អ្នកស្រុកមួយចំនួនដែលស្ថិតនៅក្រោមការដាក់ឱ្យនៅដាច់ពីគេក្នុងទីក្រុង Xi'an របស់ប្រទេសចិន បានងាកទៅរកការដោះដូរស្បៀងអាហារគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយសារការព្រួយបារម្ភអំពីកង្វះអាហារនៅតែបន្ត។
ការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញថា អ្នករស់នៅតំបន់នោះបានដោះដូរស្បៀងអាហារគ្នា និងសូម្បីតែឧបករណ៍បច្ចេកវិទ្យាជាថ្នូរនឹងអាហារផងដែរ។ ប្រហែលមនុស្ស 13 លាននាក់ត្រូវបានបង្ខាំងនៅក្នុងផ្ទះរបស់ពួកគេចាប់តាំងពីថ្ងៃទី 23 ខែធ្នូ ហើយបច្ចុប្បន្នមិនអាចចាកចេញទៅទិញអាហារបានទេ។
ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ មនុស្សជាច្រើនបានចូលទៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ជាមួយនឹងពាក្យត្អូញត្អែរជាច្រើន។ អាជ្ញាធរបាននឹងកំពុងផ្តល់អាហារដោយឥតគិតថ្លៃដល់គ្រួសារនៅតំបន់នោះ ប៉ុន្តែអ្នកខ្លះបាននិយាយថា ការផ្គត់ផ្គង់របស់ពួកគេមានកម្រិតទាប ឬថាពួកគេមិនទាន់ទទួលបានជំនួយនៅឡើយ។
វីដេអូ និងរូបថតនៅលើបណ្តាញទំនាក់ទំនងសង្គម Weibo បានបង្ហាញពីមនុស្សដោះដូរបារីជាមួយស្ពៃក្តោប ទឹកលាងចានជាមួយផ្លែប៉ោម និងបន្ទះអនាម័យជាមួយបន្លែមួយដុំតូច។ វីដេអូមួយបានបង្ហាញពីអ្នកស្រុកម្នាក់បានដោះដូរឧបករណ៍លេងហ្គេម Nintendo Switch របស់គាត់ សម្រាប់មីមួយកញ្ចប់ និងនំប៉ាវពីរ។
អ្នកស្រុកម្នាក់ឈ្មោះ Wang បានប្រាប់វិទ្យុអាស៊ីសេរីថា៖ «មនុស្សកំពុងដោះដូរវត្ថុជាមួយអ្នកដទៃនៅក្នុងអគារតែមួយ ព្រោះពួកគេលែងមានអាហារគ្រប់គ្រាន់សម្រាប់បរិភោគហើយ»។ សារព័ត៌មានក៏បានរាយការណ៍ដែរថា មានបុរសម្នាក់ទៀតចង់ដោះដូរស្មាតហ្វូន និងថេប្លេតជាមួយអង្ករទៀតផង។
អ្នកប្រើ Weibo ម្នាក់បាននិយាយថា៖ «ពលរដ្ឋដែលគ្មានជំនួយ បានមកដល់យុគសម័យនៃការដោះដូរគ្នា» ខណៈអ្នកប្រើ Weibo ម្នាក់ទៀតពណ៌នាថា វាជាការវិលត្រឡប់ទៅសម័យដើមវិញ។
Xi'an គឺជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃ Covid បច្ចុប្បន្នរបស់ប្រទេសចិន ហើយអាជ្ញាធរក្នុងតំបន់បានអនុវត្តវិធានការណ៍យ៉ាងតឹងរ៉ឹងបំផុត ដែលបានធ្វើឱ្យមានការរិះគន់លើអ៊ីនធឺណិតយ៉ាងច្រើនសន្ធឹកសន្ធាប់។
អ្នកស្រុក Xi'an ម្នាក់បានអះអាងថា ឪពុករបស់ពួកគេបានស្លាប់ បន្ទាប់ពីគាត់បានគាំងបេះដូង ហើយត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ ដោយសារតែស្ថានភាពកូវីត-19 នៅក្នុងទីក្រុង។ ខាងមន្ទីរពេទ្យមិនទាន់មានការឆ្លើយតបនោះទេ។
គិតត្រឹមល្ងាចថ្ងៃចន្ទ យានជំនិះស្ទើរតែទាំងអស់ត្រូវបានហាមប្រាមចេញពីផ្លូវ ហើយហាង និងអាជីវកម្មទាំងអស់ ក្រៅពីផ្សារទំនើបដែលផ្គត់ផ្គង់សម្ភារៈសំខាន់ៗ ត្រូវបានគេប្រាប់ឱ្យបិទ។
វិធានការតឹងរ៉ឹងនេះ កើតមានមុនពេលបុណ្យចូលឆ្នាំថ្មី និងកីឡាអូឡាំពិករដូវរងា ដែលនឹងត្រូវធ្វើឡើងនៅទីក្រុងប៉េកាំង នៅខែក្រោយ។
អត្ថបទដកស្រង់ពី BBC
បកប្រែនិងកែសម្រួលដោយ Mr. Blue