ភ្នំពេញ៖ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឃាត់ខ្លួនបក្ខពួកក្រុមចោរប្លន់ ដឹកនាំដោយ William Guang បានម្នាក់ទៀត បន្ទាប់ពីរត់គេចខ្លួនក្រោយធ្វើសកម្មភាពប្លន់អ្នកលក់ឡេ យកគ្រឿងពេជ្រ ដែលមានតម្លៃជិត២លានដុល្លារ។
ប្រភពពីអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៣និង០០នាទី ស្ថិតនៅចំណុចចំណតរថយន្តស្ថិតក្នុងភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ នេត ផៃមុនី ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិព្រែកទ្រាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមនិងម៉ូតូ០១គ្រឿង ម៉ាកហុងដាឃ្លិច ពណ៌ខ្មៅលាយក្រហម សេរីឆ្នាំ២០១៩ ស្លាក លេខ កណ្តាល 1AB-4235។
សមត្ថកិច្ចបញ្ជាក់ថា ជនសង័្សយរូបនេះ មានសកម្មភាពពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ប្លន់ទ្រព្យសម្បត្តិ)ក្នុងលំនៅដ្ឋានរបស់អ្នកលក់ឡេ អ៊ាន សៀវម៉ី កាលពីថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០២១ នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយរត់គេចខ្លួនដល់ទឹកដីខេត្តបាត់ដំបង។
ប្រភពពីសមត្ថកិច្ចដែលអនុវត្តការងារនេះ បានឱ្យដឹងថា មុខសញ្ញាឈ្មោះ នេត ផៃមុនី រូបនេះ គឺជាអ្នកស្លៀកពាក់ឯកសណ្ឋានបន្លំជាសមត្ថកិច្ច មានកាន់ក្រដាស់ដីកាក្លែងក្លាយផង ចូលធ្វើសកម្មភាពនៅថ្ងៃកើតហេតុនោះ ក្រោមកិច្ចបញ្ជាដឹកនាំផ្ទាល់ពីឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វីល្លៀមគ័ង William Guang។
ជនសង្ស័យត្រូវបានប្រគល់ជូនទៅកម្លាំងនាយដ្ឋានព្រហ្មទណ្ឌ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖លាង ឡា