ភ្នំពេញ៖ មន្ត្រីជំនាញផ្នែកកិច្ចការសាធារណផ្នែកទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយនៃបណ្ឌិតសភាយោធា West Point លោក Francis J DeMaro Jr. បានបញ្ជាក់ប្រាប់ EAC News ថា តម្លៃសញ្ញាបត្រនៅបណ្ឌិតសភាយោធាអាមេរិក West Point គ្មានការបែងចែក ឬភាពខុសគ្នារវាងសិស្សក្នុងស្រុក និងសិស្សមកពីបរទេសនោះទេ ហើយលោកសង្ឃឹមថាការបញ្ជាក់លើកនេះនឹងបញ្ចប់ភាពចម្រូងចម្រាស់នៃតម្លៃសញ្ញាបត្រសាលារបស់លោកផងដែរ។
ក្នុងសារអេឡិចត្រូនិកអ៊ីម៉ែលដែលផ្ញើឆ្លើយតបទៅនឹងសំណួររបស់ EAC News លោក Francis J DeMaro Jr. បានបញ្ជាក់ថា៖ «អ្នកគ្រប់គ្នាដែលបានបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាសហរដ្ឋអាមេរិកនឹងទទួលបានបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រគឺគ្មានភាពខុសគ្នា ឬការតម្រូវផ្សេងសម្រាប់បេក្ខជនអន្តរជាតិនោះទេ។ ខ្ញុំសង្ឃឹមថានេះអាចជួយបញ្ជាក់ពីភាពចម្រូងចម្រាសបាន» ។
ការបញ្ជាក់របស់បណ្ឌិតសភាយោធាអាមេរិកនៅពេលនេះអាចចាត់ទុកជាការបញ្ចប់នូវការលើកឡើងដោយគ្មានអំណះអំណាងរបស់លោក សម រង្ស៊ី កាលពីកន្លងទៅដែលបានវាយប្រហារមកលើតម្លៃសញ្ញាបត្ររបស់លោក ហ៊ុន ម៉ាណែត ថាជាសញ្ញាបត្រកម្រិត២ ឬសញ្ញាបត្រយោគយល់។ លោក ហ៊ុន ម៉ាណែត អាយុ៤៤ឆ្នាំ គឺជាកូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ លោកជាជនជាតិខ្មែរដំបូងគេដែលបញ្ចប់ការសិក្សានៅបណ្ឌិតយោធា West Point របស់អាមេរិក ហើយលោកក៏បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យញ៉ូវយ៉ក និងបណ្ឌិតសេដ្ឋកិច្ចនៃសាកលវិទ្យាល័យប្រ៊ីសស្ដុលនៃចក្រភពអង់គ្លេសផងដែរ។
កាលពីថ្ងៃទី២៥ ខែធ្នូ កន្លងទៅលោក សម រង្ស៊ី បានផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានបរទេសដែលផ្សាយជាភាសាខ្មែរដោយបានលើកឡើងថាសញ្ញាប័ត្រដែលលោក ហ៊ុន ម៉ាណែត ទទួលបានទាំងពីសាលាបណ្ឌិតយោធា West Point និងសាកលវិទ្យាល័យញូវយ៉ក និងសញ្ញាបត្រពីសាកលវិទ្យាល័យប្រ៊ីសស្ដូលនៅចក្រភពអង់គ្លេសគឺជាសញ្ញបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់។
បន្ទាប់មកដើម្បីការពារពីភាពត្រឹមត្រូវនៃសញ្ញាបត្រខ្លួន លោក ហ៊ុន ម៉ាណែត បានប្រកាសហៅលោក សម រង្ស៊ី ភ្នាល់គ្នាដាក់ «ជីវិតនយោបាយ» ប្រសិនជា សម រង្ស៊ី អាចរកភស្ភុតាងបញ្ជាក់ថាលោកទទួលបានសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់ដូចដែល សម រង្ស៊ី អះអាងមែន។ ទោះជាយ៉ាងណាក្រោយរង់ចាំពីការភ្នាល់២ថ្ងៃដោយគ្មានការឆ្លើយតប លោក ហ៊ុន ម៉ាណែត បានដាក់បន្ថែមមួយទៀតដោយស្នើឱ្យលោក សម រង្ស៊ី ឈប់ធ្វើនយោបាយទៅ ព្រោះលោក សម រង្ស៊ី គ្មានភាពក្លាហានក្នុងការការពារអំណះអំណាងរបស់ខ្លួនដែលបង្ហាញពីភាពមិនមែនជាគំរូដល់ពលរដ្ឋ។
កាលពីម្សិលមិញ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក Chad Roedemeier បានឆ្លើយតបនឹងសារអេឡិចត្រូនិចអ៊ីម៉ែលរបស់ EAC News ថាបញ្ហាសញ្ញាបត្រលោក ហ៊ុន ម៉ាណែត ត្រូវបានសាលាទាហានអាមេរិក West Point បកស្រាយរួចហើយកាលពីឆ្នាំ២០១៩ ដែលមានន័យថាស្ដង់ដាសញ្ញាបត្ររបស់សាលាអាមេរិកមិនមានការបែងចែកស្ដង់ដារកម្រិត២ ឬសញ្ញាបត្រយោគយល់ដូចដែលលោក សម រង្ស៊ី លើកឡើងនោះទេ។
ការលេចឡើងបែបនេះគឺបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានដល់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក Patrick Murphy ឱ្យជួយបកស្រាយករណីដែលមានការលើកឡើងថាសញ្ញាបត្រដែលនិស្សិតកម្ពុជាទទួលបានពីអាមេរិកគឺជាសញ្ញាបត្រកម្រិត២ ឬជាសញ្ញាបត្រយោគយល់ ដោយថាដើម្បីការពារកិត្តិយសការអប់រំនៅក្នុងសហរដ្ឋអាមេរិក៕