1. ជម្លោះក្រុមWagnerនឹងកងទ័ពរុស្ស៊ីកាន់តែតានតឹងដោយផ្ទុះការបាញ់ប្រហារ
យោងតាមសារព័ត៌មាន Politico ចុះផ្សាយថ្ងៃទី៥ ខែមិថុនាបានអោយដឹងថា ជម្លោះរវាងទាហានស៊ីឈ្នួលនៃក្រុម Wagner និងកងទ័ពរុស្ស៊ីធម្មតា ហាក់ដូចជាកំពុងកើនឡើង ខណៈពេលមានសេចក្តីរាយការណ៍អំពីការផ្លាស់ប្តូរការបាញ់ប្រហារកាលពីពេលថ្មីៗនេះ។ ក្រុមទាហានស៊ីឈ្នួលបានអះអាងកាលពីល្ងាចថ្ងៃអាទិត្យថា ទាហានរុស្ស៊ីបានបាញ់ប្រហារទៅលើទាហាន Wagner នៅជិតតំបន់ Bakhmut និងបានបំផ្លាញរថយន្តដឹកទំនិញមួយគ្រឿង។ ជាប្រតិកម្មតបទៅវិញ Wagner បានអះអាងថាខ្លួនបានឃុំខ្លួនមេបញ្ជាការកងពលតូចទី ៧២ របស់កងទ័ពរុស្ស៊ីកាលពីថ្ងៃច័ន្ទ ដោយបានបញ្ចេញវីដេអូមួយបង្ហាញពីលោកសារភាពថាខ្លួនពិតជាបានចេញបញ្ជាឱ្យគេបាញ់លើរថយន្តរបស់ទាហានស៊ីឈ្នួលមែនដោយអះអាងថា លោកធ្វើដូច្នេះខណៈក្នុងពេលស្រវឹង ព្រោះតែលោកខ្លួនឯងផ្ទាល់មិនចូលចិត្តក្រុមនេះ។ សេចក្តីថ្លែងការណ៍បានបង្ហាញថា កងកម្លាំង Wagner ពេលនោះកំពុងចាប់ផ្តើមបោសសម្អាតមីនចេញពីផ្លូវនៃតំបន់ Opytnoye និង Ozarianovka ប៉ុន្តែត្រូវបានបញ្ឈប់សកម្មភាពបន្ទាប់ពីមានការផ្ទុះ "អាវុធតូច" ចេញពីកងពលតូចកងទ័ពរុស្ស៊ីនៅទីក្រុង Semigorje ។ យោងតាមសេចក្តីថ្លែងការណ៍របស់ Wagner បានឱ្យដឹងថាមិនមាននរណាម្នាក់រងរបួសនៅក្នុងការវាយប្រហារដែលបានបំផ្លាញរថយន្តបំរើសេវាកម្មនេះទេ។
2. អង្គភាពបង្វឹកដោយណាតួនឹងបំរើការវាយបកសម្រាប់អ៊ុយក្រែន
យោងតាមសារព័ត៌មាន The Washington Post ចុះផ្សាយថ្ងៃទី៤ ខែមិថុនាបានអោយដឹងថាខណៈដែលអង្គភាពអ៊ុយក្រែនផ្សេងទៀតកំពុងប្រយុទ្ធដើម្បីបណ្តេញអ្នកទន្រ្ទានរុស្ស៊ីចេញពីភាគខាងកើត និងខាងត្បូងរបស់ប្រទេសនេះ កងពលតូចមេកានិចដាច់ដោយឡែកទី 47 ថ្មីកំពុងរៀបចំសម្រាប់ដំណាក់កាលបន្ទាប់នៃសង្រ្គាម ដោយបានរៀនចេញពីថ្នាក់នៅឯមូលដ្ឋានណាតូក្នុងប្រទេសអាល្លឺម៉ង់។ ភាពជាអ្នកដឹកនាំរបស់កងពលតូចបានបណ្តុះបណ្តាលជាមួយកុំព្យូទ័រដែលអាចក្លែងធ្វើជាស្ថានភាពដូចពួកគេអាចប្រឈមក្នុងជីវិតពិត។ មេបញ្ជាការរងលោក Maj. Ivan Shalamaha និងអ្នកផ្សេងទៀតបានរៀបចំការគ្រោងទុកការវាយលុករបស់ពួកគេ ហើយបន្ទាប់មកក៏បានឱ្យកម្មវិធីបង្ហាញនូវលទ្ធផល — របៀបដែលសត្រូវរុស្ស៊ីរបស់ពួកគេអាចឆ្លើយតប ក៏ដូចជាទីតាំងដែលពួកគេអាចធ្វើការវាយលុក និងកន្លែងដែលពួកគេអាចនឹងរងការខាតបង់។ គោលដៅមួយនៃការហ្វឹកហ្វឺនគឺដើម្បីបង្រៀនទាហានអ៊ុយក្រែនពីរបៀបធ្វើការវាយលុកដែលគ្រោងទុក។ អស់រយៈពេលជាច្រើនឆ្នាំយោធាអ៊ុយក្រែនបានផ្តោតជាសំខាន់លើយុទ្ធសាស្ត្រការពារ - ដូចជារបៀបការពារទឹកដីរបស់ខ្លួនពីការវាយប្រហារប៉ុណ្ណោះ។
អ៊ុយក្រែនបណ្តុះភ្នាក់ងារបំផ្លាញនៅរុស្ស៊ីហើយប្រគល់ដ្រូនសម្រាប់វាយប្រហារ
យោងតាមសារព័ត៌មាន CNN ចុះផ្សាយថ្ងៃទី៥ ខែមិថុនាបានអោយដឹងថា អ៊ុយក្រែនបានបណ្ដុះបណ្តាញភ្នាក់ងារ និងរនុកក្នុងជាច្រើននៅក្នុងប្រទេសរុស្ស៊ីដែលកំពុងធ្វើការដើម្បីបំផ្លិចបំផ្លាញប្រឆាំងនឹងគោលដៅមួយចំនួនរបស់រុស្ស៊ី ហើយបានចាប់ផ្តើមប្រគល់ឱ្យពួកគេនូវដ្រូនដើម្បីធ្វើការវាយប្រហារនោះ។ មន្ត្រីអាមេរិកបានជឿជាក់ថាក្រុមភ្នាក់ងារគាំទ្រអ៊ុយក្រែននៅក្នុងប្រទេសរុស្ស៊ីទាំងនេះហើយដែលបានធ្វើការវាយប្រហារដោយដ្រូនសំដៅមកលើវិមានក្រឹមឡាំងកាលពីដើមខែឧសភាកន្លងទៅ ដោយបានបាញ់បង្ហោះដ្រូនពីក្នុងប្រទេសរុស្ស៊ីតែម្តងជាជាងបាញ់ពួកវាពីអ៊ុយក្រែនមកទីក្រុងមូស្គូ។ មិនច្បាស់ទេថាតើការវាយប្រហារដោយដ្រូនផ្សេងទៀតដែលធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ រួមទាំងការវាយប្រហារមួយសំដៅមកលើសង្កាត់លំនៅដ្ឋានជិតទីក្រុងមូស្គូ និងការវាយប្រហារមួយផ្សេងទៀតលើរោងចក្រចម្រាញ់ប្រេងនៅភាគខាងត្បូងនៃប្រទេសរុស្ស៊ីសុទ្ធសឹងត្រូវបានធ្វើឡើងពីខាងក្នុងប្រទេសរុស្ស៊ី ឬធ្វើឡើងដោយបណ្តាញប្រតិបត្តិករគាំទ្រអ៊ុយក្រែននេះដែររឺទេ។ ប៉ុន្តែក្រុមមន្ត្រីអាមេរិកជឿថាអ៊ុយក្រែនបានបង្កើតកោសិកាបំផ្លិចបំផ្លាញនៅក្នុងប្រទេសរុស្ស៊ី ដែលបង្កើតឡើងដោយក្រុមរនុកក្នុងគាំទ្រអ៊ុយក្រែន និងភ្នាក់ងារដែលត្រូវបានបណ្តុះបណ្តាលយ៉ាងល្អនៅក្នុងសង្គ្រាមប្រភេទនេះ។