បន្ទាប់ពីលោក ចូសែប ស្តាលីន មក ពូទីន គឺជាមេដឹកនាំដែលកាន់អំណាចយូរជាងគេបំផុតរបស់សហព័ន្ទរុស្ស៊ី ប៉ុន្តែលោកជាមនុស្សដែលអាថ៍កំបាំងហើយ ជីវីតឯកជនរបស់លោកត្រូវបានលាក់ទុកក្នុងសភាពសម្ងាត់បំផុត។ ដូច្នេះ តើលោកពូទីនជានរណា មានប្រវត្តិការងារនិងជីវិតស្នេហាបែបណា? សូមរីករាយសណ្តាប់នូវប្រវត្តិរបស់លោកទាំងអស់គ្នា៖
ជីវប្រវត្តិសង្ខេប
លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) កើតនៅថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៥២ ក្នុងគ្រួសារកម្មករមួយនៅទីក្រុង លេនីនហ្គ្រាដ (Leningrad) (ឥឡូវទីក្រុងសាំង ប៉េតើស្បឹក-Saint Petersburg) ប្រទេសរុស្ស៊ី។ គាត់ជាកូនទោលនៅក្នុងគ្រួសារ បន្ទាប់ពីបងប្រុសទាំងពីររបស់គាត់បានស្លាប់ នៅពេលដែលគាត់មិនទាន់បានកើតមកម៉្លេះ។ ឪពុករបស់គាត់ឈ្មោះ វ្ល៉ាឌីមៀ (Vladimir) ជាមេការនៅក្នុងរោងចក្រដែក ហើយធ្លាប់ជាអតីតយុទ្ធជននៃកងទ័ពជើងទឹករបស់សហភាពសូវៀតក្នុងសម័យសង្គ្រាមលោកលើកទីពីរផងដែរ។ គាត់បានស្លាប់នៅខែសីហា ឆ្នាំ១៩៩៩ ហើយជាពេលដែលកូនប្រុសរបស់គាត់ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីរបស់រុស្ស៊ី។ ម្តាយរបស់គាត់ឈ្មោះ មា៉រីយ៉ា ស្ហែឡូម៉ូវ៉ា (Maria Shelomova) ជាស្រ្តីមេផ្ទះ ហើយគាត់ជាមនុស្សចិត្តល្អ និងសប្បុរសម្នាក់។ គាត់បានស្លាប់មួយឆ្នាំកន្លះមុនពេលនោះ។
កាលពីក្មេង កុមារពូទីន ជាក្មេងតាមចិញ្ចើមផ្លូវ មាឌល្អិតតូចគ្មានសាច់ឈាម និងតែងតែត្រូវបានគេធ្វើបាប។ នៅអាយុ១១ឆ្នាំ កុមារ ពូទីន បានចូលហាត់កីឡា យូដូ តែម្តាយរបស់គាត់មិនពេញចិត្តទេ។ នៅអាយុ១៦ឆ្នាំ គាត់បានក្លាយជាអ្នកស្ទាត់ជំនាញលំដាប់កំពូលនៅ Sambo ដែលជាការរួមបញ្ចូលគ្នានៃយូដូ និងចំបាប់របស់រុស្ស៊ី។ នៅពេលបន្ទាប់ គាត់បានចូលរៀននៅវិទ្យាល័យដ៏ល្បីមួយគឺសាលា ២៨១ ដែលសាលានេះទទួលយកតែសិស្សដែលមានពិន្ទុជិតល្អឥតខ្ចោះតែប៉ុណ្ណោះ ហើយសាលានេះគឺជាស្ថាប័នតែមួយគត់ដែលសង្កត់ធ្ងន់លើមុខវិទ្យាគីមីវិទ្យា ហើយដែលត្រូវនឹងចំណាប់អារម្មណ៍របស់ពូទីន។ បន្ទប់មក លោកបានដូរទៅរៀនខាងសិល្បៈសេរី និងជីវវិទ្យាវិញ។ ដោយសារតែការចាប់អារម្មណ៍នឹងភាពយន្តចារកម្ម គាត់បានប្រាថ្នាចង់ក្លាយជាភ្នាក់ងារ កាហ្សេបេតាំងពីតូច (KGB)។ នៅឆ្នាំ១៩៧៤ គាត់បានក្លាយជាជើងឯកយូដូរបស់សាកលវិទ្យាល័យ រដ្ឋលេនីនហ្គ្រាដ (Leningrad State) ហើយនៅឆ្នាំ១៩៧៥ គាត់បានបញ្ចប់ការសិក្សាពីនាយកដ្ឋានច្បាប់ ហើយក្រោយមកទៀតគាត់បានបញ្ចប់ថ្នាក់បណ្ឌិតខាងសេដ្ឋកិច្ចផងដែរ។ មិនតែប៉ុណ្ណោះ គាត់អាចនិយាយបានបីភាសាយ៉ាងស្ទាត់ជំនាញ៖ ភាសារុស្ស៊ី អង់គ្លេស និងអាល្លឺម៉ង់ ព្រមទាំងភាសាមួយចំនួនផ្សេងទៀត។
ប្រវត្តិស្នេហា និងគ្រួសារ
ជីវិតស្នេហារបស់លោកពូទីន គឺពោរពេញទៅដោយភាពអាថ៍កំបាំង ហើយលោកតែងតែព្យាយាមលាក់ការសម្ងាត់ពីសាធារណៈជនជាពិសេសចាប់តាំងពីគាត់បានប្រកាសលែងលះភរិយារបស់គាត់ លុដមីឡា (Lyudmila) នៅក្នុងឆ្នាំ ២០១៣។ គួរបញ្ជាក់ដែរថា លោកពូទីន បានជួបនិងរៀបការជាមួយភរិយារបស់គាត់ដែលជាអតីតគ្រូបង្រៀនភាសាបារាំង និងភាសាអង់គ្លេស ហើយក៏ជាអតីតអ្នកបម្រើនៅលើយន្តហោះដែរ នៅដើមទសវត្សន៍ឆ្នាំ ១៩៨០។ ចំណងអាពាពិពាហ៍របស់ពួកគេបានបន្សល់ទុកនូវកូនស្រីពីររូបគឺ ម៉ារីយ៉ា (Maria) កើតនៅប្រទេសរុស្ស៊ីក្នុងឆ្នាំ១៩៨៥ និង កាតើរីណា (Katerina) កើតនៅប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ ១៩៨៦។ មូលហេតុដែលពួកគេលែងលះគ្នាគឺដោយសារតែការរស់នៅមិនចុះសម្រុងនឹងគ្នា ពីព្រោះតាមរយៈ Lyudmila បាននិយាយថា “អាពាពិពាហ៍របស់យើងត្រូវបានបញ្ចប់គឺដោយសារតែយើងមិនសូវបានជួបមុខគ្នា” ហើយពូទីនបាននិយាយថាវាគឺជា “ការសម្រេចចិត្តរួមគ្នា”។
ប្រវត្តិការងារមុននិងក្រោយពេលចូលប្រឡូកក្នុងនយោបាយ
1. ជាភ្នាក់ងារ កាហ្សេបេ (KGB)
លោកពូទីនបានបម្រើការងារអស់រយៈពេល ១៥ឆ្នាំ ជាមន្រ្តីចារកម្មបរទេសឲ្យ កាហ្សេបេ (KGB) (គណៈកម្មាធិការសន្តិសុខរដ្ឋ - Committee for State Security) ពោលគឺចាប់ពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៧០ ហើយត្រូវបានបញ្ជូនទៅទីក្រុង ដ្រែសដែន (Dresden) ហើយបន្ទាប់មកទៅអាល្លឺម៉ង់ខាងកើតពីឆ្នាំ ១៩៨៥ ដល់ឆ្នាំ ១៩៩០ នៅខណៈពេលដែលអំណាចរបស់សហភាពសូវៀតកំពុងដួលរលំ។ ហើយលោកបាន លាលែងពីតំណែងនេះក្នុងឆ្នាំ ១៩៩១ ដើម្បីបន្តអាជីពនយោបាយ។
2. ការងារក្រោយពីការចូលនិវត្តន៍នៅកាហ្សេបេ
នៅឆ្នាំ១៩៩០ គាត់បានលាលែងឈប់ពីកាហ្សេបេក្នុងតំណែងជាវរសេនីយ៍ទោ ហើយបានត្រឡប់ទៅរុស្ស៊ីវិញ ដើម្បីទទួលការងារជាសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ រដ្ឋលេនីនហ្គ្រាដ ដែលទទួលខុសត្រូវសម្រាប់ទំនាក់ទំនងខាងក្រៅរបស់ស្ថាប័ន។ បន្ទាប់មកគាត់បានក្លាយជាទីប្រឹក្សារបស់លោក សូបឆាក (Sobchak) ដែលជាអភិបាលក្រុង សាំង ប៉េតើស្បឺហ្គ (Saint Petersburg)។ នៅឆ្នាំ1994 គាត់បានឡើងកាន់តំណែងជាអភិបាលរងទី1។ នៅឆ្នាំ1996 លោកពូទីនបានផ្លាស់ទៅទីក្រុងមូស្គូ ជាកន្លែងដែលគាត់បានចូលរួមជាមួយបុគ្គលិក ប្រធានាធិបតីជាអនុប្រធាន ប៉ាវិល បូរូដីន (Pavel Borodin) ដែលជាប្រធានរដ្ឋបាលរបស់វិមានក្រឹមឡាំង។ នៅទីនោះពូទីនចាប់ផ្តើមមានភាពស្និទ្ធស្នាលនឹងសមមិត្ត លេនីនហ្គ្រាដឺ អាណាតូលី ឆុបៃ (Leningrader Anatoly Chubais) ហើយបានឡើងកាន់តំណែងរដ្ឋបាល។ នៅខែកក្កដា ឆ្នាំ១៩៩៨ លោកប្រធានាធិបតី បូរី យែ៉លត៍ស៊ីន (Boris Yeltsin) បានតែងតាំងលោក Putin ជានាយកសេវាសន្តិសុខសហព័ន្ធ (FSB; អ្នកស្នងតំណែងក្នុងស្រុករបស់ KGB) ហើយមិនយូរប៉ុន្មាន គាត់បានក្លាយជាលេខាធិការ នៃក្រុមប្រឹក្សាសន្តិសុខដ៏មានឥទ្ធិពល។ នៅឆ្នាំ ១៩៩៩ លោក បូរី យែ៉លត៍ស៊ីន បានតែងតាំង លោកពូទីនជានាយករដ្ឋមន្រ្តី។ ទោះជាយ៉ាងក៏ដោយ លោកពូទីន ចាប់ផ្តើមមានកិត្តិនាមល្បីល្បាញ នៅពេលដែលគាត់ទទួលបានជោគជ័យនៅក្នុងការរៀបចំប្រតិបត្តិការយោធា ដើម្បីប្រឆាំងនឹងពួកឧទ្ទាមផ្តាច់ទឹកដីនៅ ឆេឆនីយ៉ា (Chechnya)។
3. ការងារជាប្រធានាធិបតីនៅអាណត្តិទី១ និងទី២
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៩ លោក ពូទីន ត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទី ក្រោយពីលោកប្រធានាធិបតី Yeltsin បានប្រកាសលាលែងពីតំណែងដោយមិនបានរំពឹងទុកជាមុន។ តាមរយៈការសន្យាថានឹងព្យាយាមកសាងប្រទេសរុស្ស៊ីឲ្យខ្លាំងឡើងវិញ លោកពូទីន បានឈ្នះយ៉ាងងាយស្រួលនូវការបោះឆ្នោតខែមីនា ឆ្នាំ២០០០ ដែលទទួលបានសំឡេងប្រហែល ៥៣ភាគរយ។ ដោយទទួលបានជោគជ័យនៅក្នុងការធ្វើកំណែទម្រង់សេដ្ឋកិច្ច លោកពូទីន បានជាប់ក្នុងការបោះឆ្នោតសារជាថ្មីយ៉ាងងាយស្រួលនៅក្នុងខែមីនា ឆ្នាំ២០០៤ ហើយការបោះឆ្នោតសភាក្នុងខែធ្នូ ឆ្នាំ២០០៧ គណបក្សរបស់លោកគឺ United Russia បានឈ្នះអាសនៈភាគច្រើនយ៉ាងលើសលប់។ តែដោយសារបទប្បញ្ញត្តិរដ្ឋធម្មនុញ្ញកំណត់ឲ្យកាន់តំណែងបានតែ២អាណត្តិ លោកពូទីនបានបង្ខំចិត្តចុះចេញពីតំណែងនៅឆ្នាំ២០០៨ ហើយតែងតាំងលោក Dmitry Medvedev ជាអ្នកស្នងតំណែងជំនួស។
4. ពូទីន ជានាយករដ្ឋមន្ត្រី
ភ្លាមៗបន្ទាប់ពីលោក Medvedev បានឈ្នះការបោះឆ្នោតប្រធានាធិបតីខែមីនា ឆ្នាំ2008 លោក Putin បានប្រកាសថាលោកបានទទួលយកតំណែងជាប្រធានគណបក្ស United Russia។ បន្ទាប់មកលោក Medvedev បានតែងតាំងលោក Putin ជានាយករដ្ឋមន្ត្រីក្នុងរយៈពេលប៉ុន្មានម៉ោងនៃការចូលកាន់តំណែងនៅថ្ងៃទី7 ខែឧសភា ឆ្នាំ 2008។
5. លោក ពូទីន ជាប់ឆ្នោតជាប្រធានាធិបតីម្តងទៀតក្នុងអាណត្តិទីបី
នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១២ លោក ពូទីន ត្រូវបានជាប់ឆ្នោត ហើយស្បថចូលកាន់តំណែងប្រធានាធិបតីម្តងទៀតក្នុងអាណត្តិទីបី នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០១២។ បន្ទាប់មក លោកបានប្រគល់អំណាចគ្រប់គ្រងបក្សទៅឲ្យ លោក Medvedev និងបានតែងតាំងលោកជានាយករដ្ឋមន្រ្តី។
6. លោកពូទីនក្នុងអាណត្តិទីបួន និងការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ
លោកពូទីនបានជាប់ឆ្នោតម្តងទៀតជាប្រធានាធិបតីរបស់រុស្ស៊ី បន្ទាប់ពីការបោះឆ្នោតនៅថ្ងៃទី18 ខែមីនា ឆ្នាំ 2018។ នៅក្នុងអាណត្តិនេះ លោក ពូទីននៅតែដណ្តើមបានសន្លឹកឆ្នោតយ៉ាងច្រើនលើសលប់ បើទោះបីជាមានបញ្ហាចម្រូងចម្រាសខ្លះក៏ដោយ។ នៅឆ្នាំ2021 បន្ទាប់ពីការធ្វើប្រជាមតិ គាត់បានចុះហត្ថលេខាលើវិសោធនកម្មរដ្ឋធម្មនុញ្ញទៅជាច្បាប់ ដែលអាចអនុញ្ញាតឱ្យគាត់ឈរឈ្មោះជាប្រធានាធិបតីពីរដងបន្ថែមទៀត ដែលអាចមានសក្តានុពលពង្រីកការគ្រប់គ្រងរបស់គាត់ដល់ឆ្នាំ 2036។
ទ្រព្យសម្បតិ្តរបស់លោក ពូទីន
ដោយយោងទៅតាមលោក Bill Browder ដែលមានលំនៅដ្ឋាននៅទីក្រុងឡុងដ៍ ហើយដែលធ្លាប់ជាអ្នកគ្រប់គ្រងលុយបរទេសដ៏ធំបំផុតនៅទីក្រុងមូស្គូ បានប្រាប់គណៈកម្មាធិការតុលាការរបស់ព្រឹទ្ធសភាអាមេរិកក្នុងឆ្នាំ2017 ថាលោកពូទីនគឺជា “បុរសដែលមានជាងគេបំផុតម្នាក់ក្នុងពិភពលោក”។ ទោះជាយ៉ាងណាក៏ដោយ លោកពូទីនធ្លាប់បានប្រកាសប្រាក់ចំណូលប្រចាំឆ្នាំចំនួន ៩.៧ លានរូប៊ីរុស្ស៊ី (១៣៣,៤០០ ដុល្លារអាមេរិក) សម្រាប់ឆ្នាំ២០១៩។ បើយោងទៅតាមទីភ្នាក់ងារព័ត៌មាន TASS ទ្រព្យទាំងនោះរួមមាន៖ ផ្ទះល្វែងរុស្ស៊ីចំនួនពីរ ឡាន Volga GAZ M21 ចាស់ពីរ ឡានម៉ាក Niva SUV និងឈុតខ្លីៗ។ ចំណែក មេដឹកនាំបក្សប្រឆាំង ដែលកំពុងជាប់ពន្ធនាគារ គឺលោក អាឡិចស៊ី ណាវ៉ានី (Alexei Navalny) ក៏ធ្លាប់បានអះអាងថា លោកពូទីនមានទ្រព្យសម្បត្តិប្រណីតនៅលើសមុទ្រខ្មៅ ដែលមានតម្លៃ ១.៣៥ ពាន់លានដុល្លារអាមេរិក ហើយទ្រព្យសម្បត្តិទាំងនេះមានទំហំ ៣៩ ដងនៃទំហំ Monaco ហើយមានកាស៊ីណូមួយនៅខាងក្នុងវិមានទំហំ ៩០,៤២៤ Square Feet រួមជាមួយនឹងកន្លែងជិះស្គីទឹកកក និងចំការទំពាំងបាយជូរ៕
បកប្រែដោយ៖ ម៉ៅ គុយដង់