ភ្នំពេញ ៖ លោក Takeshi kasai នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក នៃ អង្គការសុខភាពពិភពលោក (WHO) បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ។
ការកោតសរសើរនេះ បានធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅវិមានសន្តិភាព។
នៅក្នុងជំនួបនេះ លោក Takeshi kasai នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក នៃ អង្គការសុខភាពពិភពលោក (WHO) បានកត់សម្គាល់នៅចំណុចចំនួន ៣ នៃការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ ទី១, កម្ពុជាដើរជាគំរូនៅក្នុងក្របខ័ណ្ឌតំបន់និងពិភពលោកក្នុងការចាក់វ៉ាក់សាំងជូនប្រជាជន ទី២, កម្ពុជា ជាប្រទេសគំរូក្នុងការតាមដានវិភាគនិងឆ្លើយតបទាន់ពេលវេលាទៅនឹងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងទី៣, កម្ពុជាបានអនុញ្ញាត្តទទួលកប៉ាល់ westerdam ឱ្យចូលចតនៅកម្ពុជា ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានចែករំលែកបទពិសោធន៍អំពីការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋតាមរយៈអភិក្រមផ្ការីក ដែលជាយុទ្ឋនាការទប់ស្កាត់ជំងឺកូវីដ-១៩ផងដែរ។
ចំពោះការចុះចតកប៉ាល់ westerdam សម្តេចតេជោ មានប្រសាសន៍លើកឡើងថា ប្រសិនបើកម្ពុជា មិនឱ្យចូលចតទេ នោះប្រជាជននៅលើនោះ និងអាចស្លាប់ដោយសារអស់ទឹក អស់ស្បៀង នៅពេលដែលអ្នកនៅលើកប៉ាល់នោះ មិនមានជំងឺកូវីដ-១៩។
សម្តេចបញ្ជាក់ថា ការអនុញ្ញាតឲ្យកប៉ាល់ westerdam ចូលចត គឺជាទឹកចិត្តមនុស្សធម៌របស់កម្ពុជា ដែលមិនរារែក ទោះបីមានហានិភ័យក៏ដោយ៕
អត្ថបទ៖លាង ឡា