ការពេញនិយមបទចម្រៀងនីមួយៗគឺបានផ្ទុះឡើងជារៀងរាល់ខែតែម្តង សង្កេតឃើញថាកាលពី២ខែកន្លងទៅនេះ បទចម្រៀង«កំលោះស្រុកខ្មែរ» របស់លោកវណ្ណថានរួមជាមួយនឹងលោកវណ្ណដាគឺទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង លុះឈានចូលមកដល់ខែបន្ទាប់នេះ បទចម្រៀង«កំរ» របស់លោក YCN Tomie និង Mut Phearin ក៏ចាប់ផ្តើមមានសន្ទុះការគាំទ្រតាមមកពីក្រោយដែរ។
យ៉ាងណាមិញផងដែរ កាលពីពេលថ្មីៗនេះ បន្ទាប់ពីម្ចាស់បទ«កំរ» លោក YCN Tomie បានត្រលប់មកក្នុង Spotlight ម្តងទៀតដើម្បីប្រកាសសម្តែងការអរគុណចំពោះការគាំទ្រដ៏លើសលប់ទៅលើបទចម្រៀងមួយនេះរបស់លោក ម្ចាស់បទចម្រៀង«កំលោះស្រុកខ្មែរ» លោកវណ្ណថានឯណោះវិញក៏ហាក់ដូចជាកំពុងតែបានត្រៀមខ្លះៗជាការពន្ញាក់អារម្មណ៍អ្នកគាំទ្រជាមួយនឹងការ Cover បទចម្រៀងកំពុងពេញនិយមនាពេលនេះ។
គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី១៥ ខែឧសភាកន្លងទៅនេះ លោក YCN Tomie ទើបតែបានប្រកាសសម្តែងការអរគុណចំពោះការចូលទស្សនាបទចម្រៀង«កំរ» របស់លោកនៅលើយូធូប ដែលពេលនេះទទួលបានចំនួនទស្សនារហូតដល់៣លានដងហើយនៅក្នុងរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ។
ចំណែកកាលពីយប់ថ្ងៃសុក្រ ទី២ ខែមិថុនាកន្លងទៅនេះ លោកវណ្ណថានដែលជាសិល្បកររួមផលិតកម្មបារមីជាមួយនឹងគ្នា ក៏បានជ្រើសរើសយកបទ«កំរ»របស់លោកមួយនេះទៅ Cover សម្តែងនៅក្នុងការប្រគំតន្រ្តីផ្ទាល់ខ្លួនមួយរបស់លោកផងដែរនៅឯ EDM 3 Lounge។ អ្វីដែលពិសេសនោះគឺលោកថែមទាំងបានច្នៃច្រៀងបទ«កំរ» នោះជាមួយនឹងការលេងឧបករណ៍តន្រ្តីភ្លេងខ្មែរទៀតផង ដែលធ្វើអោយស្តាប់ទៅពិរោះមួយបែបទៀត។ ចុះទស្សនិកជនវិញយល់ឃើញយ៉ាងណាចំពោះការ Cover បទ«កំរ» របស់លោក?