1. លោកខាងលិចញាប់ញ័រព្រោះខ្លាច Wagner ឈានដល់ព្រំដែន NATO
យោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយថ្ងៃទី២៦ ខែមិថុនាបានអោយដឹងថា ប្រធានាធិបតីលីទុយអានីលោក Gitanas Nauseda ដែលប្រទេសរបស់ខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលណាតូនៅខែក្រោយបានព្រមានថាសម្ព័ន្ធភាពនឹងត្រូវពង្រឹងព្រំដែនភាគខាងកើតរបស់ខ្លួន"ប្រសិនបើលោកPrigozhin ឬផ្នែកនៃក្រុមWagner បញ្ចប់នៅប្រទេសបេឡារុស្សជាមួយនឹងផែនការមិនច្បាស់លាស់ និងចេតនាមិនច្បាស់លាស់"។ ប្រធានាធិបតីបេឡារុស្សលោក Lukashenko ចាប់តាំងពីឆ្នាំ 2020 មក កាន់តែពឹងផ្អែកជាខ្លាំងលើវិមានក្រឹមឡាំងដែលគាំទ្រសម្រាប់ការរស់រាននៃផ្នែកនយោបាយនាពេលអនាគតរបស់លោក។ នៅក្នុងការផ្លាស់ប្តូរយ៉ាងខ្លាំងនៅលើគោលនយោបាយ និងអ្វីដែលក្រុមប្រឆាំងមើលឃើញថាជាការបាត់បង់អធិបតេយ្យភាពរបស់ប្រទេសបេឡារុស ឥឡូវនេះពួកគេកំពុងតែក្លាយជាម្ចាស់ផ្ទះកាន់កាប់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី បន្ទាប់ពីកិច្ចព្រមព្រៀងរវាង លោក Lukashenko និងលោក Putin រួច។ លោកWilliam Alberque នាយកផ្នែកយុទ្ធសាស្ត្រ បច្ចេកវិទ្យា និងការគ្រប់គ្រងអាវុធនៅវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS)បានលើកឡើងថា"ខ្ញុំគិតថា លោក Lukashenko ប្រសិនបើលោកពូទីន និយាយថា'ពេញចិត្តអោយធ្វើរឿងអ្វីមួយ' លោកនឹងធ្វើតាមនោះ ដោយសង្ឃឹមថាវានឹងទាញផលប្រយោជន៍និងឥទ្ធិពលមួយចំនួនសំរាប់លោក។ អតីតអ្នកការទូត និងជារដ្ឋមន្ត្រីវប្បធម៌បេឡារុស លោក Pavel Latushko ដែលបច្ចុប្បន្នជាបក្សប្រឆាំងបាននិយាយថា "លោក Prigozhin មិនមែនជាកាដូសម្រាប់ លោក Lukashenko ទេ ពីព្រោះលោកពូទីន ដែលជាមេដឹកនាំផ្តាច់ការរូបនេះ នឹងមិនអត់ទោសដល់ភាពអាម៉ាស់ដែលលោកបានទទួលរងនៅក្នុងស្នាដៃរបស់លោក Prigozhin"ទេ។
2. អ៊ុយក្រែនបរាជ័យក្នុងការកេងចំណេញពីការបះបោរប្រឆាំងនឹងពូទីន
យោងតាមសារព័ត៌មាន RT ចុះផ្សាយថ្ងៃទី២៥ ខែមិថុនាបានអោយដឹងថា ក្រសួងការពារជាតិរុស្ស៊ីបានអះអាងកាលពីថ្ងៃអាទិត្យថាកងកម្លាំងរបស់ទីក្រុងគៀវបានវាយប្រហារម្តងហើយម្តងទៀតលើទីតាំងរបស់រុស្ស៊ីនៅទូទាំងជួរមុខក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ ដោយបានបង្កការរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងដំណើរការនេះ។ កងកម្លាំងអ៊ុយក្រែនបានបាត់បង់ទាហានជាង800នាក់ ព្រមទាំងសព្វាវុធជាច្រើនក្នុងអំឡុងពេលនៃការវាយលុកនេះ។ ទីក្រុងDonbass នៃតំបន់ Bakhmut និងតំបន់ជិតៗនោះ សង្កេតឃើញការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបំផុត ជាមួយនឹងការប្រឆាំងការវាយប្រហារចំនួនដប់លើកនៅក្នុងតំបន់នោះ។ យោធារុស្ស៊ីក៏បាននិយាយផងដែរថា ខ្លួនបានបំផ្លាញឃ្លាំងស្តុកគ្រាប់រំសេវដ៏ធំមួយនៅជិតទីប្រជុំជន Avdeyevka ក្នុងសាធារណរដ្ឋប្រជាមានិតDonetsk (DPR) ដែលសង្កេតឃើញក៏មានការប្រឆាំងការវាយប្រហារចំនួនបួនលើកទៀតនៅទីនោះ។ ចំណែកការប្រឆាំងការវាយប្រហារធំៗចំនួនបួនផ្សេងទៀតត្រូវបានទប់ទល់នៅភាគខាងជើងនៃតំបន់Donbass។ រីឯនៅភាគខាងត្បូងដែលជាទីតាំងសំខាន់នៃការវាយបករបស់អ៊ុយក្រែនចាប់តាំងពីដើមខែមិថុនាមក ក៏មានការទប់ទល់ការវាយប្រហារចំនួនបីលើកទៀតបានផ្ទុះឡើង។ ការកើនឡើងជាក់ស្តែងនៅក្នុងការប្រយុទ្ធគ្នានៅទីតាំងជួរមុខ និងបង្កើនការវាយប្រហារដោយយោធាអ៊ុយក្រែនបានកើតឡើងនៅខណៈពេលមានភាពចលាចលក្នុងស្រុកនៅក្នុងប្រទេសរុស្ស៊ី ដែលបណ្តាលមកពីការបះបោររយៈពេលខ្លីដោយក្រុមទាហាន Wagner កាលពីថ្ងៃសុក្រ។
3. ការចោទប្រកាន់មេដឹកនាំរបស់Wagnerពីបទបះបោរនិងក្បត់ជាតិមិនត្រូវបានទម្លាក់
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២៦ ខែមិថុនាបានអោយដឹងថា កាសែត Kommersant និងទីភ្នាក់ងារព័ត៌មានសំខាន់ៗចំនួនបីរបស់រុស្ស៊ី TASS, RIA and Interfax បានរាយការណ៍កាលពីថ្ងៃចន្ទដោយដកស្រង់ប្រភពមិនស្គាល់អត្តសញ្ញាណថាសំណុំរឿងព្រហ្មទណ្ឌរបស់រុស្ស៊ីប្រឆាំងនឹងមេដឹកនាំទាហានស៊ីឈ្នួលលោកYevgeny Prigozhin សម្រាប់ការបះបោរនៅតែបើកចំហ ហើយនៅតែកំពុងត្រូវបានស៊ើបអង្កេត។ ប្រធានាធិបតីលោកវ្ល៉ាឌីមៀពូទីន កាលពីថ្ងៃសៅរ៍បានប្តេជ្ញាថានឹងកំទេចនូវអ្វីដែលលោកហៅថាជាអំពើបះបោរក្បត់ជាតិ បន្ទាប់ពីលោក Prigozhin បាននិយាយថាក្រុមអ្នកប្រយុទ្ធ Wagner របស់លោកបានកាន់កាប់ទីក្រុងRostovភាគខាងត្បូងហើយ និងបន្តធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងមូស្គូទៀត ដោយបានលើកឡើងថានេះគឺជាការដើរក្បួនដើម្បីរកយុត្តិធម៌ដែលមានបំណងលុបបំបាត់អំពើពុករលួយ និងបណ្តេញមេបញ្ជាការរុស្ស៊ីដែលអសមត្ថភាព។ កាសែត Kommersant របស់រុស្ស៊ីបានរាយការណ៍កាលពីថ្ងៃចន្ទថាសំណុំរឿងព្រហ្មទណ្ឌនៅតែបើកចំហ ហើយថាសេវាសន្តិសុខសហព័ន្ធ(FSB) កំពុងបន្តការស៊ើបអង្កេតរបស់ខ្លួនជាផ្នែកនៃករណីនេះ។ សារព័ត៌មាន TASS បានដកស្រង់ប្រភពជិតដិតនឹងការិយាល័យរដ្ឋអាជ្ញាដែលនិយាយថា៖ "សំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងលោក Prigozhin មិនបានបញ្ឈប់ទេ ហើយការស៊ើបអង្កេតកំពុងតែបន្ត។" ការជាប់ពន្ធនាគារក្រោមច្បាប់រុស្ស៊ីសម្រាប់ឧក្រិដ្ឋកម្មបែបនេះគឺពី 12-20 ឆ្នាំ។