1. Biden ថាពូទីនកំពុងចាញ់សង្គ្រាមអ៊ីរ៉ាក់
យោងតាមសារព័ត៌មាន Politico ចុះផ្សាយថ្ងៃទី២៨ ខែមិថុនាបានអោយដឹងថា ប្រធានាធិបតីអាមេរិក Joe Biden បាននិយាយកាលពីថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កំពុងចាញ់សង្រ្គាមនៅក្នុងប្រទេសអ៊ីរ៉ាក់។ ជាការពិតណាស់ លោកពួទីនកំពុងអនុវត្តការលុកលុយយ៉ាងពេញទំហឹងក្នុងប្រទេសអ៊ុយក្រែន មិនមែនជាប្រទេសមជ្ឈិមបូព៌ា ដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានឈ្លានពានក្នុងឆ្នាំ ២០០៣ នោះទេ។ ដោយឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានអំពីលោកពូទីន លោក Biden បាននិយាយថា “វាពិបាកនឹងប្រាប់ ប៉ុន្តែលោកពូទីនច្បាស់ជាចាញ់សង្រ្គាមនៅអ៊ីរ៉ាក់”។ លោក Biden បានបន្ថែមថា៖«លោកពូទីនបានចាញ់សង្រ្គាមនៅផ្ទះហើយ ហើយលោកបានក្លាយជាអ្នកដែលមិនត្រូវបានគេចូលចិត្តនៅជុំវិញពិភពលោក។ ហើយវាមិនមែនត្រឹមតែ NATO ប៉ុណ្ណោះទេ ហើយក៏មិនមែនត្រឹមតែសហភាពអឺរ៉ុបដែរ នៅមានប្រទេសជប៉ុន និងរហូតទៅដល់៤០ប្រទេសថែមទៀត” ដែលសំដៅលើភាគីនានាប្រឆាំងនឹងលោកពូទីន។ ការអត្ថាធិប្បាយរបស់លោក Biden បានកើតឡើងនៅរយៈពេលតិចជាងមួយសប្តាហ៍បន្ទាប់ពីលោក Putin បានជួបរឿងចម្រូងចម្រាស់ជាមួយប្រធានក្រុម Wagner លោក Yevgeny Prigozhin ដែលដឹកនាំការបះបោរប្រឆាំងនឹងការបង្កើតយោធារុស្ស៊ីនិងត្រូវបានរំសាយចោល។
2. អាមេរិចអស់សង្ឃឹម! Biden វិលវល់រួចបញ្ជូនATACMS
យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី២៩ ខែមិថុនាបានអោយដឹងថា សហរដ្ឋអាមេរិកជិតអនុម័តការផ្គត់ផ្គង់ប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រកងទ័ព (ATACMS) សម្រាប់អ៊ុយក្រែនហើយ។ ការសម្រេចចិត្តនេះនៅតែរង់ចាំការអនុម័ត"នៅក្នុងកម្រិតខ្ពស់បំផុត" ប៉ុន្តែសេតវិមានបានដឹងអំពីតម្រូវការក្នុងការជំរុញការប្រយុទ្ធរបស់អ៊ុយក្រែននៅក្នុងសប្តាហ៍ខាងមុខនេះ។ CNN បានរាយការណ៍ថា NATO បានជំរុញទីក្រុង Kyiv កុំឱ្យវាយប្រហារលើគោលដៅរបស់រុស្ស៊ីក្នុងអំឡុងពេលនៃការបះបោរដែលកំពុងបន្តនៅថ្ងៃទី23-24ខែមិថុនា ដើម្បីកុំឱ្យមានការចាប់អារម្មណ៍ថាសម្ព័ន្ធមិត្តកំពុងនៅខាងលោក Prigozhin និងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់រុស្ស៊ី។ សមាជិកសភាអាមេរិកបានដាក់សំណើមួយទៅសភាកាលពីថ្ងៃទី16 ខែមិថុនាដោយស្នើការផ្តល់ថវិកាចំនួន 80 លានដុល្លាសម្រាប់ការទិញអាវុធ ATACMS សម្រាប់អ៊ុយក្រែន។ នៅខែកក្កដា ឆ្នាំ 2022 ទីប្រឹក្សាសន្តិសុខជាតិ លោក Jake Sullivan បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន មិនទាន់ត្រៀមខ្លួនជាស្រេចក្នុងការផ្តល់អាវុធ ATACMS ទេ ដោយបារម្ភថា ទង្វើនេះនឹងអាចធ្វើអោយឈានទៅរកសង្គ្រាមលោកលើកទី 3 ។
3. ការរីករាលដាលយ៉ាងឆាប់រហ័សនៃក្រុម Wagner
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២៩ ខែមិថុនាបានអោយដឹងថា រូបភាពផ្កាយរណបនៃមូលដ្ឋានយោធានៅភាគអាគ្នេយ៍នៃរដ្ឋធានី Minsk នៃប្រទេសបេឡារុស្ស ហាក់ដូចជាបង្ហាញពីទីកន្លែងថ្មីដែលត្រូវបានបង្កើតឡើងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដែលបង្ហាញពីការសាងសង់មូលដ្ឋានយ៉ាងឆាប់រហ័សសម្រាប់ក្រុម Wagner ដែលជាក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ីនៅពីក្រោយការបះបោរដែលត្រូវបានរំសាយចោល។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថាក្រុម Wagner ដែលមានមេដឹកនាំលោក Yevgeny Prigozhin បានទៅដល់ប្រទេសបេឡារុស្សកាលពីថ្ងៃអង្គារ និងអាចបង្កើតមូលដ្ឋានថ្មីនៅទីតាំងយោធាទំនេរមួយនៅជិតក្រុង Asipovichi ចម្ងាយប្រហែល 90 គីឡូម៉ែត្រពីទីក្រុង Minsk ។ រូបភាពដែលថតបានដោយផ្កាយរណប Sentinel 2 របស់ទីភ្នាក់ងារអវកាសអឺរ៉ុប កាលពីថ្ងៃទី 27 ខែមិថុនា បង្ហាញពីជួរនៃរចនាសម្ព័ន្ធវែងៗនៅក្នុងភូមិ Tsel ក្បែរនោះ នៅក្នុងវាលមួយដែលបានលេចចេញជារូបរាងទទេកាលពីថ្ងៃទី 14 ខែមិថុនា។ រ៉យទ័រមិនអាចផ្ទៀងផ្ទាត់ពីលក្ខណៈនៃការសាងសង់បានទេ។ រូបភាពអាចបង្ហាញឡើងជាសាធារណៈតាមរយៈការស្វែងរកនៅលើគេហទំព័រ ESA។ ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន បាននិយាយថា យុទ្ធជន Wagner អាចមានសេរីភាពក្នុងការផ្លាស់ទៅបេឡារុស្ស រឺចូលរួមជាមួយយោធារុស្ស៊ី រឺមួយត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីមានការបះបោរដែលលោកបាននិយាយថាបានគម្រាមកំហែងបង្កអោយមានសង្រ្គាមស៊ីវិលដល់ប្រទេសរុស្ស៊ី។