World-
Vladimir Putin បានរៀបចំប្រកាសនូវសង្រ្គាមពេញទំហឹងជាមួយអ៊ុយក្រែនខណៈដែលមេបញ្ជាការរបស់លោកបានស្វែងរកសំណងត្រឡប់មកវិញចំពោះការបរាជ័យនៃការឈ្លានពានរបស់ខ្លួន បើយោលទៅតាមប្រភពរុស្សីនិងមន្ត្រីលោកខាងលិច។ មេបញ្ជាការដែលស្រងាកចិត្តរូបនេះ បានជំរុញឲ្យលោកប្រធានាធិបតីទម្លាក់ចោលនូវពាក្យ "ប្រតិបត្តិការពិសេស" និងជំនួសមកវិញដោយពាកប្រកាសសង្រ្គាមពេញទំហឹងដែលនឹងបញ្ជូនទ័ពនិងអាវុធយុទ្ធភ័ណ្ឌពេញទំហឹងតែម្តង។ នៅពេលដែលរថក្រោះត្រូវបានបញ្ជូនចូលទៅអ៊ុយក្រែននៅចុងខែកុម្ភះ Putin បានហៅវាថាជាប្រតិបត្តិការពិសេស។
“យោធាមានការក្តៅក្រហល់ក្រហាយចំពោះការខកខាននិងបរាជ័យក្នុងការចូលកាន់កាប់ទីក្រុង Kyiv” ប្រភពមួយដែលស្និទ្ធិនឹងយោធារុស្សីបានប្រាប់ Telegraph “យោធានៅក្នុងជួរកងទ័ពស្វែងរកការសំណងនៃការបរាជ័យពីអតីត ហើយពួកគេចង់ចូលជ្រៅទៅក្នុងអ៊ុយក្រែនម្តងទៀត” វាហាក់ដូចជាការអំពាវនាវរបស់ពួកគេត្រូវបានលឺ។ រដ្ឋមន្ត្រីក្រសួងការពារប្រទេសអង់គ្លេស Ben Wallace កាលពីថ្ងៃព្រហស្បត៍បាននិយាយថា Putin ទំនងជានឹងប្រកាសជ្រើសរើសកងទ័ពរុស្សីជាទូទាំងប្រទេសមួយដើម្បីបំពេញនូវការខូចខាតកន្លងមក។
“លោកប្រហែលជា នឹងប្រកាសដែលយើងទាំងអស់គ្នាដឹងថាវាជាសង្រ្គាមប្រឆាំងនឹងពួក Nazis ហើយយើងត្រូវការជ្រើសរើសកងទ័ពពីក្នុងចំណោមពលរដ្ឋរុស្សី” Wallace បាននិយាយ។ លោករដ្ឋមន្ត្រីក្រសួងការពារជាតិបានបន្ថែមថា ការប្រកាសនេះនឹងអាចលេចចេញមកនៅថ្ងៃទី៩ ឧសភា នៅពេលដែលរុស្សីប្រកាសប្រារព្ធនូវពិធីជ័យជំនះរបស់សហភាពសូវៀតលើពួក Nazi អាល្លឺម៉ង់។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ វិមានក្រឹមឡាំងបានបង្ហូរឲ្យកងទ័ពនូវការសសើរនិងមូលនិធិដើម្បីជាការលើកទឹកចិត្តចំពោះកងទ័ព។
ការពង្រឹងកងទ័ពឥឡូវនេះបានបង្ហាញឲ្យមានការស្រងាកចិត្តជាមួយនឹងការធ្លាក់ចុះនៃការលុកលុយរបស់ Putin នៅផ្នែកខាងកើតនៃអ៊ុយក្រែន នៅពេលដែលទីក្រុងមូស្គូបានសម្លឹងមើលនឹងចាប់យកទីក្រុង Kyiv នៅពេលដែលសង្រ្គាមបានចាប់ផ្តើមឡើង។ Igor Girkin មន្ត្រីចារកម្មដែលចូលនិវត្តិន៍ដែលមានឈ្មោះល្បីល្បាញក្នុងការដឹកនាំកងកម្លាំងបំបែករដ្ឋនៅប៉ែកខាងកើតអ៊ុយក្រែន មុនពេលដែលលោកត្រូវបានហៅឲ្យត្រឡប់ទៅទីក្រុងមូស្គូវិញ ក្នុងឆ្នាំ២០១៤ បានស្តីបន្ទោសចំពោះទីក្រុងមូស្គូថាមានជំហរទន់ភ្លន់ជាមួយអ៊ុយក្រែនតាមប្រព័ន្ធអនឡាញរបស់លោក៕