កាលពីថ្ងៃទី២ ខែមេសាកន្លងទៅនេះ លោកវណ្ណថានបានធ្វើការទំលាក់បទចម្រៀងថ្មីមួយមានចំណងជើងថា«សមុទ្រស្នេហ៍» ដែលជាការរួមសហការគ្នារវាងលោក អ្នកនាងខាត់សុឃីម និងលោក YCN Rakhie។ បណ្តាអ្នកគាំទ្រមួយចំនួនសង្កេតឃើញថានេះគឺជាការរួមសហការគ្នាយ៉ាងល្អរវាងសិល្បករជំនាន់ថ្មី និងសិល្បករជំនាន់មុនមកក្នុងបទចម្រៀងតែមួយនេះ។ ខណៈជាមួយគ្នានេះផងដែរ កាលពីថ្ងៃពុធកន្លងទៅនេះ ទស្សនាវដ្តី HipHopDX Asia ក៏បានធ្វើការចុះផ្សាយព័ត៌មានអំពីនៃការចេញបទចម្រៀងថ្មីរបស់លោកវណ្ណថានរួមគ្នាជាមួយនឹងសិល្បករទាំងពីរផងដែរ ដោយបញ្ចេញ Hightlight ខ្លីនៃបទចំរៀងរបស់ពួកគេ រួមជាមួយនឹងខេបសិនខ្លឹមសារឡើងថា«Cambodian multi-instrumentalist and producer Vanthan is back with “សមុទ្រស្នេហ៍”»។ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកវណ្ណថានផ្ទាល់ លោកបានរៀបរាប់អោយដឹងថានេះគឺជាលើកទី១ហើយដែលលោកបានចូលរួមសហការផលិតបទចម្រៀងជាមួយនឹងសិល្បការិនីសិស្សច្បង ហើយលោកពិតជាសប្បាយចិត្តដែលការសហការនេះកើតមានឡើង។ គួរអោយចាប់អារម្មណ៍ផងដែរថា ការសហការរវាងលោកវណ្ណថាន និងអ្នកនាងខាត់សុឃីមពិតជាសក្តិសមនឹងគ្នាខ្លាំងណាស់ ដោយពួកគេទាំងពីរសុទ្ធតែមានជំនាញក្នុងការលេងឧបករណ៍ខ្មែរបុរាណដូចគ្នា។ យ៉ាងណាមិញផងដែរ ខណៈដែលលោក YCN Rakhie ក៏ទើបតែបានចេញផ្សាយបទចំរៀងថ្មី«១០»របស់លោកតាមពីក្រោយនេះ១ថ្ងៃ សង្កេតឃើញថាវាជារឿងប្រសើរមួយ ដែលទស្សនិកជនអាចឃើញសកម្មភាពការងារសិល្បៈរបស់លោក Rakhie កាន់តែច្រើនឡើង។ កត់សម្គាល់ឃើញផងដែរថា មកទល់ពេលនេះបទចម្រៀងរបស់ពួកគេទទួលបានការចូលទស្សនាជិត១សែនទស្សនាហើយនៅលើយូធូបក្នុងរយៈពេល៣ថ្ងៃប៉ុណ្ណោះ។