-
អ៊ុយក្រែនកំពុងរៀបចំកញ្ចប់ទណ្ឌកម្មដ៏ធំមួយប្រឆាំងនឹងរុស្ស៊ី
យោងតាមសារព័ត៌មាន Pravda ចុះផ្សាយថ្ងៃទី២ ខែឧសភាបានអោយដឹងថាប្រធានាធិបតី Volodymyr Zelenskyy បាននិយាយថា អ៊ុយក្រែន រួមជាមួយនឹងដៃគូរបស់ខ្លួន នឹងអនុម័តលើកញ្ចប់ទណ្ឌកម្មដ៏ធំមួយ ប្រឆាំងនឹងរុស្ស៊ីឆាប់ៗនេះ។ លោកបានលើកឡើងថា "យើងកំពុងតាមដានយ៉ាងដិតដល់ពីរបៀបដែលរដ្ឋភេរវករនេះកំពុងព្យាយាមគេចពីការដាក់ទណ្ឌកម្ម ដោយកត់ត្រាទុកនូវទិសដៅរបស់ពួកគេនីមួយៗ និងធ្វើការរួមគ្នាជាមួយដៃគូរបស់យើងដើម្បីទប់ស្កាត់វា"។ លោកប្រធានាធិបតីបាននិយាយថាលោកបានបើកកិច្ចប្រជុំមួយស្តីពីការពង្រឹងរបបទណ្ឌកម្ម - ទាំងរបស់អ៊ុយក្រែននិងបណ្តាដៃគូរបស់ពួកគេ។ Zelenskyy បានគូសបញ្ជាក់ថា "យើងកំពុងរៀបចំកញ្ចប់ទណ្ឌកម្មដ៏ធំមួយ ដោយការសម្រេចចិត្តនឹងត្រូវបានធ្វើឡើងក្នុងពេលឆាប់ៗនេះ"។ សង្កេតឃើញថាកាលពីថ្ងៃទី 25 ខែមេសាកន្លងមក ក្រុមអ្នកជំនាញអន្តរជាតិ Yermak-McFaul បានបង្ហាញផែនការអនុវត្តថ្មី (Action Plan 2.0) ក្នុងគោលបំណងបង្កើនសម្ពាធទណ្ឌកម្មលើរុស្ស៊ី ដោយពាក់ព័ន្ធនឹងការបញ្ចុះកម្រិតតម្លៃប្រេងមកត្រឹម 45 ដុល្លាក្នុងមួយបារ៉ែលប៉ុណ្ណោះ និងប្រកាសរុស្ស៊ីជារដ្ឋឧបត្ថម្ភដល់អំពើភេរវកម្ម។
-
ស៊ី ជីនពីងត្រូវចោទប្រកាន់ក្បត់នឹងពូទីនតាមទូរទស្សន៍រដ្ឋរុស្ស៊ី
យោងតាមសារព័ត៌មាន Daily Mail ចុះផ្សាយថ្ងៃទី២ ខែឧសភាបានអោយដឹងថាលោក វ្ល៉ាឌីមៀ ពូទីនត្រូវបានមេដឹកនាំចិនស៊ី ជីនពីង កំពុងតែក្បត់ នេះបើតាមការលើកឡើងរបស់អ្នកគាំទ្រដ៏ជិតស្និទ្ធបំផុតរបស់លោកពូទីនផ្ទាល់។ បទសន្ទនាតាមរយៈការហៅទូរស័ព្ទ និងការចូលរួមរបស់លោក Xi ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានធ្វើឱ្យក្រុមអ្នកគាំទ្រដ៏ខ្លាំងក្លារបស់លោកពូទីនខឹងសម្បារជាច្រើននាក់។ កាលពីសប្តាហ៍មុន លោក Xi បានទូរស័ព្ទទៅកាន់លោក Zelensky ជាលើកដំបូងចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីកន្លងមក ហើយថានឹងបញ្ជូនបេសកជនទទួលបន្ទុកកិច្ចការអឺរ៉ុបទៅកាន់ទីក្រុងគៀវ ចំណែកអ៊ុយក្រែនវិញក៏បានតែងតាំងឯកអគ្គរដ្ឋទូតប្រចាំទីក្រុងប៉េកាំងផងដែរ។ ប៉ុន្តែទង្វើនេះបានធ្វើឲ្យអ្នកទស្សនានៅក្នុងប្រទេសរុស្ស៊ីមានការបារម្ភយ៉ាងខ្លាំង។ ជាក់ស្តែងអ្នកវិភាគសង្គ្រាមលោក Sergei Mardan បាននិយាយនៅលើ SolovyevLive ថាដំណើរទស្សនកិច្ចរបស់លោក Xi ទៅកាន់ទីក្រុងមូស្គូកាលពីខែមុនបានធ្វើឱ្យខូច និងបង្អាក់កិច្ចការដល់វិមានក្រឹមឡាំង។ លោកបាននិយាយថា'តើយើងគួរគិតយ៉ាងណា?' 'តើយើងជាមិត្តឬជាអ្វី?!' លោក Mardan បាននិយាយនៅក្នុងកម្មវិធីរបស់លោកថា 'យើងមានភាពរីករាយ និងទំនុកចិត្តថាលោក Xi Jinping នឹងឃើញលោក Zelensky ត្រឹមជាអាយ៉ងប៉ុណ្ណោះហើយប្រាកដជាមិនហៅចេញទូរស័ព្ទទៅលោកទេ...' លោកបន្តប្រាប់អ្នកទស្សនាថា "ប៉ុន្តែគ្រប់យ៉ាងក៏ Boom - ហើយនេះគឺជាអ្វីដែលយើងទទួលបាន"។
-
រដ្ឋមន្រ្តី Reznikov ថាអ៊ុយក្រែននឹងយកតំបន់គ្រីមៀដោយគ្មានការប្រយុទ្ធ
យោងតាមសារព័ត៌មាន UKRINFORM ចុះផ្សាយថ្ងៃទី៣ ខែឧសភាបានអោយដឹងថា អ៊ុយក្រែននឹងទទួលបានការគ្រប់គ្រងវិញលើតំបន់គ្រីមៀដែលត្រូវបានកាន់កាប់ជាបណ្ដោះអាសន្ន ដោយគ្មានការប្រយុទ្ធអ្វីទាំងអស់។ សេចក្តីថ្លែងការណ៍ដែលពាក់ព័ន្ធត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov ដែលត្រូវបានដកស្រង់ដោយទស្សនាវដ្តីអាមេរិក The Atlantic នៅក្នុងអត្ថបទដែលមានឈ្មោះថា 'The Counteroffensive' ដោយត្រូវបានយកការណ៍ដោយអ្នកសារព័ត៌មាន Ukrinform។ យោងតាម The Atlantic ដោយដឹងថាតំបន់គ្រីមៀកំពុងត្រូវបានសាងសង់យ៉ាងរឹងមាំទៅជាបន្ទាយ ជនជាតិអ៊ុយក្រែននិយាយអំពីរឿងនេះថាជាការរំដោះ"យោធានយោបាយ" ច្រើនជាងការវាយលុកសុទ្ធសាធប្រឆាំងនឹងយោធា។ នៅពេលដែលកងកម្លាំងអ៊ុយក្រែនបានកាត់ផ្តាច់ផ្លូវថ្នល់ ផ្លូវដែក និងផ្លូវទឹកទៅកាន់ឧបទ្វីបនេះ ហើយកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធយោធាវាយប្រហារដោយដ្រូននោះសន្មត់ថាប្រជាជនរុស្ស៊ីជាច្រើននាក់ ជាពិសេសជនអន្តោប្រវេសន៍ថ្មីៗនឹងត្រូវបានបញ្ចុះបញ្ចូលអោយពួកគេនឹងផ្លាស់ប្តូរទៅរស់នៅកន្លែងផ្សេងប្រស់ើរជាង។ អត្ថបទនោះបានប្រាប់ថាអ្នកខ្លះបានរត់គេចខ្លួនរួចហើយ បន្ទាប់ពីមានការផ្ទុះនៅលើស្ពាន Kerch Strait និងការផ្ទុះផ្សេងៗទៀតនៅលើឧបទ្វីប។ លោក Reznikov បានប្រាប់នៅក្នុងអត្ថាធិប្បាយទៅកាន់ The Atlantic ថា "គ្រីមៀនឹងត្រូវបានទទួលមកវិញដោយគ្មានការប្រយុទ្ធនោះទេ" ។
-
រដ្ឋមន្ត្រីការបរទេសអៀរឡង់រិះគន់ចិនលើសិទ្ធិមនុស្សនិងជំហររបស់ខ្លួនជុំវិញសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន
យោងតាមសារព័ត៌មាន Bloomberg ចុះផ្សាយនៅថ្ងៃទី៣ ខែឧសភាបានអោយដឹងថារដ្ឋមន្ត្រីការបរទេសអៀរឡង់បានរិះគន់ចិនលើសិទ្ធិមនុស្ស និងជំហររបស់ខ្លួនជុំវិញសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ហើយបានច្រានចោលគំនិតដែលថាអឺរ៉ុបកំពុងត្រូវបានច្របាច់បញ្ចូលគ្នារវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន។ នៅក្នុងការអត្ថាធិប្បាយដែលបានប៉ះទង្គិចជាមួយនឹងការអំពាវនាវរបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីខែមុនថាសូមអឺរ៉ុបចៀសវាងការអូសទាញចូលទៅក្នុងជម្លោះរវាងចិន និងសហរដ្ឋអាមេរិកលើកោះតៃវ៉ាន់ លោក Micheal Martin បានគូសបញ្ជាក់ពីការបែងចែកទស្សនៈពិភពលោករវាងប្រទេសចិន និងអឺរ៉ុបឡើង។ លោក Martin ដែលជាឧបនាយករដ្ឋមន្ត្រីអៀរឡង់បានថ្លែងក្នុងសុន្ទរកថាមួយក្នុងទីក្រុង Dublin កាលពីថ្ងៃអង្គារ“មានការជជែកគ្នាច្រើនអំពីការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន និងអំពីតម្រូវការសម្រាប់សហភាពអឺរ៉ុបក្នុងការចៀសវាងពីការច្របាច់បញ្ចូលគ្នារវាងប្រទេសអនុត្តរភាពទាំងពីរនេះ ដើម្បីកសាងជាចម្បងនូវ "ស្វ័យភាពជាយុទ្ធសាស្ត្រ" របស់ខ្លួន។ លោក Martin បានបន្តថា"ខ្ញុំមិនយល់ស្របនឹងការកំណត់នេះទេ"។ លោកបានលើកឡើងថាទីក្រុងប៉េកាំងបានខកខានក្នុងការទទួលស្គាល់ថារុស្ស៊ីបានចាប់ផ្តើមសង្រ្គាមនៅអ៊ុយក្រែន ហើយអំពាវនាវឱ្យចិនចៀសវាងការបង្កើនភាពតានតឹងនៅជុំវិញកោះតៃវ៉ាន់ និងបានកំណត់គោលដៅលើកំណត់ត្រាសិទ្ធិមនុស្សរបស់ចិនដូចជា"ការឃុំខ្លួនដោយបំពាន និងរើសអើងលើជនជាតិ Uyghur និងក្រុមមូស្លីមភាគច្រើនផ្សេងទៀត" ។
-
Zelensky ថាមិនត្រូវបានរាយការណ៍អោយដឹងពីការលួចយកព័ត៌មានមន្ទីរបញ្ចកោណទេ
យោងតាមសារព័ត៌មាន The Guardian ចុះផ្សាយថ្ងៃទី៣ ខែឧសភាបានអោយដឹងថាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថាសេតវិមានមិនបានណែនាំលោកអំពីការបែកធ្លាយនៃឯកសារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកដែលទទួលបានការចាប់អារម្មណ៍យ៉ាងទូលំទូលាយនៅជុំវិញពិភពលោកកាលពីខែមុនទេ។ លោក Zelensky ត្រូវបានដកស្រង់សម្តីនៅក្នុងបទសម្ភាសន៍មួយជាមួយនឹង Washington Post ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា "ខ្ញុំមិនបានទទួលព័ត៌មានពីសេតវិមានឬមន្ទីរបញ្ចកោណជាមុនទេ" ។ ការបែកធ្លាយរបស់មន្ទីរបញ្ចកោណ ដែលបានលេចចេញជារូបរាងកាលពីខែមេសានេះ បានធ្វើឱ្យខូចចំណងមិត្តភាពជាមួយសម្ព័ន្ធមិត្តជុំវិញពិភពលោករាប់ចាប់ពីស្ថានភាពការពារដែនអាកាសរបស់អ៊ុយក្រែន រហូតដល់ទីភ្នាក់ងារចារកម្ម Mossad របស់អ៊ីស្រាអែល។ នៅក្នុងបទសម្ភាសន៍របស់លោក ប្រធានាធិបតីអ៊ុយក្រែនបានពិពណ៌នាការបែកធ្លាយនេះថាដូចជា"កម្មវិធីទូរទស្សន៍" ដែលបានជួយដល់ប្រទេសរុស្ស៊ីដូច្នេះឯង។ លោកបានប្រាប់កាសែតថា"សម្រាប់យើងអ្វីក៏ដោយដែលផ្តល់ដំណឹងជាមុនដល់សត្រូវក្នុងមធ្យោបាយណាមួយ ឬវិធីអ្វីក៏ដោយ នឹងត្រូវរាប់បញ្ចូលជាការខាតបង់មួយ"។ ជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់ Zelensky អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានបាននិយាយថា"យើងកំពុងទាក់ទងជាប្រចាំជាមួយសមភាគីអ៊ុយក្រែនរបស់យើងអំពីបញ្ហាជាច្រើន រួមទាំងជុំវិញការលាតត្រដាងព័ត៌មានសំងាត់ដែលមិនមានការអនុញ្ញាតនេះ" ចំណែកអ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Patrick Ryder វិញក៏បាននិយាយថារដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ក៏បាននិយាយទៅកាន់សម្ព័ន្ធមិត្តមួយចំនួនផងដែរ។