ទូរស័ព្ទរបស់ Xiaomi តែងតែលក់ផ្តាច់មុខសម្រាប់ប្រទេសចិន ប៉ុន្តែទូរស័ព្ទទាំងនេះមួយចំនួនបានបង្ហាញមុខងារដ៏មានអានុភាពដែលមានតម្លៃមិនគួរមើលរំលង។ នៅក្នុងករណីនៃទូរស័ព្ទ Xiaomi 12 និង Xiaomi 12 Pro ដែលបានបង្ហាញខ្លួនជាលើកដំបូងកាលពីថ្ងៃអង្គារនៅក្នុងការបង្ហោះប្លុករបស់ Xiaomi ខ្សែទូរស័ព្ទនេះនាំមកនូវសមត្ថភាពសាកថ្មលឿន 120W និងបន្ទះឈីប Qualcomm Snapdragon 8 Gen 1 ចុងក្រោយបង្អស់។ដូចខ្សែទូរស័ព្ទថ្មីៗជាច្រើនដែលមាននៅក្នុងម៉ូដែល Pro និង Non-Pro, ទូរស័ព្ទ Xiaomi មានលក្ខណៈពិសេសទូទៅដូចជាបន្ទះឈីប Snapdragon ដែលបានរៀបរាប់ខាងលើ, ការផ្ទុកលឿនជាងមុនដែល Xiaomi និយាយថាអាចគាំទ្រអត្រាផ្ទេរទិន្នន័យ 6,400Mbps ភ្ជាប់ជាមួយប្រព័ន្ធចុះត្រជាក់ ដើម្បីរក្សាលក្ខណៈពិសេសល្បឿនលឿននេះឲ្យនៅថេរ និងឧបករណ៍បំពងសម្លេងពីរដែលគាំទ្រដោយ Dolby Atmos ។
ប៉ុន្តែក្នុងចំណោមលក្ខណៈពិសេសដែល Xiaomi 12 Pro មានខុសពីទូរស័ព្ទ Xiaomi ផ្សេងទៀត គឺការសាកថ្ម 120W ព្រោះវាជាការអះអាងដ៏គួរឱ្យចាប់អារម្មណ៍មួយ។ តាមការប្រៀបធៀប ទូរស័ព្ទសាកថ្មលឿនបំផុតមួយ ដែលបច្ចុប្បន្នមានជាអន្តរជាតិគឺ OnePlus 9 Pro ដែលរួមបញ្ចូលការសាកថ្ម 65W។ ដើម្បីប្រៀបធៀបបន្ថែមទៀត ឆ្នាំងសាក Apple MacBook Pro USB-C ដែលមានស្រាប់ មានទំហំ 67W និង 96W សម្រាប់ម៉ូដែល MacBook Pro 14-inch ដែលបានបង្ហាញខ្លួននៅឆ្នាំនេះ ក៏ដូចជាឆ្នាំងសាក 140W ដែលបង្ហាញខ្លួនជាមួយនឹង MacBook Pro 16-inch។
គួរកត់សំគាល់ផងដែរថា Xiaomi 12 Pro បង្ហាញការសាកថ្មលឿនជាងមុននេះ ខណៈពេលដែលប្រើប្រាស់ថាមពលថ្ម 4,600mAh តែមួយប៉ុណ្ណោះ។ OnePlus 9 Pro មានថាមពលថ្ម 4,500mAh ចំនួនពីរ ដែលថ្មនីមួយៗមានថាមពល 2,250mAh ។ Xiaomi 12 មិនមានការសាកថ្ម 120W ទេ ប៉ុន្តែវាមានថាមពលថ្ម 4,500mAh។ទូរស័ព្ទ Xiaomi 12 ទាំងពីរ មានអេក្រង់ដែលគាំទ្រអត្រារូបភាពច្បាស់ត្រជាក់ភ្នែក 120Hz ជាមួយនឹងទូរស័ព្ទ Xiaomi 12 ស្តង់ដារ មានអេក្រង់ OLED ទំហំ 6.28 អ៊ីញជាមួយនឹងកម្រិតភាពច្បាស់ 2,400x1,080 ។ Xiaomi 12 Pro មានអេក្រង់ទំហំ 6.73 អ៊ីង 2K ដែលមានកម្រិតភាពច្បាស់ 3,200x1,440។ អេក្រង់ទាំងពីរគាំទ្រទ្រង់ទ្រាយ HDR10 Plus និង Dolby Vision ។
សម្រាប់ការថតរូប Xiaomi អះអាងថា ទូរស័ព្ទទាំងពីរអាចសម្គាល់ភ្នែកមនុស្ស តួរលេខ និងសត្វចិញ្ចឹម ដោយប្រើការតាមដានរូបភាព ដើម្បីជួយរក្សាលំនឹង និងផ្តោតលើរូបភាព។ Xiaomi 12 ប្រើកាមេរ៉ាសំខាន់ Sony IMX766, កាមេរ៉ា ultrawide 13 មេហ្គាភិចសែល និងកាមេរ៉ា telemacro 5 មេហ្គាភិចសែល។ 12 Pro ប្រើកាមេរ៉ាចំនួនបី ដែលកាមេរ៉ានីមួយៗមានកញ្ចក់ 50 មេហ្គាភិចសែល ដោយកាមេរ៉ាសំខាន់របស់វាគឺ Sony IMX707 ។ Xiaomi និយាយថា ការដំឡើងកាមេរ៉ានេះនៅលើ 12 Pro នឹងជួយជាពិសេសក្នុងការថតនៅស្ថានភាពពន្លឺតិច និងពេលយប់។ទូរស័ព្ទទាំងពីរនេះត្រូវបានកំណត់សម្រាប់ការចេញផ្សាយនៅថ្ងៃទី 31 ខែធ្នូ នៅក្នុងប្រទេសចិន ដោយ Xiaomi 12 ចាប់ផ្តើមនៅតម្លៃ RMB 3,699 (ប្រហែលប្តូរទៅ $580, £430 និង AU $800) និង 12 Pro ចាប់ផ្តើមនៅ RMB 4,699 (ប្រហែល $740, £550, AU $1,020)៕