បន្ទាប់ពីអាល់ប៊ុម«White Night»របស់លោក Taeyang ដែលចេញផ្សាយកាលពី៥ឆ្នាំកន្លងទៅ មានការទន្ទឹងរង់ចាំយ៉ាងខ្លាំងចំពោះការ Comeback នូវបទចម្រៀងថ្មីរបស់លោកនៅដើមឆ្នាំ២០២៣នេះ។ ការរង់ចាំបទចម្រៀងដំបូងរបស់លោកបន្ទាប់ពីអស់រយៈពេល៥ឆ្នាំបានធ្វើអោយអ្នកគាំទ្រកាន់តែរំភើបជាន់រំភើបនៅពេលដែល Teaser បទចម្រៀងថ្មីរបស់លោកចំណងជើងថា«VIBE»មានការចូលរួមសម្តែងដោយលោក Jiminនៃក្រុមចម្រៀង BTS ផងដែរ និងទទួលបានការគាំទ្រយ៉ាងលើសលប់អាចឈរនៅលើលេខរៀងកំពូលនៃតារាង iTune ក្រោយការចេញផ្សាយរយៈពេលមួយថ្ងៃប៉ុណ្ណោះ។
លោក Taeyang ត្រូវបានប្រកាសស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនចំរៀង THEBLACKLABEL វិញដែលមានទំនាក់ទំនងនឹងក្រុមហ៊ុនចំរៀងដើមរបស់លោក YG Entertainment ដែរកាលពីឆ្នាំ២០២២។ កាលពីថ្ងៃទី១៣ ខែមករាកន្លងទៅនេះ លោក Taeyang បានធ្វើការចេញផ្សាយបទចម្រៀងដំបូងរបស់លោកបន្ទាប់ពីរយៈពេល៥ឆ្នាំនៅក្នុងផលិតកម្មថ្មីដែលមានចំណងជើងថា «VIBE» ដោយមានចូលរួមសម្តែងផ្ទាល់ពីលោក Jimin នៃក្រុមចម្រៀង BTS ដែលមកពីក្រុមហ៊ុនចំរៀង Big Hit Entertainment ផងដែរ។ បទចម្រៀងមួយនេះមិនត្រឹមតែលោតដល់កំពូលនៅលើតារាងចម្រៀងក្នុងស្រុកប្រទេសកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែក៏លោតយ៉ាងរហ័សឈរនៅលើលំដាប់កំពូលនៃតារាង iTunes នៅក្នុងបណ្តាប្រទេសមួយចំនួនផងដែរ។ យោងទៅតាមផលិតកម្ម THEBLACKLABEL នៅព្រឹកថ្ងៃទី១៤ ខែមករា បទចម្រៀងមួយនេះទទួលបានចំណាត់ថ្នាក់លេខ១ហើយនៅលើតារាង iTunes Top Songs នៅក្នុងចំណោមយ៉ាងហោចណាស់៦០តំបន់នៅលើពិភពលោក ហើយចំនួននេះនឹងបន្តកើនឡើងទៀតផងដែរ។ តើការរួមសហការរវាងផលិតកម្មទាំងពីរនេះមានអត្ថន័យយ៉ាងណាទៅ?
ការរួមបញ្ចូលរបស់អ្នកទាំងពីរបានបង្ហាញអំពីការនាំយកភាពដឹកនាំនៃសិល្បៈK-pop រលកជំនាន់ទី២ និងទី៣មកសហការគ្នា និងបានលាតត្រដាងក្តីស្រលាញ់របស់ពួកគេតាមរយៈសំរស់ទិដ្ឋភាពទីក្រុង Seoul និងពាក្យពេចន៍បទចម្រៀងលន្លង់លន្លោចរបស់អ្នកទាំងពីរទៀតផង។