កាលពីថ្មីៗនេះ លោកវណ្ណថាន ដែលជាសិល្បករមួយរូបមកពីផលិតកម្មបារមី បានធ្វើការបង្ហេាះវីឌីអូបទចំរៀង Time To Rise លក្ខណៈបែប Acoustic Version ដោយប្រើប្រាស់ឧបករណ៏តន្រ្តីខ្មែរចាប៉ីដងវែងសុទ្ធនៅក្នុងគណនី TikTok របស់លោកដែលមានឈ្មេាះថា vanthanofficial ដែលបានក្លាយជាវីដេអូដែលមានការ Reach ច្រើនជាងគេរបស់លោករហូតទៅដល់៩០ម៉ឺននាក់ត្រឹមរយៈពេល១ថ្ងៃ។ គួរបញ្ជាក់ផងដែរ លោកវណ្ណថានជាសិល្បករមួយរូបប្រចាំផលិតកម្មបារមីដែលមានពហុទេពកោសល្យដូចជាជាតន្រ្តីករផង ជាអ្នកសរសេរទំនុកច្រៀងផង រួមទាំងជាតារាចម្រៀងម្នាក់ផងដែរ។ នៅក្នុងការបង្ហេាះវីឌីអូរបស់លោកនេាះ មានរូបលោកផ្ទាល់ជាអ្នកលេងឧបករណ៍តន្រ្តីបុរាណចាប៉ីដងវែងតាមចង្វាក់បទ TimeToRise និងមានរូបលោកវណ្ណដាអង្គុយច្រៀងផ្ទាល់នូវបទមួយនេះរយៈពេលមួយនាទីជាង។ទស្សនិកដែលបានឃើញការសម្តែងរបស់ពួកគេទាំងពីរនៅក្នុងបណ្តាញសង្គម TikTok បានកោតសរសើរអំពីសមត្ថភាពនៃការលេងឧបករណ៏បុរាណខ្មែរបានយ៉ាងល្អរបស់លោកវណ្ណថាន។ អ្នកគាំទ្រជាច្រើននាក់បានបន្តសរសើរថាសិល្បករទាំងពីររូបនេះពិតជាអាចនាំដួងវិញ្ញាណកូនខ្មែរវិលត្រលប់ទៅជំនាន់បុរាណ និងស្ញប់ស្ញែងទឹកដៃស្នាដៃសិល្បៈបុរាណរបស់ខ្មែរ។
ម្យ៉ាងវិញទៀតផងដែរ ពួកគេថែមទាំងយល់ឃើញថាការរួមបញ្ចូលគ្នារវាងភ្លេងខ្មែរបុរាណជាមួយនឹងសិល្បៈ Hip Hopជំនាន់ថ្មីនេះ ពិតជាផ្តល់រសជាតិថ្មីមួយបែប សក្តិសមគ្នានិងពិរេាះ ហើយថែមទាំងអាចឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិតរបស់សិល្បៈខ្មែរបានទៀតផង។ មានអ្នកគាំទ្រមួយចំនួនទៀតចង់ស្តាប់បទចំរៀង Time To Rise នេះពេញក្នុង Version ភ្លេងចាប៉ីដងវែងសុទ្ធ ក៏បានស្នើរសុំអោយពួកគេទាំងពីរនាក់ធ្វើការសម្តែងជាមួយគ្នា និងបង្កើតបទចំរៀងនេះអោយបានពេញមកដើម្បីពួកគេស្តាប់កំសាន្ត។ គួរអោយចាប់អារម្មណ៍ផងដែរក្នុងដំណើរការងារសិល្បៈរបស់លោកវណ្ណថាន លោកមានបំណងចង់រក្សាមរតកកេរតំណែលសិល្បៈភ្លេងបុរាណរបស់ខ្មែរ ម្ល៉េាះហើយកន្លងមកលោកតែងតែប្រគុំភ្លេងខ្មែរចែកជូនប្រិយមិត្តទស្សនា ក៏ដូចជាធ្វើការ Cover បទចំរៀងមួយចំនួនតាមរយៈការលេងឧបករណ៍តន្រ្តីបុរាណរបស់លោកដូចជាបទផ្តាំមុនលារបស់លោក ខាន ខាវ សៀវភៅកំនត់ហេតុស្នេហ៍របស់ក្រុមក្មេងខ្មែរជាដើម។យ៉ាងណាមិញ! លោកវណ្ណថាន ក៏ជាសិល្បៈមួយរូបដែលនឹង Perform ជាមួយលោកវណ្ណដានៅឯការប្រគុំតន្រ្តីទេសចរណ៏ខាងមុខនេះផងដែរ សង្ឃឹមថាយើងទាំងអស់គ្នា! នឹងអាចទស្សនានូវការសម្តែងបទចម្រៀង Time to Rise ដោយលេងចាប៉ីដងវែងសុទ្ធនេះពេញតែម្តងនៅឆាកសម្តែងរួមគ្នាជាមួយលោកវណ្ណដា។