ព្រះសីហនុ៖ ប្រជាពលរដ្ឋ ជាមាតាបិតា អាណាព្យាបាល បានសំណូមពរដល់សមត្ថកិច្ចជំនាញឱ្យត្រួតពិនិត្យ នឹងចាត់វិធានការ លើថ្នាំជក់ប្រភេទថ្មី ឬបារីអេឡិកត្រូនិក (Vape) ព្រោះកំពុងពង្វក់យុវជនជាខ្លាំង។
នាពេលថ្មីៗនេះ មានការសំណូមពរដល់សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ឱ្យពិនិត្យ នឹងចាត់វិធានការ លើករណីថ្នាំជក់ប្រភេទថ្មី ឬបារីអេឡិកត្រូនិក (Vape) ខណៈកំពុងពង្វក់យុវជន ឱ្យប្រើប្រាស់ ហើយបង្កក្ដីបារម្ភជាខ្លាំង។
ជុំវិញបញ្ហានេះ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រោយទទួលបានការសំណូមពរ ដល់សមត្ថកិច្ចជំនាញរួចមក សមត្ថកិច្ចនគរបាលខេត្ត នឹងចូលរួមលើការងារនេះ។
គួរកត់សម្គាល់ថា ការប្រើប្រាស់បារីប្រភេទថ្មី ឬបារីអេឡិកត្រូនិក (Vape) ក្នុងពេលបច្ចុប្បន្នហាក់មានសន្ទុះកើនឡើង ហើយអ្នកប្រើប្រាស់ភាគច្រើនជាយុវជន។ការស្រាវជ្រាវខ្លះបានឱ្យដឹងថា ការប្រើប្រាស់បារីប្រភេទថ្មីនេះ គឺផ្តល់ឥទ្ធិពលអាក្រក់ ហើយក៏ជាច្រកមួយដែលអាចឆ្ពោះទៅកាន់ការប្រើប្រាស់គ្រឿងញៀន ផងដែរ៕