1. ស្រណោះ! មេដឹកនាំ Wagner ត្រឡប់ទៅរុស្ស៊ីវិញ
យោងតាមសារព័ត៌មាន Politico ចុះផ្សាយថ្ងៃទី៦ ខែកក្កដាបានអោយដឹងថា មេដឹកនាំប្រទេសបេឡារុស្ស លោក Alexander Lukashenko បាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា មេទ័ពដ៏មុតស្រួចលោក Yevgeny Prigozhin បច្ចុប្បន្នមិននៅក្នុងប្រទេសបេឡារុស្សទេ ដោយបានបង្ហើបថា ស្ថាបនិកក្រុម Wagner រូបនេះអាចនឹងស្ថិតនៅក្នុងប្រទេសរុស្ស៊ី។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបេឡារុស្សលោក Lukashenko បាននិយាយថា “សម្រាប់លោក Yevgeny Prigozhin លោកបាននៅទីក្រុង St. Petersburg ចុះតើព្រឹកនេះលោកនៅឯណា? ប្រហែលជាលោកបានទៅទីក្រុងមូស្គូ រឺមួយប្រហែលជាកន្លែងផ្សេងទៀត ប៉ុន្តែលោកមិននៅលើទឹកដីនៃប្រទេសបេឡារុស្សទេ”។ បុរសខ្លាំងបេឡារុស្សរូបនេះបានបន្ថែមថា "តាមដែលខ្ញុំដឹង" អ្នកប្រយុទ្ធរបស់ក្រុម Wagner នៅតែស្ថិតនៅក្នុងជំរុំរបស់ពួកគេបន្ទាប់ពីការប្រកាសរបស់លោក Prigozhin ថាពួកគេនឹងចាកចេញពីការដើរក្បួននៅលើទីក្រុងម៉ូស្គូដើម្បីចៀសវាងការបង្ហូរឈាមបន្ថែមទៀត។ គួរបញ្ជាក់ផងដែរ កាលពីសប្តាហ៍មុន លោក Lukashenko បានអះអាងថាលោក Prigozhin បានទៅដល់ប្រទេសបេឡារុសហើយ។ ទោះបីជាយ៉ាងណាក៏ដោយ ថ្លែងទៅកាន់កាសែត POLITICO កាលពីថ្ងៃពុធ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា អ្នកប្រយុទ្ធរបស់ លោក Prigozhin មិនទាន់បានផ្លាស់លក្ខណៈទ្រង់ទ្រាយធំទៅកាន់ប្រទេសជិតខាងនោះទេ។
2. ជនសង្ស័យនៃករណីកូកាអ៊ីនក្នុងសេតវិមានប្រហែលជាមិនអាចកំនត់បាន
យោងតាមសារព័ត៌មាន Politico ចុះផ្សាយថ្ងៃទី៧ ខែកក្កដាបានអោយដឹងថា មន្ត្រីអនុវត្តច្បាប់បានបញ្ជាក់កាលពីថ្ងៃពុធថា កូកាអ៊ីនត្រូវបានរកឃើញនៅសេតវិមានកាលពីចុងសប្តាហ៍។ ប៉ុន្តែមន្ត្រីម្នាក់ដែលដឹងពីការស៊ើបអង្កេតបានអោយដឹងថាប្រភពនៃគ្រឿងញៀនទំនងជាមិនត្រូវបានគេកំណត់នោះទេ ដោយថាត្រូវបានរកឃើញនៅក្នុងទីកន្លែងដែលមានការចរាចរណ៍យ៉ាងខ្លាំងនៃការិយាល័យ West Wing របស់ប្រធានាធិបតី។ កូកាអ៊ីនបរិមាណតិចតួចត្រូវបានរកឃើញនៅក្នុងកន្លែងលាក់កំបាំងតូចមួយសម្រាប់រក្សាទុកគ្រឿងអេឡិចត្រូនិកនៅក្នុងបន្ទប់ក្រោមដី West Exec ដែលជាច្រកចូលទៅក្នុងការិយាល័យ West Wing ដែលមនុស្សជាច្រើនបានអនុញ្ញាតឱ្យចូលប្រើប្រាស់ រួមទាំងបុគ្គលិក ឬភ្ញៀវដែលចូលមកសម្រាប់ដំណើរទស្សនកិច្ច West Wing ។ ក្នុងអំឡុងពេលនៃសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធរបស់លេខាធិការសារព័ត៌មានសេតវិមាន អ្នកស្រី Karine Jean-Pierre បានបញ្ជាក់ពីការរាយការណ៍របស់ POLITICO ថាកូកាអ៊ីនត្រូវបានរកឃើញនៅក្នុងទីកន្លែងដែលមានការធ្វើដំណើរដោយបុគ្គលិក និងអ្នកទស្សនាយ៉ាងច្រើន។ អ្នកស្រីក៏បានសង្កត់ធ្ងន់ថា លោកប្រធានាធិបតី Joe Biden និងក្រុមគ្រួសាររបស់លោកក៏បានចាកចេញពីទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃសុក្រ ហើយបានត្រលប់មកវិញនៅថ្ងៃអង្គារដែរ នៅចំពេលសម្រាប់ពិធីបុណ្យប្រចាំឆ្នាំលើកទីបួននៃខែកក្កដារបស់សេតវិមាន។
3. ភាពវិលវល់ក្នុងអង្គការណាតូ
យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី៦ ខែកក្កដាបានអោយដឹងថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានបង្ហាញពីការខ្វះខាតដ៏ធំនៅក្នុងសមត្ថភាព និងស្ថាប័នឧស្សាហកម្មការពារជាតិរបស់លោកខាងលិច។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមិនបានត្រៀមខ្លួនដើម្បីប្រយុទ្ធនឹងសង្គ្រាមអូសបន្លាយនៅប៉ាស៊ីហ្វិកទេ ហើយនឹងមិនអាចតស៊ូជាមួយនឹងជម្លោះអឺរ៉ុបដ៏យូរ។ ប្រសិនបើអាមេរិកប៉ះទង្គិចជាមួយរុស្ស៊ី ឬចិនស្តុកសព្វាវុធច្បាស់ណាស់ថាអាចនឹងត្រូវប្រើអស់ត្រឹមច្រើនម៉ោង ឬច្រើនថ្ងៃ។ ការផ្គត់ផ្គង់សំខាន់ៗផ្សេងទៀតក៏នឹងអស់ក្នុងពេលឆាប់ៗផងដែរ។ ដើម្បីដោះស្រាយវិបត្តិនេះដោយមិនចាំបាច់មានការដាក់បញ្ជាឧស្សាហកម្ម ឬតំឡើងថវិកាជាតិហួសហេតុ ទីក្រុងវ៉ាស៊ីនតោននិងសម្ព័ន្ធមិត្តនឹងត្រូវព្យាយាមប្រើវិធីសាស្រ្តថ្មីៗក្នុងការអភិវឌ្ឍន៍ ការទិញ និងថែរក្សាការផ្គត់ផ្គង់យោធា។ ជាជាងដូចនៅសង្គ្រាមត្រជាក់ ក្រសួងការពារជាតិ និងមន្ទីរបញ្ចកោណគួរតែព្យាយាមរួមបញ្ចូលបច្ចេកវិទ្យាថ្មីៗទៅក្នុងកម្មវិធីយោធា។ ម្យ៉ាងទៀតក្នុងការកសាងឡើងវិញនូវឧស្សាហកម្មយោធា អាជីវកម្មខ្នាតតូចក៏ត្រូវការការយកចិត្តទុកដាក់ផងដែរ។ ក្រុមហ៊ុនការពារជាតិខ្នាតយក្សត្រូវពង្រឹងការទាញយកខ្សែសង្វាក់ផ្គត់ផ្គង់ដែលបានពង្រីកដល់អាជីវកម្មខ្នាតតូចរាប់ពាន់ដែលផ្គត់ផ្គង់ដល់ធាតុផ្សំ រឺគ្រឿងបន្លាស់ជាមូលដ្ឋាន។