ការសោយទីវង្គត់ទៅនៃមហាក្សត្រយានីAlizabethថ្មីៗនេះ បានធ្វើអោយមនុស្សជាច្រើនគាស់រំលឹកដល់ម្ចាស់ក្សត្រីមួយអង្គដែលតែងតែដក់ជាប់នៅក្នុងចិត្តមហាជននិងជាពិសេសប្រជាជនអង់គ្លេស។អ្វីដែលធ្វើអោយព្រះនាងម្ចាស់ដាយណាមានតំលៃពិសេសសំរាប់មនុស្សរាប់លាននាក់ គឺដោយសារតែសមត្ថភាពរបស់ព្រះនាងក្នុងការលួងលោមនៅក្បែរមនុស្សដែលត្រូវការកំលាំងចិត្តទាំងនោះ និងអ្វីដែលព្រះនាងហ៊ានធ្វើប្រសិនបើព្រះនាងជឿជាក់ថាវាត្រឹមត្រូវ បើទោះបីជាត្រូវប្រឆាំងនឹងច្បាប់ទំនៀមទំលាប់សង្គម រឺមួយនៅក្នុងរាជវាំងក៏ដោយ។ ព្រះនាងដាយណាកើតនៅក្នុងក្រុមគ្រួសារមួយបំរើនៅក្នុងត្រកូលរាជវាំង និងត្រូវបានរៀបអភិសេកជាមួយព្រះអង្គឆាលីទី៣នៅក្នុងឆ្នាំ១៩៨១ ដែលបានធ្វើអោយមនុស្សជាច្រើនយល់ឃើញថាអាពាហ៍ពិពាហ៍របស់នាងហាក់ដូចជានៅក្នុងរឿងព្រេងនិទានដូច្នេះឯង។ អ្វីដែលមានសារៈសំខាន់សំរាប់ដាយណាគឺបុត្រារបស់ព្រះនាង ព្រះអង្គម្ចាស់វីល្លាម និងហារីជាមួយនឹងព្រះអង្គម្ចាស់ឆាលីទី៣ ។ យ៉ាងណាមិញម្ចាស់ក្សត្រីនៅតាមប្រទេសជាច្រើនតែងតែមានចំនុចលក្ខណៈពិសេសខុសៗគ្នា ដោយឡែកព្រះនាងដាយាណាក៏មានលក្ខណៈសម្បត្តិពិសេសផ្ទាល់ខ្លួនរបស់ទ្រង់ផងដែរ។ សកម្មភាព និងពាក្យសំដីរបស់ព្រះនាងអាចឆ្លុះបញ្ចាំងពីឧត្តមគតិខាងក្នុងដែលអាចអោយមនុស្សជាតិរៀនសូត្រពីព្រះនាងបានដូចជា៖
១. ការស្មោះត្រង់ចំពោះខ្លួនឯង៖ ជាក់ស្តែងព្រះនាងដាយណាតែងតែធ្វើអ្វីមួយស្របតាមគុណតំលៃ និងគោលការណ៍ជីវិតរបស់នាង។ ព្រះនាងក៏បានធ្វើសប្បុរសធម៌ទៅកាន់ជនខ្វះទីលំនៅ ជួយទ្រទ្រង់អ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ សង្គ្រោះកុមារ និងយុវជនផងដែរ។ ទន្ទឹមនឹងនេះព្រះនាងក៏បានធ្វើបេសកកម្មបញ្ឈប់រាល់តំបន់ទាំងអស់ដែលត្រូវបានដាក់មីនប្រើប្រាស់ក្នុងប្រយោជន៍ណាមួយ ដែលអាចបណ្តាលអោយរងគ្រោះដល់មនុស្សមិនដឹងអី ជនស្លូតត្រង់ មិនថាចាស់ក្មេង។
២. ការដឹកនាំជីវិតតាមបេះដូងរបស់ខ្លួនឯង៖ ព្រះនាងប្រើបេះដូងរបស់ខ្លួនឯងជាជញ្ជីងថ្លឹងថ្លែងសភាវៈខុសត្រូវ ល្អអាក្រក់ដោយចិត្តបរិសុទ្ធ។ មិនថាជាការងារដឹកនាំមនុស្ស ព្រះនាងបានដាក់ចុះអំណាចជំនួសអោយការបង្ហាញជាទឹកចិត្តល្អមកកាន់គ្នាវិញ រហូតដល់ថ្នាក់មនុស្សជាច្រើនយល់ឃើញថាព្រះនាងជ្រើសរើសវិធីដឹកនាំមនុស្សតាមបែបបំរើមនុស្សវិញ។ ព្រះនាងហ៊ានដើរតាមសំលេងបេះដូងរបស់ខ្លួនឯងទោះជាត្រូវគន្លងច្បាប់ប្រពៃណីរបស់រាជវាំង ព្រោះភាពជាមនុស្ស ភាពជាខ្លួនឯងមានសារៈសំខាន់ខ្លាំងជាងសំរាប់ព្រះនាង ឧទាហរណ៍ដូចជាព្រះនាងហ៊ានប៉ះពាល់ជាមួយជនត្រូវគេរើសអើងរួមមានអ្នកជំងឺអេដស៍ ជនក្រីក្រជាដើម ។
៣. តំណាងអោយស្រ្តីរឹងមាំ និងឯករាជ្យទាំងអស់៖ ព្រះនាងដាយណាធ្លាប់បាននិយាយថារាល់មនុស្សស្រីរឹងមាំទាំងអស់ដែលជ្រើសរើសផ្លូវដើររបស់ខ្លួននាង វាតំណាងអោយអំណាចថាមពលដ៏ខ្លាំងក្លា ដែលបានធ្វើអោយអ្នកដទៃទៀតចង់រក្សានូវប្រពៃណីទំនៀមទំលាប់ មានអារម្មណ៍ច្របូកច្របល់និងភ័យខ្លាចនាង។ នាងគឺជាស្រ្តីដែលហ៊ានរើបំរាស់ចេញពីចំណងអាពាហ៍ពិពាហ៍មួយដែលមិនសមប្រកប
ដើម្បីស្វែងរកភាពជាខ្លួនឯង និងអ្វីដែលខ្លួនឯងត្រូវការ ដោយមិនត្រូវការបុរសដែលធ្វើអោយប៉ះទង្គិចផ្លូវចិត្តស្រ្តីដទៃទៀតយកគំរូតាម និងហ៊ានដើរចេញដើម្បីសេរីភាពខ្លួនឯង។
៤. តំណាងអោយមាតាទាំងអស់នៅលើពិភពលោក៖ ព្រះនាងចង់អោយបុត្រាទាំងពីរអង្គរបស់ទ្រង់មានជីវិតរស់នៅរីករាយយ៉ាងសាមញ្ញ ក៏ដូចជាត្រៀមរៀបចំផ្លូវអោយទ្រង់អាចកាន់កាប់ការងារបាននាពេលអនាគត។ ព្រះនាងបាននាំទ្រង់ទាំងពីរអង្គទៅលេងនៅក្នុងសួនឧទ្យានកំសាន្ត ទៅមើលកុន និងសូម្បីតែតំរង់ជួររង់ចាំហេមប៊ហ្គ័រនៅ McDonalds ដែលក្សត្រផ្សេងទៀតនៅក្នុងខ្សែរាជវង្សមិនធ្លាប់បានឆ្លងកាត់កន្លងមក។ បន្ទាប់មកនៅពេលដែលពួកគេធំឡើង ព្រះនាងក៏បាននាំពួកគេទៅកាន់មន្ទីរពេទ្យ និងសួរសុខទុក្ខអ្នកខ្វះជំរកស្នាក់អាស្រ័យដើម្បីអោយបុត្រារបស់ទ្រង់មានក្តីស្រលាញ់ករុណា ដែលព្រះនាងជឿជាក់ថានឹងធ្វើអោយទ្រង់មិនក្លាយត្រឹមជាអ្នកនាំល្អម្នាក់ក៏ប៉ុន្តែក៏ជាមនុស្សល្អម្នាក់ផងដែរ។ ព្រះនាងដាយណាមានជំនឿដ៏ជឿជាក់មួយថា យុវជនមានកំលាំងដ៏ខ្លាំងក្លាមួយដែលអាចផ្លាស់ប្តូរពិភពលោកបាន។ ពិភពលោកនៅតែចងចាំទឹកចិត្តល្អបរិសុទ្ធ ការផ្លាស់ប្តូរ និងសមិទ្ធផលទាំងឡាយដែលព្រះនាងដាយណាបានបង្កើត ទោះជាព្រះនាងបានចាកចេញពីពិភពលោកនេះក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្នុងថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៩៧ កន្លងទៅជាង២៥ឆ្នាំទៅហើយក៏ដោយ។