1. ការចាប់ខ្លួនអ្នកកាសែត Wall Street Journal កំណត់យុគសម័យថ្មីនៃការទូតចំណាប់ខ្មាំង
ជនជាតិអាមេរិកកាន់តែច្រើននៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះត្រូវបានឃុំខ្លួនដោយរដ្ឋាភិបាលបរទេសលើអ្វីដែលសហរដ្ឋអាមេរិកចាត់ទុកថាជាការក្លែងបន្លំ ឬបទចោទប្រកាន់នយោបាយ ជាជាងត្រូវបានចាប់ខ្លួនដោយក្រុមភេរវករ ឬក្រុមឧក្រិដ្ឋជននេះបើយោងតាមអាជ្ញាធរសហរដ្ឋអាមេរិក និងការវាយតម្លៃឯកជន។ ចុងក្រោយនេះគឺអ្នកយកព័ត៌មាន Wall Street Journal លោក Evan Gershkovich ដែលត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុនដោយអាជ្ញាធររុស្ស៊ី និងចោទប្រកាន់ពីបទចារកម្ម។ លោក John Bolton ដែលជាទីប្រឹក្សាសន្តិសុខជាតិរបស់អតីតប្រធានាធិបតី Donald Trump បានហៅការចាប់ខ្លួនលោក Gershkovich នេះថាជាអំពើភេរវកម្មរបស់រដ្ឋ។ ក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីការឃុំខ្លួនរបស់លោកកាលពីថ្ងៃពុធ ឥស្សរជនខ្ពស់បំផុតនៅក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិចលោក Biden បានបដិសេធការចោទប្រកាន់ប្រឆាំងនឹងលោក Gershkovich ដោយបានអំពាវនាវដោយឥតលាក់លៀមឱ្យធ្វើការដោះលែងរូបលោក និងចោទប្រកាន់ទីក្រុងមូស្គូពីការកំណត់គោលដៅលើជនជាតិអាមេរិក។ រុស្ស៊ីបាននិយាយថា ខ្លួនកំពុងប្រព្រឹត្តទៅតាមច្បាប់របស់ខ្លួន។បច្ចុប្បន្ន និងជាអតីតមន្ត្រីសហរដ្ឋអាមេរិក និងអ្នកឃ្លាំមើលករណីចំណាប់ខ្មាំងផ្សេងទៀត ចង្អុលបង្ហាញថាការឃុំខ្លួនរបស់រុស្ស៊ីលើអ្នកកាសែតអាមេរិក-គឺជាលើកដំបូងក្នុងរយៈពេលជិត 4 ទសវត្សរ៍ហើយ ជាពិសេសនៅពេលដែលអមដោយការចោទប្រកាន់ពីបទចារកម្ម និងបានកើតឡើងចំពេលដែលមានការកើនឡើងករណីបែបនេះនៅជុំវិញពិភពលោក។
2. ហេតុអ្វី Macron ធ្វើដំណើរទៅចិន?
សម្ព័ន្ធមិត្តអាមេរិកមួយកំពុងទិញប្រេងពីរុស្ស៊ី ដែលនោះគឺជាប្រទេសជប៉ុន សម្ព័ន្ធមិត្តមួយទៀតកំពុងធ្វើដំណើរទស្សនកិច្ចនៅកាន់ប្រទេសចិនដែលយើងកំពុងនិយាយអំពីប្រធានាធិបតីបារាំងលោក Emmanuel Macron នោះឯង។ លោកនឹងធ្វើដំណើរទៅកាន់ប្រទេសចិន ជាមួយនឹងប្រធានគណៈកម្មការអឺរ៉ុបអ្នកស្រី Ursula von der leyen និងគ្រោងជួបជាមួយនឹងលោក Xi Jinping នៅថ្ងៃពុធនេះ។ បន្ទាប់ពីច្បាប់ Zero Covid បានបញ្ឈប់ទៅ អឺរ៉ុបកំពុងសម្លឹងមើលផែនការធ្វើជំនួញជាមួយទីក្រុងប៉េកាំងឡើងវិញថ្វីបើពួកគេមានភាពរកាំរកូសក្នុុងទំនាក់ទំនងដោយទើបតែបានដាក់ការចោទប្រកាន់ចិនជារឿយៗអំពីការលូកដៃជួយរុស្ស៊ីក្នុងជម្លោះអ៊ុយក្រែន។ ជាក់ស្តែងអឺរ៉ុបមាន 80 ភាគរយនៃការវិនិយោគពិភពលោកនៅក្នុងប្រទេសចិន ដូចនេះហើយដែលមេដឹកនាំអឺរ៉ុបត្រូវតែទៅប្រទេសចិនគ្រប់ពេលវេលា ទោះបីជាមានបញ្ហា និងភាពតានតឹងក្នុងស្រុក និងអន្តរជាតិ។ ដួចជាករណីរបស់លោក Macron ដែលលោកកំពុងធ្វើដំណើរ ខណៈដែលប្រទេសរបស់លោកកំពុងតែផ្ទុះការតវ៉ាឡើង ព្រោះអឺរ៉ុបពឹងផ្អែកលើពាណិជ្ជកម្មចិន។ របាយការណ៍និយាយថាប្រធានសហភាពអឺរ៉ុបនឹងប្រកាន់ជំហរតឹងរ៉ឹងជាមួយនឹងលោកប្រធានាធិបតី Xi Jinping ដោយនាងត្រូវបានប៉ាន់ស្មានថានឹងដើរតួធ្វើជាប៉ូលីសអាក្រក់នៅក្នុងកិច្ចប្រជុំ ដែលមានន័យថាលោកម៉ាក្រូទំនងជានឹងដើរតួជាប៉ូលិសចិត្តល្អ ហើយពួកគេនឹងពិភាក្សាទៅលើសង្គ្រាមនៅអ៊ុយក្រែន និងជំរុញឱ្យចិនជួយដោយព្យាយាមដាក់សម្ពាធលើលោក Xi Jinping អោយប្រើឥទ្ធិពលរបស់លោកលើរុស្ស៊ី។ សហរដ្ឋអាមេរិកបានដើរជំហានមួយចំនួនដែលធ្វើឱ្យប៉ះពាល់ផលប្រយោជន៍របស់អឺរ៉ុប ដូចនេះអឺរ៉ុបកំពុងរកវិធីការពារផលប្រយោជន៍របស់ពួកគេមកវិញ។
3. ហេតុអ្វី Donald Trump នៅតែជាជើងឯកសម្រាប់គណបក្សសាធារណរដ្ឋ?
មុនពេលលោកត្រូវបានបញ្ជូនទៅតុលាការ លោក Trump នឹងត្រូវបានផ្ដិតក្រយ៉ៅដៃ ពិនិត្យ DNA-swabbed និងផ្តិតយករូបថតដែលមិនបាច់សង្ស័យនឹងត្រូវចែករំលែកពាសពេញពិភពលោក។ ទោះបីជាយ៉ាងណាក៏ដោយមេធាវីរបស់លោកបានបន្ទាបឱកាសដែលចុងចោទនឹងត្រូវដើរអមនឹងខ្នោះដៃកាត់កាំមេរ៉ាប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ - ជាមួយមេធាវី Trump លោក Joe Tacopina បានប្រាប់ CNN មុននេះថា"សង្ឃឹមថាយើងនឹងអាចធ្វើអោយវាមើលឃើញទៅមិនអាក្រក់ខ្លាំងពេកសម្រាប់ស្ថានការណ៍បែបនេះ»។ នៅពេលដែលចូលក្នុងតុលាការ លោក Trump ត្រូវបានរំពឹងថានឹងសារភាពថាមិនមានកំហុសចំពោះរាល់ការចោទប្រកាន់ទាំងអស់។ ខណៈដែលគេមិនទាន់ដឹងច្បាស់ថាតើលោកនឹងប្រឈមមុខនឹងបទចោទអ្វីខ្លះនៅឡើយទេ មានទាំងអស់ចំនួន30 រាប់បញ្ចូលទាំងបទឧក្រិដ្ឋយ៉ាងហោចណាស់មួយផងដែរ។ បន្ទាប់ពីនេះ លោកត្រូវបានរំពឹងថានឹងត្រលប់ទៅរដ្ឋផ្លរីដាវិញ ហើយនិយាយទៅកាន់អ្នកគាំទ្ររបស់លោក។ ដោយសារលោកមានកំហឹងខឹងសម្បារចំពោះការចោទប្រកាន់នោះ វាអាចជួយលោកក្នុងការទទួលបានការតែងតាំងពីគណបក្សសាធារណរដ្ឋសម្រាប់ប្រធានាធិបតីនៅឆ្នាំក្រោយ។ នៅពេលដែលគណបក្សសាធារណរដ្ឋកាន់តែច្រើនចូលរួមក្នុងភាពច្របូកច្របល់នេះ លោក Trump បានកំពុងប្រើការចោទប្រកាន់នេះដើម្បីបង្កើនមូលដ្ឋានគាំទ្ររបស់លោក។ ហើយវាហាក់ដូចជាកំពុងដំណើរការផងដែរ យោងទៅតាមការស្ទង់មតិរបស់ Yahoo/YouGov កាលពីថ្ងៃអាទិត្យបានបង្ហាញថាលោក Trump មានពិន្ទុ 26 ភាគរយនាំមុខលើលោក Ron DeSantis នៃរដ្ឋ Florida ដែលជាគូប្រជែងខ្លាំងបំផុតនឹងលោក Trump ។
4. ទីតាំងសមរភូមិថ្មីរបស់អាមេរិច និងចិននៅក្នុងតំបន់ប៉ាស៊ីហ្វិច
សហរដ្ឋអាមេរិកគ្រោងនឹងបើកស្ថានទូតមួយនៅ Vanuatu។ នេះត្រូវបានបញ្ជាក់ដោយនាយកដ្ឋានរដ្ឋអាមេរិច ហើយនេះគឺជាការផ្លាស់ប្តូរមួយទៀតប្រឆាំងចិនដើម្បីកម្រិតកំណើនឥទ្ធិពលរបស់ចិននៅតំបន់ប៉ាស៊ីហ្វិក។ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកមានអ្នកតំណាង មិនមែននៅត្រឹមតែប្រទេស Vanuatu ទេ ប៉ុន្តែនៅក្នុងប្រទេសក្បែរនោះទេដែលស្ថិតនៅក្នុងប្រទេសកោះ New Guinea ប៉ុន្តែឥឡូវនេះអាមេរិកនឹងបង្កើតស្ថានទូតថ្មីមួយទៀតនៅ Vanuatu ហើយនេះនឹងសម្គាល់ការផ្លាស់ប្តូរដ៏សំខាន់មួយដែលវាបង្ហាញថាអាមេរិកកំពុងយកចិត្តទុកដាក់ក្នុងការកាន់កាប់ឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់នេះ។ វ៉ាស៊ីនតោនមានកិច្ចព្រមព្រៀងជាមួយកោះភាគច្រើននៅក្នុងតំបន់ប៉ាស៊ីហ្វិចដែលផ្តល់សិទ្ធិផ្តាច់មុខដល់អាមេរិកក្នុងការដឹកនាំលើផ្នែកខ្លះនៃប៉ាស៊ីហ្វិក។ បើពិនិត្យមើលផែនទីអោយជិតនោះ អ្នកនឹងឃើញថាកោះទាំងនេះនៅជិតអាស៊ី និងអូស្ត្រាលីជាងសហរដ្ឋអាមេរិកទៅទៀត ដូច្នេះតើអាមេរិកគ្រប់គ្រងតំបន់នេះដោយរបៀបណា? ដោយមានជំនួយពីមូលដ្ឋានយោធា អាមេរិកមានមូលដ្ឋានទ័ពជើងទឹកនៅឯកោះ Guam ដែលជាអាណានិគមរបស់អាមេរិកនៅក្នុងតំបន់ប៉ាស៊ីហ្វិក។ ដូច្នេះប៉ុន្មានឆ្នាំមកនេះ ចិនបានព្យាយាមដណ្តើមកោះទាំងនេះពីសហរដ្ឋអាមេរិចដោយប្រើការបញ្ចុះបញ្ចូលដោយលុយ ការសូកប៉ាន់ រឺការគំរាមកំហែងជាដើម។ ការផ្លាស់ប្តូរនេះឃើញកើតមានរួចមកហើយនៅលើករណីកោះ Solomon ដែលបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយចិនហើយ។ ដូចនេះអាមេរិចកំពុងបញ្ចៀសស្ថានភាពកុំអោយកើតឡើងដូចកោះ Solomon នេះទៀត ដោយប្រើប្រាស់ទឹកប្រាក់ និងវប្បធម៌ទាំងសងខាង ប្រទេសនៃតំបន់ប៉ាស៊ីហ្វិចកំពុងក្លាយជាចំនុចប្រកួតប្រជែងគ្នារវាងអាមេរិច និងចិន។
5. ប្រេង OPEC ថយចុះនាំអោយតំលៃប្រេងឡើងថ្លៃ ជួយរុស្ស៊ីទប់ទល់នឹងអាមេរិច និងអឺរ៉ុប
ប្រទេសផលិតប្រេងសំខាន់ៗដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីតបាននិយាយថាពួកគេកំពុងកាត់បន្ថយការផ្គត់ផ្គង់ប្រេងឆៅជាថ្មីម្តងទៀត។ លើកនេះការសម្រេចចិត្តនេះគឺជារឿងរ៉ាវគួរអោយភ្ញាក់ផ្អើលមួយ និងកំពុងគូសបញ្ជាក់អំពីការព្រួយបារម្ភដែលដំណើរសេដ្ឋកិច្ចពិភពលោកកំពុងឆ្ពោះទៅ។ រុស្ស៊ីកំពុងតែចូលរួមដំណើរមួយនេះ ដោយបន្តកាត់បន្ថយផលិតកម្មរបស់ខ្លួនសម្រាប់ឆ្នាំនេះ។ ជាធម្មតាបើផ្អែកទៅលើទ្រឹស្ដី បើប្រេងកាន់តែតិចហូរចូលទៅកាន់រោងចក្រចម្រាញ់ប្រេងនោះ នោះគួរតែមានន័យថាតម្លៃសាំងកាន់តែខ្ពស់សម្រាប់អ្នកប្រើប្រាស់ ហើយអាចជំរុញអោយកើតមានអតិផរណាជះផលប៉ះពាល់មកលើសហរដ្ឋអាមេរិក និងអឺរ៉ុបបានទៀតផង។ ម្យ៉ាងទៀតហើយនោះក៏អាចជួយរុស្ស៊ីទប់ទល់នឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិចជុំវិញការឈ្លានពានរបស់ខ្លួនមកលើអ៊ុយក្រែនបានដែរ ដោយការចំណាយលើសហរដ្ឋអាមេរិក។ ការសម្រេចចិត្តរបស់អ្នកផលិតប្រេង ដែលភាគច្រើនពួកគេស្ថិតនៅក្នុងក្រុមប្រេង OPEC ដោយកាត់បន្ថយការផលិតលើសពី1លានបារ៉ែលក្នុងមួយថ្ងៃនោះ កើតឡើងបន្ទាប់ពីតម្លៃប្រេងឆៅស្តង់ដារអន្តរជាតិបានធ្លាក់ចុះចំពេលសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះដែលមានតំរូវការប្រេងឥន្ធនៈតិចសម្រាប់ការធ្វើដំណើរ និងឧស្សាហកម្ម។