ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមការឲ្យដឹងពីក្រសួងការបរទេស នៅរសៀលថ្ងៃទី១០ ខែសីហា នេះ។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក វ៉ាង យី នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ព្រមទាំងអញ្ជើញចូលជួបសម្ដែងការគួរសមដាច់ដោយឡែកចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីតែងតាំងនៃព្រះរាជាណាចក្រកម្ពុជា។
បើតាមក្រសួងការបរទេស កិច្ចពិភាក្សារវាងថ្នាក់ដឹកនាំទាំងពីរនឹងផ្ដោតលើបញ្ហាមួយចំនួនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដែលឆ្លុះ បញ្ចាំងអំពីវិស័យអាទិភាពរួម។ បន្ថែមពីនេះ លោក វ៉ាង យី នឹងមានជំនួបដាច់ដោយឡែកជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា។ ជំនួបនឹងគ្របដណ្ដប់លើទិដ្ឋភាពចម្រុះ នៃកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដែលជាផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចនាពេលខាងមុខនេះប្រព្រឹត្តទៅ ស្របពេលជាមួយនឹងការប្រារព្ធខួប អនុស្សាវរីយ៍លើកទី៦៥ឆ្នាំ នៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពរវាងកម្ពុជានិងចិន។
ដំណើរទស្សនកិច្ច នេះនឹងរួមចំណែកបន្ថែមទៀតក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ ពង្រឹងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕