ប្រទេសប៉ូឡូញបានប្រកាសថា កងកម្លាំង Wagner នៅក្នុងប្រទេសបេឡារុស្សបានឆ្ពោះទៅកាន់តំបន់ Suwalki Gap នៅតាមព្រំដែននៃប្រទេសប៉ូឡូញ និងលីទុយអានីហើយ ក្នុងការគំរាមកំហែងដ៏ធំបំផុតចំពោះអង្គការណាតូ ចាប់តាំងពីការផ្ទុះឡើងនៃសង្គ្រាមមក។ ឥឡូវនេះ NATO កំពុងប្រឈមមុខនឹងវិបត្តិទាក់ទងនឹងសង្គ្រាមកងជីវពលសាហាវទាំងឡាយនៅក្នុងភាពទន់ខ្សោយដ៏គ្រោះថ្នាក់បំផុតរបស់ខ្លួន។ ខណៈពេលដែលសហរដ្ឋអាមេរិកបានរកឃើញកម្មវិធីរបស់ចិនដែលបានបង្កប់នៅក្នុងហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនក្នុងគោលបំណងបង្អាក់កងកម្លាំងយោធាអាមេរិកនៅក្នុងព្រឹត្តិការណ៍ដែលចិនឈ្លានពានតៃវ៉ាន់រួមជាមួយនឹងអារ៉ាប៊ីសាអូឌីតធ្វើជាម្ចាស់ផ្ទះសន្និសីទសន្តិភាពអ៊ុយក្រែនដើម្បីបញ្ចប់សង្គ្រាមក្នុងសកម្មភាពមួយដែលបង្ហាញពី Soft Power របស់អារ៉ាប៊ីសាអូឌីត។
-
ប៉ូឡូញប្រកាសពីចលនានៃកងកម្លាំង Wagner ទៅកាន់ព្រំដែនរបស់ខ្លួន
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២៩ ខែកក្កដាបានអោយដឹងថា នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បាននិយាយកាលពីថ្ងៃសៅរ៍ថា ទាហានមួយក្រុមនៃក្រុម Wagner របស់រុស្ស៊ី បានធ្វើដំណើរទៅជិតទីក្រុង Grodno នៃប្រទេសបេឡារុស ដែលនៅជិតព្រំដែនប៉ូឡូញ។
ប្រទេសប៉ូឡូញដែលជាអតីតសមាជិកនៃកិច្ចព្រមព្រៀង Warsaw Pact ដែលជាសមាជិកពេញសិទ្ធិនៃសម្ព័ន្ធមិត្តយោធាណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិកតាំងពីឆ្នាំ 1999 មានការព្រួយបារម្ភអំពីការផ្ទុះសង្គ្រាមដែលអាចកើតមានលើទឹកដីរបស់ខ្លួនចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ 2022។
កាលពីដើមខែនេះ ប្រទេសប៉ូឡូញបានចាប់ផ្តើមផ្លាស់ទីទាហានជាង 1,000 នាក់ទៅកាន់ភាគខាងកើតនៃប្រទេសចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថាវត្តមានរបស់យុទ្ធជនWagnerនៅក្នុងប្រទេសបេឡារុស្សអាចនាំឱ្យមានការកើនឡើងភាពតានតឹងនៅតាមព្រំដែនរបស់ខ្លួន។
លោក Morawiecki បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Gliwice ថា "ស្ថានការណ៍កាន់តែមានគ្រោះថ្នាក់កាន់តែខ្លាំង…ភាគច្រើនទំនងជាពួកទាហានWagnerនឹងត្រូវបានក្លែងធ្វើជាឆ្មាំព្រំដែនបេឡារុស្សនិងជួយជនចំណាកស្រុកខុសច្បាប់ទៅកាន់ទឹកដីប៉ូឡូញ និងធ្វើឱ្យប៉ូឡូញមានអស្ថិរភាព"។
លោក Morawiecki បាននិយាយថា "ពួកគេទំនងជានឹងព្យាយាមចូលទៅក្នុងប្រទេសប៉ូឡូញដោយក្លែងធ្វើជាជនចំណាកស្រុកខុសច្បាប់ហើយនេះកាន់តែបង្កការគំរាមកំហែងបន្ថែមទៀត" ។
ទីក្រុងGrodno មានទីតាំងដ៏សំខាន់មួយ ដោយសារវានៅជិតតំបន់ Suwalki Gap ដែលជាដីយុទ្ធសាស្ត្រតាមបណ្តោយព្រំដែនប៉ូឡូញ-លីទុយអានីដែលបែងចែកប្រទេសបេឡារុស្ស ដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី ពីឧបទ្វីបរុស្ស៊ីនៃទីក្រុង Kaliningrad ។
-
អាមេរិកតាមប្រមាញ់មេរោគចិនដែលវាយលុកប្រតិបត្តិការយោធាអាមេរិក
យោងតាមសារព័ត៌មាន The New York Times ចុះផ្សាយថ្ងៃទី២៩ ខែកក្កដាបានអោយដឹងថា រដ្ឋបាលលោក Biden ជឿជាក់ថា ប្រទេសចិនបានដំឡើងមេរោគនៅលើបណ្តាញរបស់សហរដ្ឋអាមេរិកដែលអាចប៉ះពាល់ដល់ប្រតិបត្តិការយោធា និងការទំនាក់ទំនងក្នុងស្រុកផ្សេងទៀត នេះបើតាមមន្ត្រីបានប្រាប់កាសែត New York Times បន្ទាប់ពីមានរបាយការណ៍មុនៗដែលបង្ហាញថា ពួក Hacker របស់ចិនដែលឧបត្ថម្ភដោយរដ្ឋបានជ្រៀតចូលបណ្តាញហេដ្ឋារចនាសម្ព័ន្ធអាមេរិក។
មេរោគនេះត្រូវបានពិពណ៌នាដោយមន្ត្រីម្នាក់ថា វាគ្រោះថ្នាក់ប្រៀបដូចជា "គ្រាប់បែកពេលវេលា" ដែលត្រូវបានរចនាឡើងដើម្បីរំខានដល់ប្រតិបត្តិការយោធា ហើយនឹងអនុញ្ញាតឱ្យចិនកាត់ផ្តាច់ថាមពល ទឹក និងបណ្តាញទំនាក់ទំនងទៅកាន់មូលដ្ឋានយោធាអាមេរិក ហើយក៏អាចបណ្តាលអោយប៉ះពាល់ដល់លំនៅឋាន និងអាជីវកម្មទូទាំងប្រទេសផងដែរ។
ប្រសិនបើមេរោគត្រូវបានប្រើប្រាស់ មន្ត្រីបានប៉ាន់ប្រមាណថាបណ្តាញទំនាក់ទំនង បណ្តាញកុំព្យូទ័រ និងបណ្តាញអគ្គិសនីនឹងត្រូវបានស្ដារឡើងវិញក្នុងរយៈពេលប៉ុន្មានថ្ងៃ។
ក្រុមមន្ត្រីបាននិយាយថាកិច្ចខិតខំប្រឹងប្រែងក្នុងការដំឡើងមេរោគនៅលើប្រព័ន្ធរបស់សហរដ្ឋអាមេរិកបានចាប់ផ្តើមយ៉ាងហោចណាស់មួយឆ្នាំមុនពេលក្រុមហ៊ុន Microsoft បានប្រកាសថាខ្លួនបានរកឃើញសកម្មភាពលួចចូលហេដ្ឋារចនាសម្ព័ន្ធនៅកោះ Guam ដោយពួក Hacker ចិននៅក្នុងខែឧសភា។
យ៉ាងណាមិញផងដែរ កត់សម្គាល់ឃើញថាគណនីអ៊ីមែលរបស់លោក Nicholas Burns ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសចិនត្រូវបានទម្លាយចូលដោយពួក Hacker របស់ចិនកាលពីដើមខែនេះ បើទោះបីជារដ្ឋាភិបាលចិនបានបដិសេធថាឧប្បត្តិហេតុនេះមិនមែនជាផ្នែកនៃការវាយប្រហារទ្រង់ទ្រាយធំក៏ដោយ។
-
អារ៉ាប៊ីសាអូឌីតនឹងធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សាសន្តិភាពអ៊ុយក្រែន
យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី២៩ ខែកក្កដាបានអោយដឹងថា អារ៉ាប៊ីសាអូឌីត គ្រោងនឹងធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សានៅខែសីហា អំពីអ៊ុយក្រែន ដោយអញ្ជើញរដ្ឋលោកខាងលិច អ៊ុយក្រែន និងប្រទេសកំពុងអភិវឌ្ឍន៍សំខាន់ៗ រួមមានឥណ្ឌា និងប្រេស៊ីល។
របាយការណ៍បាននិយាយថា កិច្ចប្រជុំនេះនឹងនាំមន្ត្រីជាន់ខ្ពស់មកពីប្រទេសរហូតដល់ 30 រួមទាំងប្រទេសឥណ្ឌូនេស៊ី អេហ្ស៊ីប ម៉ិកស៊ិក ឈីលី និងសំប៊ី ទៅកាន់ទីក្រុង Jeddah នៅថ្ងៃទី5 និងទី6ខែសីហាដោយដកស្រង់សម្តីអ្នកការទូតដែលពាក់ព័ន្ធក្នុងកិច្ចពិភាក្សានេះ។
មន្ត្រីអ៊ុយក្រែន និងលោកខាងលិចសង្ឃឹមថា កិច្ចចរចាដែលមិនរាប់បញ្ចូលរុស្ស៊ី អាចនាំទៅរកការគាំទ្រពីអន្តរជាតិសម្រាប់លក្ខខណ្ឌសន្តិភាពដែលអនុគ្រោះដល់អ៊ុយក្រែន។
អង់គ្លេស អាហ្វ្រិកខាងត្បូង ប៉ូឡូញ និងសហភាពអឺរ៉ុប ស្ថិតក្នុងចំណោមអ្នកដែលបានបញ្ជាក់ពីការចូលរួមហើយទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan ត្រូវបានគេរំពឹងថានឹងចូលរួមដូចគ្នា។