ក្រុមហេសបូឡាទទួលបានប្រព័ន្ធការពារដែនអាកាសពីក្រុម Wagner នេះបើយោងតាមការស៊ើបការណ៍សម្ងាត់របស់អាមេរិក! ជាមួយនឹងការលើកឡើងរបស់មេដឹកនាំហេសបូឡាលោក Nasrallah ដែលធ្វើអោយអ៊ីស្រាអែលកំពុងទន្ទឹងរង់ចាំនូវព្រឹត្តិការណ៍សង្រ្គាមផ្ទុះឡើងពីតំបន់ហ្គាហ្សាទៅកាន់ប្រទេសលីបង់ ហើយជាមួយនឹងកងទ័ពអ៊ីស្រាអែលដែលកំពុងធ្លាក់ចុះនៅចំពោះមុខកងពលតូច Qassam នៅតំបន់ហ្គាហ្សា រដ្ឋបាលលោក Biden កំពុងដាក់សម្ពាធអ៊ីស្រាអែលឱ្យទទួលយក"បទឈប់បាញ់"! ការចូលរួមរបស់ក្រុមហេសបូឡានៅក្នុងសង្រ្គាមមានន័យថាជាការសម្រេចបាននូវគោលដៅរបស់ពូទីនក្នុងការអូសទាញអោយអាមេរិកចូលទៅក្នុងសង្រ្គាមនៅមជ្ឈិមបូព៌ា ហើយជាមួយនឹងក្រុម Wagner ចូលរួមនៅក្នុងសង្រ្គាមប្រឆាំងនឹងអ៊ីស្រាអែល រដ្ឋបាលអាមេរិកនឹងរៀបចំសន្លឹកបៀរបស់ខ្លួនឡើងវិញ! រឿងនេះកើតឡើងស្របនឹងការប្រកាសរបស់កូរ៉េខាងជើងអំពីចេតនារបស់ខ្លួនគាំទ្រក្រុមហាម៉ាស និងហ្កាហ្សាដោយជាមួយអាវុធប្រឆាំងនឹងអ៊ីស្រាអែល! តើតំបន់នេះកំពុងឆ្ពោះទៅរកសង្រ្គាមក្នុងតំបន់ដ៏ឆាបឆេះមែនទេ? ឬតើអាមេរិកនឹងជោគជ័យក្នុងការសម្រេចបានបទឈប់បាញ់?
-
ក្រុម Wagner មកដល់ភាគខាងត្បូងលីបង់និងផ្តល់អាវុធការពារដែនអាកាសដល់ហេសបូឡា
យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី០២ ខែវិច្ឆិកាបានអោយដឹងថា ក្រុមមន្ត្រីអាមេរិកបាននិយាយថា Wagner Group ដែលជាអង្គការយោធាប៉ារ៉ារបស់រុស្ស៊ី គ្រោងនឹងផ្តល់ប្រព័ន្ធការពារអាកាសដល់ក្រុមហេសបូឡាដែលជាកងជីវពលលីបង់។
ប្រព័ន្ធ SA-22 របស់រុស្ស៊ី ដែលពួកគេគ្រោងនឹងបញ្ជូនទៅនេះ គឺប្រើប្រាស់កាំជ្រួចមីស៊ីលប្រឆាំងយន្តហោះ និងកាំភ្លើងការពារដែនអាកាស ដើម្បីស្ទាក់ចាប់យន្តហោះ។
មន្ត្រីអាមេរិកម្នាក់បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនមិនបានបញ្ជាក់ថាប្រព័ន្ធនេះត្រូវបានបញ្ជូនមករឺនៅនោះទេ។ ប៉ុន្តែក្រុមមន្ត្រីកំពុងតាមដានការពិភាក្សារវាងក្រុម Wagner និង ក្រុមហេសបូឡា ហើយក្រុមមន្ត្រីបាននិយាយថាការផ្គត់ផ្គង់នេះគឺជាកង្វល់ដ៏ធំមួយ។
ការស៊ើបការណ៍នេះកើតឡើងនៅខណៈពេលមានការព្រួយបារម្ភកាន់តែខ្លាំងថា ក្រុមហេសបូឡាដែលជាកងជីវពលគាំទ្រដោយអ៊ីរ៉ង់ អាចនឹងទីតាំងប្រយុទ្ធថ្មីមួយនៅភាគខាងជើងប្រឆាំងនឹងអ៊ីស្រាអែល។
មេដឹកនាំក្រុមហេសបូឡាលោក Hassan Nasrallah ត្រូវបានរំពឹងថានឹងថ្លែងសុន្ទរកថានៅថ្ងៃសុក្រនេះ ដែលនឹងអោយតម្រុយថាតើក្រុមសកម្មប្រយុទ្ធហេសបូឡានេះនឹងមានគម្រោងចូលរួមនៅក្នុងសង្គ្រាមឬអត់។
ខណៈក្រុម Wagner វិញ គឺមានទាហាននៅក្នុងប្រទេសស៊ីរី ហើយក្រុមហេសបូឡាក៏មានវត្តមានជួយប្រយុទ្ធក្រុម Wagner នៅទីនោះផងដែរ ដើម្បីគាំទ្រលោកប្រធានាធិបតី Assad នៅក្នុងយុទ្ធនាការរបស់លោកប្រឆាំងនឹងបក្សប្រឆាំងស៊ីរី។
-
Biden ស្នើឱ្យមានបទឈប់បាញ់បន្ទាប់ពីការឡោមព័ទ្ធអ៊ីស្រាអែល
យោងតាមសារព័ត៌មាន The New York Times ចុះផ្សាយថ្ងៃទី០២ ខែវិច្ឆិកាបានអោយដឹងថា សហរដ្ឋអាមេរិកនឹងស្នើសុំជាផ្លូវការឱ្យអ៊ីស្រាអែលផ្អាកនូវសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាសជាដំណាក់ៗវិញ ដើម្បីអនុញ្ញាតឱ្យមានការផ្គត់ផ្គង់ជំនួយនៅក្នុងតំបន់ហ្គាហ្សា និងអនុញ្ញាតឱ្យចំណាប់ខ្មាំងត្រូវបានដោះលែងដោយសុវត្ថិភាព។
នៅខណៈពេលមានការថ្កោលទោសកាន់តែខ្លាំងឡើងលើការស្លាប់ និងរបួសដែលបណ្តាលមកពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ាក្នុងសប្តាហ៍នេះ ដើម្បីជំរុញឱ្យរដ្ឋាភិបាលលោក Netanyahu ផ្អាកសង្គ្រាមជាដំណាក់ៗនៅក្នុងប្រតិបត្តិការយោធារបស់ពួកគេ។
-
កូរ៉េខាងជើងគ្រោងនឹងផ្តល់អាវុធដល់ក្រុមហាម៉ាស
យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី០២ ខែវិច្ឆិកាបានអោយដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឱ្យមន្ត្រីមកគាំទ្រប៉ាឡេស្ទីន និងអាចនឹងពិចារណាលក់អាវុធទៅឱ្យក្រុមសកម្មប្រយុទ្ធនៅមជ្ឈិមបូព៌ា នេះបើយោងតាមទីភ្នាក់ងារចារកម្មរបស់ប្រទេសកូរ៉េខាងត្បូង។
សមាជិកសភាកូរ៉េខាងត្បូងបាននិយាយបន្ទាប់ពីកិច្ចប្រជុំមួយដោយទីភ្នាក់ងារនេះថា ប្រទេសកូរ៉េខាងជើងបានធ្លាប់លក់ប្រព័ន្ធបាញ់មីស៊ីលប្រឆាំងរថក្រោះទៅឱ្យក្រុមហាម៉ាសកាលពីមុនរួចមកហើយ ហើយរឿងនេះអាចមានលទ្ធភាពដែលថាទីក្រុងព្យុងយ៉ាងនឹងព្យាយាមទាញយកប្រយោជន៍ពីសង្គ្រាមនេះ ហើយបន្តនាំចេញអាវុធបន្ថែមទៀតនៅខណៈពេលមានសង្រ្គាមនៅក្នុងតំបន់ហ្គាហ្សានេះ។ យោធាកូរ៉េខាងត្បូងបាននិយាយដោយផ្អែកលើរូបថត និងវីដេអូនៃការវាយប្រហារកាលពីថ្ងៃទី7 ខែតុលា ដែលបង្ហាញក្រុមហាម៉ាស់ហាក់ដូចជាកំពុងប្រើប្រាស់អាវុធជាច្រើនរបស់កូរ៉េខាងជើង។ យ៉ាងណាមិញទីក្រុងព្យុងយ៉ាងបានច្រានចោលការចោទប្រកាន់នេះថាមិនពិត។