តារាចម្រៀងជាច្រើននៅសព្វថ្ងៃនេះ តែងតែខិតខំស្វែងរកអ្វីដែលថ្មី និងការពេញនិយមដើម្បីដាក់បញ្ចូលនៅក្នុងស្នាដៃសិល្បៈរបស់ពួកគេ។ សិល្បៈករថ្មីថ្មោងសុទ្ធសឹងតែអាចជួបប្រទះនឹងការលំបាកមួយចំនួន ដូចជា ការតាក់តែងនិពន្ធ ការច្នៃប្រឌិត និង ប្រភេទតន្ត្រី ដើម្បីធ្វើអោយការងារសិល្បៈរបស់ខ្លួនប្លែកពីតារាចម្រៀងឬសិល្បៈករដទៃ។
ការផលិតចម្រៀងដែលអាចទាញចំណាប់អារម្មណ៏ពីសំណាក់មហាជន ពុំមែនជាអ្វីដែលលំបាកពេកនោះទេ តែការកសាងកេរ្តិ៍ឈ្មោះនៃការផលិតចម្រៀង ដែលធ្វើអោយមនុស្សគ្រប់គ្នាទទួលស្គាល់ត្រឹមតែ១០វិនាទីដំបូង ទើបជារឿងលំបាក។ តទៅនេះខ្ញុំបាទនឹងធ្វើការបកស្រាយបញ្ជាក់នូវរូបមន្តសំខាន់ៗមួយចំនួន នៃការតាក់តែងនិពន្ធចម្រៀងរបស់ លោក វណ្ណដា ដែលធ្វើមហាជនគ្រប់រូបឈ្លក់វង្វេង ដកចិត្តមិនរួច។
1. បង្កើតភាពទាក់ទាញក្នុងចំណុចផ្តើមនៃចម្រៀង (Intro Hook)
ប្រភេទចម្រៀងបែប Rap មានរចនាសម្ធ័ន្ធមិនដូចគ្នាទៅនឹងប្រភេទបទចម្រៀង Pop នោះទេ។ ប្រភេទចម្រៀង Rap ជាទូទៅមានការបញ្ចូលគ្នារវាងផ្នែកផ្នែក៣សំខាន់ៗ ដែលមានដូចជា Intro, Chorus និង Verse ។ Structure ទាំងអស់នេះអាចមានការប្រែប្រួលអាស្រ័យលើការចង់បានរបស់អ្នកផលិតចម្រៀង ប៉ុន្តែមានតារាចម្រៀងជាច្រើនដូចជា Nicki Minaj, Cardi B, Eminem, Jay-Z និងតារារ៉េបជាច្រើនទៀត តែងតែយកលំនាំនេះជាគោល។ ការបង្តើតនូវចំណាប់ទៅកាន់អ្នកស្តាប់ នៅក្នុង Intro គឺជារឿងសំខាន់បំផុត ព្រោះថាអ្នកស្តាប់អាចធ្វើការវាយតម្លៃត្រឹមតែ ៥ទៅ១០វិនាទីដំបូង នៅពេលដែលពួកគេលឺដំបូង ដើម្បីសម្រេចចិត្តថា នឹងគួរស្តាប់បន្តទៀតឬអត់។ ការបង្តើតវាអាចនឹងមានលក្ខណៈសាមញ្ញ ងាយៗនិងទាក់ទាញដូចជា ការបង្កើតឃ្លា Ta rahng Ta ranhg ra… (Intro ដែលមានក្នុងបទ Born This Way), ឬឃ្លាប្រយោគថា ឈឺទេ ឈឺទេ……. (បទឈឺទេ) ឬគ្រាន់តែជាចង្វាក់ចម្រៀងភ្លេងទទេ ដូចជាបទ Solo Again ក៏ប្រើប្រាស់បានផងដែរ។
2. ចំណុចរ៉ូហ្វាំងកាន់ជិតកាន់តែល្អ
មនុស្សសម័យនេះកាន់តែរវល់ចូលចិត្តអ្វីដែលលឿន មិនថាប្រភេទចម្រៀងណានោះទេ អ្នកតែងនិពន្ធតែងតែចង់អោយចំណុច Chorus ឬចំណុចនៃ R នៃចម្រៀងខិតជិតកាន់ខ្លី មុនពេលដែលអ្នកស្តាប់ធុញទ្រាន់។ ចំនុចរ៉ូហ្វាំងគឺជាចំណុចពិសេស និងសំខាន់ជាងគេមួយក្នុងចំណោមផ្នែកទាំងអស់នៃចម្រៀង។ បន្ទាប់ពីការបង្កើតអោយមានចំនុច Intro ដែលអាចទាញចំណាប់ទាក់ទាញដល់អ្នកស្តាប់រួចហើយ ការទាញចូលនូវ Chorus កាន់តែឆាប់កាន់តែល្អពោលគឺមិនអោយលើសពី១នាទី។
3. ភាពស្រដៀងគ្នានៃផ្នែក Verse និង Chorus
ក្តីស្រមៃនៃអ្នកនិពន្ធគឺចង់ឃើញអ្នកស្តាប់បទចម្រៀងរបស់ខ្លួន បានស្តាប់ពីដើមរហូតដល់ចប់។ ភាពខុសគ្នាខ្លាំងពេកនៃ Melody រវាង Verse&Chorus អាចជះឥទ្ធិពលអាក្រក់ដល់ការផ្ចង់អារម្មណ៏របស់ស្តាប់។ អ្នកស្តាប់ទាំងអស់នឹងអាចមានអារម្មណ៏ថា មានភាពស្មុគស្មាញ និងរំខាន ដោយសារតែ Melody ដែលពួកគេកំពុងចូលចិត្ត ឬផ្ចង់អារម្មណ៍បែរជាត្រូវផ្លាស់ប្តូរទៅកាន់ Melody ថ្មីមួយទៀតដែលពួកគេទាន់ត្រៀមខ្លួនរួចរាល់។ លោក វណ្ណដា ជ្រើសយកតិចនិកនេះ មកអនុវត្តនៅក្នុងបទចម្រៀងរបស់ខ្លួន ពិតជាវិធីដ៏ល្អមួយ ដែលអាចធ្វើអ្នកស្តាប់នូវតែពេញចិត្តរាល់វគ្គទាំងអស់ និងស្ទើរតែមិនដឹងថា ខ្លួនកំពុងស្តាប់ចំនុចណានោះទេ។
4. ផ្នែក Bridge ឬ Key Change
បទចម្រៀងសម័យទំនើបជាពិសេសប្រភេទបែប POP មិនអាចខ្វះបាននៅផ្នែកដ៏សំខាន់នេះនោះទេ។ កន្លែង bridge មិនមានលក្ខណៈដូចគ្នាទៅនឹងផ្នែកផ្សេងៗនៃបទចម្រៀងនោះឡើយ វាមានលក្ខណៈខ្លី និងបានបន្ថែមនូវរសជាតិនៃបទចម្រៀងទាំងមូលមិនអោយមានភាពច្រំដែល បន្ទាប់ពីការ Play ដល់វគ្គទី២។ លោកវណ្ណដាមិនត្រឹមតែបានយកផ្នែកដ៏សំខាន់នេះមកធ្វើអោយបទចម្រៀងនិមួយៗរបស់លោក កាន់តែមានភាពទាក់ទាញ និងកុំអោយមានភាពធុញទ្រាន់នោះទេ តែត្រង់ចំណុចនេះលោកអាចបន្ថែមអត្ថន័យនៃសារដែលលោកចង់និយាយបន្ថែមទៀតផងដែរ។
5. ជ្រើសរើសឧបករណ៍ភ្លេងតែមួយគត់ដើម្បីដឹកនាំបទភ្លេង
អ្នកនិពន្ធជាច្រើនតែងតែចង់អោយបទចម្រៀងរបស់ខ្លួនមានសន្ទុះការគាំទ្រច្រើន ក្នុងស្រទាប់មិត្តយុវវ័យ ទើបជាហេតុធ្វើអោយពួកគេខិតខំជ្រើសរើសសំលេងឧបករណ៏តន្ត្រីជាច្រើនមុខ មកដាក់បញ្ចូលរួមគ្នា។ ការធ្វើបែបនេះមិនតែធ្វើអោយបទភ្លេងពិបាកស្តាប់ប៉ុណ្ណោះទេ វាក៏អាចធ្វើអោយអ្នកស្តាប់មិនអាចដាក់អារម្មណ៏បានទៅតាមបទចម្រៀង និងបរិយាកាសនៃបទចម្រៀងទាំងមូល ពីព្រោះរាល់ឧបករណ៍តន្រ្តីទាំងអស់សុទ្ធសឹងតែមានមនោសញ្ចេតនា និងអារម្មណ៏ខុសគ្នាៗ។ ជាក់ស្តែងដូចជាបទ Time To Rise លោកបានជ្រើសរើសសំឡេង ឧបករណ៍ចាប៉ីដងវែងមករួមបញ្ចូលគ្នា ដើម្បីបង្កើតបរិយាកាសនៃវប្បធម៌បុរាណរបស់ខ្មែរ។ សម្រាប់បទ Khmer Blood លោកបានលាយបញ្ចូលគ្នារវាងសំឡេង លន់លឺរបស់ស្គរ ដើម្បីបង្កើនរស់ជាតិនៃបទចម្រៀងនេះអោយកាន់តែមានភាពអង់អាច និងក្លាហាន។
6. ឃ្លាប្រយោគថ្មីនិងមុតស្រួច
ថ្វីត្បិតតែបទចម្រៀងរបស់លោក ភាគច្រើនជាប្រភេទបទសម័យទំនើបដែលប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច ដើម្បីផលិតនិងមានសម្លេង Beat ច្រើនក៏ពិតមែន ប៉ុន្តែអ្នកស្តាប់មិនអាចប្រកែកចំពោះពាក្យពេចន៏ប្រយោគ ដែលចាក់ដោតរបស់លោកបាននោះទេ។ រាល់ឃ្លាឬប្រយោគនៃបទចម្រៀងសុទ្ធសឹងតែអាចក្លាយជា Trending Caption ដើម្បីចែករំលែកភាពរីករាយ នេះក៏ព្រោះតែ Lyric របស់លោកមានលក្ខណៈមុចស្រួច និងចំៗអន្ថន័យដែលធ្វើអោយអ្នកស្តាប់ងាយនឹងចាប់បាននូវអត្ថន័យ ដែលលោកអ្នកនិយាយដោយចំណាយពេលតិចបំផុត៕
7. ការដាក់បញ្ចូលបន្ថែមជាមួយសម្លេង Sound Effect
រាល់ខ្សែរភាពយន្ត ដែលបានចាក់នៅរោងភាពយន្ត សុទ្ធសឹងតែមិនអាចខ្វះបាននូវការដាក់បញ្ចូលនូវសម្លេងនាៗដាក់ពាក់ព័ន្ធជាមួយប្លង់ថត។ មិនមានសិល្បៈករច្រើននោះទេដែលបាននឹកឃើញទិកនិកថ្មីមួយនេះ៕ ជាក់ស្តែង លោកវណ្ណដា បានដាក់បញ្ចូលបន្ថែមនូវ សម្លេងសត្វឥន្រ្ទី ដើម្បីបង្កើនរសជាតិក្នុងបទចម្រៀង Time to Rise អោយកាន់តែពិសេសថែមមួយកម្រិតទៀត។ ចំណែកឯនៅក្នុង បទស្រណោះ លោកបានយកសម្លេងរបស់មនុស្សម្នាក់ដែលបានស្រែកថា ត្រង់កន្លែងពោលចុងក្រោយរបស់លោក អេមណាស់ណាស់និងចង់អោយលោកច្រៀងម្តងទៀត។ ត្រង់ចំនុចបានបង្កើតអោយមានភាពកម្លុកកំប្លែងនិងភាពថ្នៃប្រឌិតដើម្បីញ៉ឹងបរិយាកាសអោយកាន់តែសប្បាយរីករាយទៅកាន់អ្នកស្តាប់ផងដែរ។
សរសេរនិងរៀបរៀងដោយ ណាន់សំណាង (Calvin Nann)