ការប្រយុទ្ធគ្នា និងភ្លើងឆាបឆេះនៅក្លឹបរាត្រីមួយក្នុងខេត្ត West Papua ប្រទេសឥណ្ឌូណេស៊ី បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៩ នាក់បានស្លាប់។
មន្ត្រីប៉ូលីសបាននិយាយថា មនុស្សម្នាក់ត្រូវបានគេចាក់សម្លាប់ ប៉ុន្តែជនរងគ្រោះផ្សេងទៀតបានជាប់នៅក្នុងភ្លក់ភ្លើង ដែលបានឆាបឆេះនៅក្លឹប Double O ក្នុងក្រុងសូរ៉ុង។ គេមិនដឹងថា ភ្លើងឆេះនេះបានកើតឡើងដោយរបៀបណានោះទេ ប៉ុន្តែវាបានកើតឡើងបន្ទាប់ពីមានជម្លោះរវាងមនុស្សពីរក្រុមប្រដាប់ដោយកាំបិត និងព្រួញ។
អ្នកនាំពាក្យប៉ូលីសបានប្រាប់ទូរទស្សន៍ Metro TV ថា "ការប្រយុទ្ធគ្នាក្នុងចំណោមយុវជននៅក្នុងទីក្រុងគឺជារឿងធម្មតា ប៉ុន្តែវាបានបណ្តាលឱ្យមានអ្នកស្លាប់ជាច្រើននាក់" ។ ប៉ូលីសបាននិយាយថា ពួកគេបានព្យាយាមជម្លៀសមនុស្សចេញពីកន្លែងដែលមានការប្រយុទ្ធគ្នា បន្ទាប់ពីការប៉ះទង្គិចគ្នាដោយហិង្សាបានចាប់ផ្តើមនៅក្លឹបរាត្រីនៅម៉ោង 23:00 ម៉ោងក្នុងស្រុក (14:00 GMT) កាលពីថ្ងៃចន្ទ។
ភ្លើងបានឆាបឆេះអគារធំមួយ ហើយឆេះតាំងពីជាន់ទី១ឡើងទៅ។ បន្ទាប់ពីអ្នកពន្លត់អគ្គីភ័យបានពន្លត់ភ្លើងកាលពីព្រឹកថ្ងៃអង្គារ ពួកគេបានរកឃើញសាកសពចំនួន 18 នាក់នៅក្នុងបន្ទប់មួយនៅជាន់ខាងលើរបស់ក្លឹបរាត្រី។
ប៉ូលីសបានព្យាយាមសម្រុះសម្រួល ចាប់តាំងពីមានជម្លោះរវាងមនុស្សពីរក្រុមបានផ្ទុះឡើងកាលពីយប់ថ្ងៃសៅរ៍។ ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា ប៉ូលីសបានដាក់ពង្រាយកងកម្លាំងនៅក្នុងទីក្រុងដើម្បីការពារការប៉ះទង្គិចគ្នាបន្ថែមទៀត។
តំបន់នេះមិនសូវរងផលប៉ះពាល់ដោយការប៉ះទង្គិចគ្នារវាងក្រុមឧទ្ទាមបំបែកខ្លួន និងកងកម្លាំងសន្តិសុខឥណ្ឌូណេស៊ីនៅផ្នែកផ្សេងទៀតនៃខេត្តនេះ៕
អត្ថបទដកស្រង់ពី BBC
បកប្រែនិងកែសម្រួលដោយ Mr. Blue