កាលពីពេលថ្មីៗនេះ លោក វណ្ណថាន ទើបតែត្រលប់មកពីសម្តែងនៅឯមហោស្រពតន្ត្រី Maho Rasop Festival នៅប្រទេសថៃ ដោយលោកទទួលបានការស្រលាញ់ និងគាំទ្រជាខ្លាំងចំពោះចម្រៀងនិងសមត្ថភាព លេងឧបករណ៏តន្រ្តីខ្មែររបស់លោក។
បន្ទាប់ពីត្រលប់មកដល់មាតុភូមិវិញ លោកក៏បានឡើងសម្តែងបទ “Time To Rise” ជាមួយលោក វណ្ណដា និងសិល្បករផលិតកម្មបារមីដូចជា Polarix និង Sophia Kao ដោយលោក ទទួលបានចំណាប់អារម្មណ៏ជាពិសេសពីទស្សនិកជន សម្រាប់ទេពកោសល្យដ៏អស្ចារ្យរបស់លោក ក្នុងការផ្លុំខ្លុយ យ៉ាងពិរោះក្រលួចពេញពហុកីឡដ្ឋានជាតិមរតកតេជោ ។
មិនយូរប៉ុន្មានលោកក៏បានត្រលប់ទៅប្រទេសថៃវិញជាមួយលោក វណ្ណដា ដើម្បីធ្វើការប្រគំតន្រ្ដីខ្នាតយក្សមួយទៀតគឺ Big Mountain Music Festival ដែលមានមនុស្សចូលរួមប្រហែល ៩០០០០ ទៅ ១០០០០០ នាក់។
យ៉ាងណាមិញប្រជាប្រិយភាពរបស់លោកវណ្ណថាននៅប្រទេសថៃកាន់តែមានសន្ទុះខ្លាំងនៅឡើយ ដោយលោកនឹងបន្ដការសម្តែងនៅមហោស្រពតន្រ្តីយក្ស Wonderfruit Music Festival ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២២ នេះដែលនឹងមានអ្នកចូលរួមទស្សនាច្រើនជាង ២៥០០០ នាក់ហើយមានសិល្បករល្បីៗមកពី តំបន់ផ្សេងៗគ្នាជាច្រើនចូលរួមសម្តែងនៅលើឆាកចំនួន ២០ ផ្សេងៗគ្នាដែលគេបានរៀបចំឡើងក្នុងទីតាំងកម្មវិធី។
គួរបញ្ជាក់ថានេះជាកម្មវិធីមហោស្រពតន្រ្តីដ៏ធំ និងមានឥទ្ធិពលជាខ្លាំងនៅតំបន់អាសុីទាំងមូល ហើយយើងសង្កេត ឃើញថា លោក វណ្ណថាន ដែលជាតារាចម្រៀង អ្នកនិពន្ធ និងតន្ត្រីករដ៏មានទេពកោសល្យប្រចាំផលិតកម្មបារមី ទទួលបានការគាំទ្រយ៉ាងខ្លាំងនាចុងឆ្នាំ 2022 នេះ។