តារាចម្រៀងល្បីប្រចាំប្រទេសកម្ពុជា និងសិល្បករឆ្នើមប្រចាំអាស៊ានលោក វណ្ណដា នឹងធ្វើការត្រលប់មកវិញបន្ទាប់ការរង់ចាំជាយូរ ជាមួយនិងអាល់ប៊ុមថ្មី “SKULL ២ី” (រដូវកាលទី ១) ដែលនឹងធ្វើការចេញជាផ្លូវការនាថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ!
គម្រោងអាល់ប៊ុមទី ២ នេះនឹងធ្វើការចេញជាផ្លូវការនៅលើប្រព័ន្ធសេវាកម្មចម្រៀងឌីជីថល (Digital Streaming Platforms) មានដូចជា Spotify, Apple Music/itunes នៅថ្ងៃទី១ ខែកក្កដាខាងមុខនេះ ហើយនឹងធ្វើការបញ្ចេញនៅលើ YouTube នាថ្ងៃទី៣ ខែកក្កដា ជាមួយនិងការបកប្រែជាភាសាអង់គ្លេសទាំងអស់។ វណ្ណដាបានផ្ដោតសំខាន់ជាមួយអាល់ប៊ុមថ្មីនេះទៅលើសេវាកម្មចម្រៀងឌីជីថល ផ្សេងៗ (DSPs) គឺ ដើម្បីបង្កើនទស្សនិកជនអ្នកស្ដាប់បន្ដឆ្ពោះទៅជាសិល្បករអន្ដរជាតិដែលទទួលបានការសាទរ និងជាសិល្បករមួយដែលទទួលបានការគោរពពីអន្ដរជាតិ។ ដូចដែលបានបញ្ជាក់នៅខាងលើអាល់ប៊ុម SKULL ២ី របស់លោក នឹងត្រូវបំបែកទៅជារដូវកាល ហើយនឹងកំពុងធ្វើការចេញផ្សាយពីរដូវកាលទី១ ផងដែរ។
ការរង់ចាំអស់រយៈពេល ២ ឆ្នាំបន្ទាប់ពីការចេញអាល់ប៊ុមទី១ $KULLTHEALBUM របស់វណ្ណដា កាលពី ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២០ នៅចំកណ្ដាលនៃការរាតត្បាត កូវីដ ១៩។ តារារ៉េប និងផលិតករដ៏ឆ្នើមវណ្ណដាបានធ្វើឲ្យមានការភ្ញាក់ផ្អើលទូទាំងប្រទេស និងទទួលបានអ្នកគាំទ្រពីអន្ដរជាតិផងដែរ ជាមួយនិងការផលិតបទចម្រៀងសុីជម្រៅដែលអាចប៉ះដល់បេះដូងអ្នកគាំទ្រ។ ទន្ទឹមនឹងនោះ អាល់ប៊ុម original របស់វណ្ណដាបានផ្ដល់នូវ ភាពកក់ក្ដៅ និង ការលួងលោមដល់អ្នកគាំទ្រក្នុងប្រទេសកម្ពុជា ខណៈពេលដែលមនុស្សជាច្រើនកំពុងតែជាប់ក្នុងការបិទខ្ទប់ដោយសារតែ កូវីដ ១៩។ នៅក្នុងរយៈពេល២ឆ្នាំដ៏ខ្លីនេះ វណ្ណដា បានទទួលបានការគាំទ្រហួសពីការស្មានក្នុងនាមជាសិល្បករក្នុងស្រុក ជាមួយនឹង អ្នកតាមដានចំនួន ៣ លាននាក់នៅក្នុងគេហទំព័រ YouTube ដែលនេះជាចំនួនលេខដ៏គួរឲ្យកត់សម្គាល់សម្រាប់សិល្បករទោលនៅក្នុងប្រទេសដែលមានប្រជាជនត្រឹមតែ១៦ លាននាក់។
នៅឆ្នាំ ២០២១ ភាពល្បីល្បាញរបស់វណ្ណដាបានផ្ទុះឡើង ទាំងក្នុងប្រទេស និងឆាកអន្តរជាតិ ជាមួយនឹងបទ “Time to Rise” ដោយមានការចូលរួមរបស់ព្រឹទ្ធាចារ្យ គង់ ណៃ ហើយបច្ចុប្បន្ននេះ បទចម្រៀងនេះទទួលបានការទស្សនារហូតដល់ទៅជាង ៩៣ លានដង នៅគេហទំព័រ YouTube។
ចម្រៀងមួយបទនេះបានក្លាយទៅជាបទដ៏ល្បីរន្ទឺរបស់វណ្ណដា ដែលទទួលបានពានរង្វាន់២ ពី LiFTED Asia Magazine ៖ ជា “បទចម្រៀងប្រចាំឆ្នាំ ២០២១ និង ជាវីដេអូចម្រៀងប្រចាំឆ្នាំ២០២១”។ ថ្មីៗនេះផងដែរ វណ្ណដា ក៏ត្រូវបាន LiFTED Asia Magazine ផ្ដល់តំណែងជាតារា Hip-hop កំពូលទី ៦ ប្រចាំអាស៊ី ក្នុងចំណោម ៥០ នៃតារាល្បីៗផ្សេងទៀត ដូចជា Jay Park Rich Brian និង Epik High។
នៅខែមេសា ឆ្នាំ ២០២២ វណ្ណដាបានបំបែកព្រំដែនតន្រ្ដីម្ដងទៀត ដោយធ្វើការសហការ ជាមួយកំពូលតារាចម្រៀងរ៉េបរបស់ប្រទេសថៃ គឺ លោក F.Hero នៅក្នុងបទ “Run The Town” រួមជាមួយ Sprite និង 1Mill ។ ចម្រៀងមួយបទនេះជា បទបែប Hip-hop ដោយមានការរួមបញ្ចូល ឧបករណ៍តន្ដ្រីបុរាណនិងសម័យរបស់ប្រទេសថៃនិងកម្ពុជា ហើយបទនេះគឺជាការបង្ហាញការសហការទ្រង់ទ្រាយធំមួយដើម្បីបង្កើនទំនាក់ទំនង និង មិត្តភាពរវាង ប្រទេសកម្ពុជា និងប្រទេសថៃ។ បទចម្រៀងនេះក៏បានសបង្ហាញពីឥទ្ធិពលនៃការចាប់ដៃសហការ និងការរីកដុះដាលនៃសម្លេង Hiphop ជាមួយនឹងការជាប់ចំណាត់ថ្នាក់ទី ៥៤ ជាសកលលោក (54th Top Global Music Video) នៅលើគេហទំព័រ YouTube។ SKULL ២ី (រដូវកាលទី ១) គឺជាចំណុចចាប់ផ្ដើមនៃជំហានថ្មីមួយទៀតរបស់ វណ្ណដាក្នុងវិថីសិល្បៈ។
នៅឆ្នាំ ២០២០ វណ្ណដាត្រូវបានគេស្គាល់ថាជាសិល្បករជើងថ្មីដែលបើកទំព័រប្រវត្តិសាស្ត្រសិល្បៈនៅកម្ពុជា ហើយបច្ចុប្បន្ននេះវណ្ណដាបានក្លាយជាតារាជ័យលាភីប្រចាំប្រទេសម្នាក់ដែលនឹងនាំយកទីផ្សារចម្រៀងខ្មែរទៅកាន់ឆាកអន្តរជាតិ។ ជាមួយនឹងការចេញផ្សាយ SKULL ២ី (រដូវកាលទី១) នៅថ្ងៃទី០១ កក្កដា ខាងមុខនេះ វណ្ណដានឹងជម្រុញចក្ខុវិស័យ ក្នុងឱកាសមួយដែលសិល្បករខ្មែរយើងមិនធ្លាប់មានពីមុនមកដើម្បីវាយលុក ទីផ្សារតន្ត្រីអន្តរជាតិតាមរយៈការបង្កើនកេរ្តិ៍ឈ្មោះ និងកិត្តិនាមនៅលើប្រព័ន្ធសេវាកម្មចម្រៀងឌីជីថល (DSPs) នៅកម្ពុជា។
Published by Calvin Nann, Video Editing by: Bou Saroeun