លោក Walt Disney (វ៉ល ឌីសនី)ដែលមានឈ្មេាះពេញ Walter Elias Disney(វ៉លធឺ អេលីយ៉ាស ឌីសនី)កើតនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ១៩០១ទីក្រុងឈីកាហ្គូ រដ្ឋអ៊ីលីណស សហរដ្ឋអាមេរិចនិងទទួលមរណភាពនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៦៦ ទីក្រុងឡសអេនជែលលែស រដ្ឋខាលីហ្វញ្ញា។ លោកជាផលិតករកម្មវិធីទូរទស្សន៍និងគំនូរជីវចលជនជាតិអាមេរិចម្នាក់ ព្រមទាំងជាអ្នកសម្តែងក្នុងកម្មវិធីគំនូរជីវចល និងជាអ្នកបង្កើតតួអង្គតុក្កតាMickey Mouse (មីគីម៉ោស)និងDonald Duck(ដូណាល់ ដាក)ផងដែរ។ លោកក៏ជាអ្នកចេញគំនិតសាងសង់ឌីសនីយលែនផងដែរដែលជាឧទ្យានសួនកំសាន្តនៅក្នុងទីក្រុងឡសអេនជេនលែសនៅក្នុងឆ្នាំ១៩៥៥ និងមុនពេលលោកទទួលមរណភាពលោកបានសាងសង់ឧទ្យានសួនកំសាន្តទី២ឈ្មេាះថាវ៉លឌីសនីយវីលនៅជិតទីក្រុងអរឡែនដូ រដ្ឋហ្លរីដា។ ក្រុមហ៊ុនឌីសនីយដែលមានលោកជាអ្នកផ្តួចផ្តើមដំបូងក៏បានក្លាយទៅជាមជ្ឈមណ្ឌលកំសាន្តមានឥទ្ធពលពាសពេញសកលលោក។ លោកវ៉ល គឺជាកូនទី៤នៃត្រកូលឌីសនីដែលមានឪពុកជាជាងឈើ កសិករ និងអ្នកម៉ៅការសំណង់ និងភរិយាជាគ្រូបង្រៀននៅសាលារដ្ឋ។ នៅពេលដែលលោកវ៉លស្ថិតនៅវ័យកុមារភាព ក្រុមគ្រួសាររបស់លោកបានផ្លាស់ទៅនៅកសិដ្ឋានមួយនៃទីក្រុងម៉ាសិលីន ដែលជាទីក្រុងមួយអាចសន្និដ្ឋានបានថាផ្តល់មនោគតិសំរាប់ផ្លូវសំខាន់មួយនៅក្នុងឌីសនីលែន។
នៅទីនេាះលោកវ៉លបានចាប់ផ្តើមការសិក្សា និងចាប់អារម្មណ៍ការផាត់ពណ៌និងគូររូបដោយប្រើគូល័រទៀន និងគូល័រទឹក។ បន្ទាប់មកទៀតឪពុករបស់លោកក៏បានបោះបង់ចោលកសិដ្ឋាន និងផ្លាស់មកនៅទីក្រុងខានសាស់វិញ ដោយនៅទីនេាះឪពុករបស់លោកបានទិញហាងកាសែតមួយ និងអោយលោកជួយដើរបោះកាសែតតាមផ្ទះរាល់ព្រឹក។ លោកវ៉លបានប្រាប់អោយដឹងថាទំលាប់ជាប្រចាំរបស់លោកកើតចេញពីវិន័យ និងភាពតឹងតែងពេលជួយធ្វើការបោះកាសែតអោយឪពុករបស់លោក។ នៅទីក្រុងខានសាស់លោកវ៉លបានរៀនជំនាញគំនូរនៅសាលាKansas City Art Institute and School of Design (ខានសាស់ ស៊ីធី អាត អ៊ីនស្ទីធូត អេន ស្គូល អ្វល ឌីហ្សាញ)។ នៅក្នុងឆ្នាំ១៩១៧ លោកវ៉លនិងគ្រួសារបានត្រលប់មករស់នៅទីក្រុងឈីខាហ្គូវិញ ហើយរូបលោកក៏បានរៀនបន្តនៅវិទ្យាល័យMcKinley(ម៉េក ឃីនលី)ដែលនៅទីនេាះលោករៀនអំពីការថតរូប ការគូររូបលើក្រដាសសាលា និងគំនូរតុក្កតាផងដែរ ក្នុងក្តីរំពឹងមួយចង់ក្លាយទៅជាអ្នកគូរគំនូរតុក្កតាលើក្រដាសកាសែត។ ប៉ុន្តែក្តីសុបិន្តរបស់លោកត្រូវបានបង្អាក់វិញដោយសារមានសង្គ្រាមលោកលើកទី១ ដែលនៅខណៈលោកបំរើការជាអ្នកបើកឡានអោយ AmericanRedCross (កាកបាទក្រហមអាមេរិច)ក្នុងប្រទេសបារាំង និងអាល់ឡឺម៉ង់។ \
ត្រលប់មកខានសាស់ម្តងទៀតក្នុងឆ្នាំ១៩១៩ លោកបានធ្វើការងាជាអ្នកគូររូប និងគូរទឹកថ្នាំនៅស្ទូឌីយូសិល្បៈពាណិជ្ជកម្មមួយ ដែលនៅទីនេាះលោកបានជួបលោក UbIwerks (អាប់អ៊ីវើក)ដែលជាអ្នករួមចំនែកក្នុងសមិទ្ធផលជោគជ័យរបស់លោកវ៉លជាច្រើន។ ពួកលោកទាំងពីរបានចាប់ផ្តើមបើកនូវស្ទូឌីអូខ្លួនឯងនៅក្នុងឆ្នាំ១៩២២ និងបានផលិតភាពយន្តពាណិជ្ជកម្មខ្លីៗ១ទៅ២នាទីចែកចាយទៅអោយបណ្តារោងភាពយន្តក្នុងស្រុក។ លោកវ៉លរួមនឹងមិត្តរបស់លោកបានបង្កើតស្នាដៃគំនូរជីវចលរឿងAliceinCartoonland(អាឡៃ អ៊ីន ខាធូនលែន)ហើយក៏ត្រូវបានក្ស័យធនទៅវិញព្រេាះមានទំនាស់ ផ្ទៃក្នុងរវាងផលិតករនិងអ្នកចែកចាយរឿង។ ប៉ុន្តែស្នាដៃរឿងមួយនេះរបស់លោកទទួលបានជោគជ័យយ៉ាងមិនគួរអោយជឿ ទើបលោកបបួលលោកអ៊ីវើកចាប់ដៃគ្នាដើរនៅលើផ្លូវនេះបន្តទៀត និងបានបន្សល់ទុកស្នាដៃគំនូរជីវចលជាច្រើនមកទល់បច្ចុប្បន្នរួចទាំងឌីសនីលែនផងដែរ។
អត្ថបទដោយ Vatey