្រមូលផ្តុំគ្នាចេញជាចំរៀងជាច្រើនជួយលើកស្ទួយតំលៃសិល្បៈ Hip Hop នៅក្នុងស្រុកខ្មែរ។ យ៉ាងណាមិញផងដែរសង្កេតឃើញថាគិតមកត្រឹមដើមខែកញ្ញានេះក៏មានសិល្បករមួយចំនួនបានបញ្ចេញបទចំរៀងសម្រាប់បណ្តារអ្នកគាំទ្ររបស់ពួកគេរៀងៗខ្លួន។ដោយនៅក្នុងនោះដែររួមមានលោក YCN Tomie, Heng, MC Sey, Meezy24k និង Kmeng Khmer ដែលសុទ្ធសឹងជាសិល្បករមានឈ្មោះបោះសំលេងនៅក្នុងពិភព Hip Hopនៅក្នុងប្រទេសកម្ពុជា។ ប្រសិនបើទស្សនិកជននៅមិនទាន់បានដឹងពីពួកគេទាំងអស់គ្នាច្បាស់ អេដមីនសុំណែនាំរៀបរាប់ប្រាប់អ្នកទាំងអស់គ្នាខ្លះៗ។ លោក YCN Tomie និងលោក Meezy24k គឺសិល្បករពីររូបមកពីក្រុម La Cima Cartel ហើយនៅក្នុងរយៈពេល២ខែនេះផងដែរពួកគេទាំងពីរនាក់បានបញ្ចេញបទចំរៀងពីរបទដោយលោក YCN Tomie ចេញនូវបទAwesome ផ្សាយនៅក្នុងថ្ងៃទី០៥ ខែកញ្ញា រីឯលោក Meezy24kបានចេញនូវបទ5G នៅក្នុងថ្ងៃទី២៦ ខែសីហា។
វីឌីអូចំរៀង Awesome របស់លោក YCN Tomie បានធ្វើអោយមហាជនមានការភ្ញាក់ផ្អើលនឹងការរៀបចំប្លង់ថត ក៏ដូចជាបានស្គាល់ពីលោក YCN Tomie កាន់តែច្បាស់ ដោយលោកបានបង្ហាញតាមរយៈចំរៀងរបស់លោកនូវការចង់បង្កើតអាណាចក្ររបស់ខ្លួនស្របតាមឆន្ទៈបំណងរបស់ខ្លួនឯង។ រីឯបទចំរៀង 5G របស់លោក Meezy24 វិញក៏បានបង្ហាញទស្សនិកជនរបស់លោកពីស្ទាយល៍រៀបចំថតថ្មីជាមួយប្លង់រថយន្តដ៏ស្រស់ស្អាតជាមួយបរិយាកាសតន្រ្តីបែប Chill Chill តំរូវចិត្តស្រទាប់យុវវ័យ ចំនែកឯអត្ថន័យនៃបទចំរៀងវិញនោះរួមផ្សំចូលគ្នានូវរសជាតិស្នេហា និងថាមពលរបស់ខ្លួន។
វិលមកកាន់លោកហេងផងដែរ ថ្មីៗនេះនៅក្នុងថ្ងៃទី០៦ ខែកញ្ញានេះផងដែរ លោកក៏បានចេញបទចំរៀងមានរសជាតិប្លែកមួយបទចំណងជើងថាកញ្ញាLV ដែលបង្ហាញពីសកម្មភាពតួអង្គនីមួយៗរួមទាំងតួអង្គលោកហេងផងដែរធ្វើរឹកពាប្លែកៗ ខិតខំរកប្រាក់ និងសន្សំប្រាក់ដើម្បីធ្វើអ្វីៗបំពេញបំណងមិត្តស្រីរបស់ខ្លួន។
ចំនែក MC Sey ក៏បានត្រលប់មកជាមួយនឹងបទ កាលុងឃុង ដោយមិនបានធ្វើអោយអ្នកគាំទ្រខកបំណងបន្ទាប់ពីការរង់ចាំមួយរយៈ ដែលបទនោះបានចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ហើយទទួលបានអ្នកចូលមើលរហូតទៅដល់ ១.២លានដង ត្រឹមរយៈពេល២សប្តាហ៍។ មួយបទនេះផងដែរនាំមកជូននៅអារម្មណ៍បែបHip Hop ញាក់ញាប់ពេញទី ដែលធ្វើអោយទស្សនិកជនរីករាយកំសាន្តជាពិសេសជាមួយចង្វាក់ភ្លេង និងប៉ារ៉ូលចំរៀងប្លែកទំនើប និងមានភាពច្នៃប្រឌិតជាច្រើន។ ចំណែកបទចំរៀងរបស់ក្រុមក្មេងខ្មែរវិញ «គោលដៅ» វិញក៏មិនចោលស្ទាយល៍ចាស់របស់ខ្លួនផងដែរ ពួកគេតែងតែបង្ហាញទស្សនិកជនអ្វីដែលជាខ្លួនគេ គោលដៅរបស់ពួកគេសំរាប់ខ្លួន៉ង មិនមែនប្រៀបធៀបផ្លូវដើរជាមួយនឹងអ្នកណាឡើយ ហើយម្យ៉ាងទៀតពួកគេក៏បានចែករំលែកសារដាស់តឿនរបស់ខ្លួននៅក្នុងបទចំរៀងថាការដើរផ្លូវខ្លួនឯងមែន តែក៏ជាចំនែកមួយដែលមានឥទ្ធិពលនៅលើការអភិវឌ្ឍ និងពង្រីកសង្គមជាតិទាំងមូលបានដែរ។ ហើយបទចំរៀងមួយនេះក៏ទទួលបានអ្នកចុចឡាចរហូតទៅដល់១០Kទៅហើយរាប់គិតចាប់ពីថ្ងៃចេញផ្សាយនៅថ្ងៃទី៣១ ខែសីហានេះមក។