1. លោកខាងលិចបានដឹងអំពីរដ្ឋប្រហារWagnerមុនពេលកើតឡើង និងពិភាក្សាអំពីអ្នកបន្តតំណែងពូទីន
យោងតាមសារព័ត៌មាន The Washington Post ចុះផ្សាយថ្ងៃទី២៤ ខែមិថុនាបានអោយដឹងថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានប្រមូលព័ត៌មានសម្ងាត់នៅពាក់កណ្តាលខែមិថុនា ដែលបង្ហាញថា មេទាហានស៊ីឈ្នួល Wagner លោក Yevgeniy Prigozhin កំពុងរៀបចំផែនការសកម្មភាពប្រដាប់អាវុធប្រឆាំងនឹងការបង្កើតកម្លាំងការពារជាតិរុស្ស៊ី ដែលលោកបានចោទប្រកាន់ជាយូរមកហើយថាបានដឹកនាំសង្គ្រាមយ៉ាងអសមត្ថភាពនៅអ៊ុយក្រែន ហើយបានជូនដំណឹងជាបន្ទាន់ទៅកាន់សេតវិមាន និងទីភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀត ដូច្នេះពួកគេនឹងបានប្រុងប្រៀបខ្លួន នេះបើតាមមន្ត្រីអាមេរិកជាច្រើននាក់បាននិយាយកាលពីថ្ងៃសៅរ៍។ ក្រុមមន្ត្រីបាននិយាយថា ពេលវេលាពិតប្រាកដនៃផែនការរបស់លោក Prigozhin គឺមិនដឹងច្បាស់លាស់នោះទេ រហូតបានដឹងនៅមិនយូរប៉ុន្មានមុនពេលបញ្ជាការយោធា និងរថក្រោះរត់ឆ្ពោះទៅដល់ទីក្រុងមូស្គូបន្តិចនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍។ មន្ត្រីដដែលបាននិយាយថា ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ មាន "ការព្រួយបារម្ភខ្ពស់" អំពីអ្វីដែលអាចនឹងកើតឡើង — ថាតើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀពូទីន នឹងបន្តកាន់អំណាចរឺទេ និងអ្វីដែលអស្ថិរភាពនេះនាំមកនូវសម្រាប់ការគ្រប់គ្រងឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកជឿថាលោកពូទីនក៏ត្រូវបានគេជូនដំណឹងជាមុនថា លោក Prigozhin កំពុងរៀបចំផែនការអ្វីមួយដែរ។ ប៉ុន្តែពួកគេនៅតែមិនច្បាស់ថាហេតុអ្វីបានជាលោកពូទីនមិនចាត់វិធានការដើម្បីរារាំងការចូលកាន់កាប់តាមបញ្ជាការយោធារបស់លោក Prigozhin ឬចំណាត់ការរបស់លោកលើទីក្រុងម៉ូស្គូអោយបានមុន។ ក្រុមមន្ត្រីបាននិយាយថា កត្តាជំរុញដ៏សំខាន់មួយសម្រាប់លោក Prigozhin គឺជាបញ្ជារបស់ក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃទី10ខែមិថុនាដែលអោយក្រុមអ្នកស្ម័គ្រចិត្តទាំងអស់នឹងត្រូវចុះកិច្ចសន្យាជាមួយរដ្ឋាភិបាល។ទោះបីជាបទបញ្ជានេះមិនបានលើកឡើងពីឈ្មោះក្រុម Wagner ក៏ដោយ ការជាប់ពាក់ព័ន្ធគឺច្បាស់លាស់ណាស់៖ ដែលមានបំណងជាការដណ្តើមយកទាហានស៊ីឈ្នួលរបស់លោក Prigozhin ដើម្បីសម្រាប់យុទ្ធនាការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន និងបានជួយធានាដល់យុទ្ធសាស្រ្តជ័យជម្នះគួរឱ្យកត់សម្គាល់មួយចំនួន។ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់បាននិយាយថាមន្ត្រីយោធាអ៊ុយក្រែនក៏បានកំពុងឃ្លាំមើលលោក Prigozhin បន្ទាប់ពីការប្រកាសថ្ងៃទី10ខែមិថុនាផងដែរ ហើយកាន់តែមានជំនឿថាលោកអាចនឹងប្រមូលផ្តុំកងកម្លាំងរបស់លោកប្រឆាំងនឹងទីក្រុងម៉ូស្គូ។
2. អ៊ុយក្រែនគួរតែឃ្លាំមើលប្រធានក្រុម Wagner ដែលនិរទេសចេញយ៉ាងប្រុងប្រយ័ត្ន
យោងតាមសារព័ត៌មាន Sky News ចុះផ្សាយថ្ងៃទី២៦ ខែមិថុនាបានអោយដឹងថា អតីតមេទ័ពអង់គ្លេសបានប្រាប់សារព័ត៌មាន Sky News ថាអ៊ុយក្រែនស្ថិតក្នុងទីតាំងសមរភូមិដ៏រឹងមាំមួយប្រឆាំងនឹងការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី ប៉ុន្តែការនិរទេសមេដឹកនាំទាហានស៊ីឈ្នួលឧទ្ទាមទៅប្រទេសបេឡារុស្សដែលនៅជិតខាងនោះបង្កការគំរាមកំហែងដ៏មានសក្តានុពលថ្មីមួយ។ លោក Lord Dannatt បាននិយាយថារដ្ឋាភិបាលទីក្រុង Kyiv គួរតែការពារប្រឆាំងនឹងការវាយប្រហារឆ្លងព្រំដែនពីលោក Yevgeny Prigozhin និងក្រុម Wagner របស់លោក។ អតីតប្រធានអគ្គសេនាធិការរូបនេះបាននិយាយទៅកាន់អ្នកស្រី Sophy Ridge នៅក្នុងកម្មវិធីថ្ងៃអាទិត្យបន្ទាប់ពីមានភាពចលាចលនៅក្នុងប្រទេសរុស្ស៊ីបង្កឡើងដោយកងទ័ពឯកជនរបស់លោក Prigozhin នៅលើទីក្រុងម៉ូស្គូ។ លោក Lord Dannatt បានបន្តថា"ប្រសិនបើលោកបានទៅប្រទេសបេឡារុស្ស ហើយបានរក្សាកម្លាំងប្រយុទ្ធដ៏មានប្រសិទ្ធភាពនៅជុំវិញលោក នោះលោកបង្ហាញការគំរាមកំហែងម្តងទៀតចំពោះអ៊ុយក្រែនដែលនៅជិតបំផុតជាមួយទីក្រុង Kyiv ដែលជាកន្លែងដែលអ្វីៗទាំងអស់នេះបានចាប់ផ្តើមនៅថ្ងៃទី24ខែកុម្ភៈឆ្នាំមុន។ អ៊ុយក្រែនត្រូវការឃ្លាំមើលយ៉ាងប្រុងប្រយ័ត្ន និងធ្វើឱ្យប្រាកដថាពួកគេបានទទួលនូវសមយុទ្ធគ្រប់គ្រាន់ដែលពួកគេអាចទប់ទល់នឹងការវាយប្រហារជាថ្មីពីទិសដៅនៃប្រទេសបេឡារុស្ស។"
3. ពូទីនពិភាក្សារឿងប៉ុនប៉ងបះបោរជាមួយ Erdogan
យោងតាមសារព័ត៌មាន RT ចុះផ្សាយថ្ងៃទី២៥ ខែមិថុនាបានអោយដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយជាមួយប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan កាលពីថ្ងៃសៅរ៍ ដោយពិភាក្សាអំពីការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដែលធ្វើឡើងដោយក្រុមហ៊ុនយោធាឯកជន Wagner ។ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ លោក ពូទីន បានពន្យល់ប្រាប់មេដឹកនាំទួរគីអំពី "ការប៉ុនប៉ងបះបោរប្រដាប់អាវុធ" នៅក្នុងប្រទេសរុស្ស៊ី។ យោងតាមវិមានក្រឹមឡាំង លោក Erdogan បានសម្តែង"ការគាំទ្រយ៉ាងពេញទំហឹងចំពោះជំហានដែលធ្វើឡើងដោយអាជ្ញាធររុស្ស៊ី"។ ការិយាល័យរបស់លោក Erdogan បាននិយាយថា ប្រធានាធិបតីទួរគី "បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការធ្វើសកម្មភាពប្រកបដោយសុភវិនិច្ឆ័យ"។ លោក Erdogan បាននិយាយថា«វាត្រូវបានសង្កត់ធ្ងន់ក្នុងអំឡុងពេលហៅតាមទូរស័ព្ទថាគ្មាននរណាម្នាក់គួរតែសំរេចឡើងដោយផ្អែកលើខ្លួនគេនោះទេដើម្បីចាត់វិធានការចំពោះមុខសំរាប់ស្ថានការណ៍ក្នុងប្រទេសរុស្ស៊ីនោះ»។ លោកបានបន្ថែមថា ទួរគីបានត្រៀមខ្លួនជាស្រេចដើម្បី"បំពេញតួនាទីផ្នែករបស់ពួកយើងដើម្បីឱ្យឧប្បត្តិហេតុនេះត្រូវបានដោះស្រាយដោយស្ងប់ស្ងាត់ និងសន្តិភាព"។